
យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយដែលចូលរួមការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០២២នេះ បានកំពុងដំណើរការទៅនោះ រូបថតមួយសន្លឹក បង្ហាញតារាចម្រៀងស្រីកូរ៉េម្នាក់បានពាក់អាវមានរូបសញ្ញាគណបក្សភ្លើងទៀន ត្រូវបានបង្ហោះទៅលើបណ្ដាញសង្គមហ្វេសប៊ុក។ រូបថតនេះ ត្រូវបានចែកចាយ និងប្រតិកម្មជាច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរនាពេលថ្មីៗនេះ។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកនោះ គឺជារូបថតកាត់ត។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពតារាចម្រៀងស្រីកូវ៉េ បានពាក់អាវដែលមានស្លាកសញ្ញាគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀន គឺជាគណបក្សប្រឆាំងមួយ ដែលបានដាក់បេក្ខជនជាង ១,៦០០ឃុំសង្កាត់ នៅ២៥ខេត្តក្រុង ក្នុងចំណោមឃុំសង្កាត់ ១,៦៥២ ដោយចំនួននេះគឺនៅក្រោមតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ។
រូបថតមួយសន្លឹកនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយនឹងការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ខាងលើ ដែលបានសរសេររៀបរាប់ថា «អូន ស្រឡាញ់ គណបក្ស ភ្លើងទៀន និងស្រលាញ់គ្រួសារ ភ្លើងទៀន ស្លាប់ដើម្បីជាតិ ការពារទឹកដី ទោះជាអូន ក្ស័យក៏អូនពេញចិត្ត»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថត ដែលត្រូវបានបង្ហោះខាងលើនេះ តាមរយៈ Google Reverse Image Search នាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមានទម្រង់ និងសណ្ឋានដូចគ្នា បានរកឃើញនៅលើគេហទំព័រ FillGap News។ គេហទំព័រដដែលនេះ ពុំបានបង្ហាញទិដ្ឋភាពតារាចម្រៀងស្រីកូរ៉េ Nancy Jewel បានពាក់អាវដែលមានស្លាកគណបក្សភ្លើងទៀននោះឡើយ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រខាងលើ ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Another name in the list of top 10 most beautiful faces in the world in 2021 is Nancy Jewel» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «ឈ្មោះមួយទៀតក្នុងបញ្ជីមុខមាត់ស្អាតបំផុតទាំង១០ ក្នុងពិភពលោកឆ្នាំ២០២១ គឺ Nancy Jewel»។

ដូចគ្នានេះ តាមរយៈគេហទំព័រ YouTubers Bio ក៏បានបង្ហាញរូបថតមួយសន្លឹកដូចគ្នាផងដែរ ដោយពុំបានបង្ហាញតារាចម្រៀងម្នាក់នេះ បានពាក់អាវដែលមានស្លាកសញ្ញារបស់គណបក្សភ្លើងទៀននោះទេ។ Nancy Jewel McDonie កើតនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០០០ ដោយត្រូវបានគេស្គាល់ និងហៅជាទូទៅថា Nancy។ Nancy គឺជាតារាចម្រៀង តារាសម្តែង និងជាពិធីករជនជាតិអាមេរិក-កូរ៉េ។ នាងក៏ជាសមាជិកនៃក្រុមចម្រៀងនារីកូរ៉េខាងត្បូង Momoland ផងដែរ ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមរយៈកម្មវិធី Finding Momoland របស់ MNET។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតដូចដែលរៀបរាប់ខាងលើត្រូវបានកាត់ត មុននឹងបង្ហោះនៅលើបណ្ដាញសង្គម។ ការពិតច្បាប់ដើមនៃរូបថតនេះ ពុំបានបង្ហាញទិដ្ឋភាពតារាចម្រៀងកូរ៉េ Nancy Jewel បានពាក់អាវដែលមានស្លាកសញ្ញាគណបក្សភ្លើងទៀននោះឡើយ។

Title:តើតារាចម្រៀងកូរ៉េ Nancy បានពាក់អាវមានរូបសញ្ញាគណបក្សភ្លើងទៀនមែនឬទេ?
Fact Check By: Kakada SimResult: Altered
