
ការបោះឆ្នោតជាតិសំខាន់ៗកាន់តែខិតជិតចូលមកដល់នៅក្នុងរយៈពេលពីរឆ្នាំខាងមុខទៀត ចំណែកឯការរិះគន់ និងវាយប្រហារគ្នាជាពាក្យសម្តីខាងនយោបាយ បានក្លាយទៅជាប្រធានបទមួយនៃការជជែកដេញដោល រវាងអ្នកប្រើប្រាស់ហ្វេសប៊ុកគ្រប់មជ្ឍដ្នាន និងចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គមនានា។
ក្នុងនោះ រូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ជិះស៊ីក្លូជាមួយនឹងអតីតមេដឹកនាំវៀតណាមលោក ហូ ជី មិញ ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដោយត្រូវបានចែកចាយ និងបញ្ចេញប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់ជាច្រើន។
ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺជារូបថតកាត់ត។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បង្ហោះរូបថតមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអតីតមេដឹកនាំវៀតណាមលោក ហូ ជី មិញ បានរួមដំណើរជាមួយគ្នាតាមរយៈសីក្លូ។ លោក ហូ ជី មិញ គឺជាប្រមុខដឹកនាំចលនាបដិវត្តន៍យួនដ៏ឆ្នើមមួយ ដោយបានកាន់តំណែងជានាយករដ្ឋមន្ត្រីនៅចន្លោះឆ្នាំ ១៩៤៥-១៩៥៥ និងជាប្រធានាធិបតីនៅចន្លោះឆ្នាំ ១៩៥៥-១៩៦៩ នៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (វៀតណាមខាងជើង)។
រូបថតខាងលើនេះ អាចនឹងត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនជឿថា ជារូបថតពិតប្រាកដ ដោយត្រូវបានប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់ និងចែកចាយតៗគ្នាជាច្រើនដង នៅលើបណ្តាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុក បានសរសេររៀបរាប់នៅក្នុងសំណេររបស់ខ្លួនថា «ពី១ថ្ងៃទៅ១ថ្ងៃ ពី១ឆ្នាំទៅ១ឆ្នាំ ថ្ងៃ៧មករា កាន់តែអស់តម្លៃសម្រាប់ខ្មែរ ព្រោះខ្មែរសម័យសង្គ្រោះជាតិនេះ ពួកគាត់យល់ដឹងច្រើន លែងឲ្យយួនបោកបានទៀតហើយ»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើរូបថតនេះតាមរយៈ ការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងប្រទះនូវប្រភពមួយចំនួន។
រូបថតមួយសន្លឹកដែលមានទម្រង់ និងសណ្ឋានដូចគ្នានេះ ត្រូវបានរកឃើញនៅលើគេហទំព័ររបស់អង្គភាព និងប្រតិកម្មរហ័ស ផ្សព្វផ្សាយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨កន្លងទៅនេះ អំពីសកម្មភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសជួបសំណេះសំណាលជាមួយនឹង បងប្អូនអ្នកធាក់ស៊ីក្លូនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីទំព័រខាងលើ បានសរសេររៀបរាប់ថា «សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយអ្នកធាក់ស៊ីក្លូ នៅរាជធានីភ្នំពេញ»។

Press OCM Link | Archived Link
ដូចគ្នានេះ តាមរយៈគេហទំព័រសារព័ត៌មាន VOD ផ្សព្វផ្សាយជាភាសាខ្មែរកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ក៏បានបង្ហាញនូវរូបថតមួយសន្លឹកដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុងផងដែរ។ គេហទំព័រដដែលនេះ ពុំបានបង្ហាញនូវទិដ្ឋភាពលោក ហ៊ុន សែន ជិះស៊ីក្លូជាមួយអតីតមេដឹកនាំវៀតណាមលោក ហូ ជី មិញ នោះឡើយ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីទំព័រសារព័ត៌មានខាងលើ បានសរសេររៀបរាប់ថា «លោក ហ៊ុន សែន ហៅអ្នករិះគន់លោកលើការជួយអ្នកធាក់ស៊ីក្លូថាជា សត្វ»។

VOD News Report | Archived Link

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះដោយអ្នកប្រើប្រាស់ខាងលើ គឺពិតជាមិនត្រឹមត្រូវទេ។ រូបថតមួយសន្លឹកនេះ ត្រូវបានកាត់តមុននឹងបង្ហោះនៅលើបណ្តាញសង្គម។ ការពិតច្បាប់ដើមនៃរូបថតនេះ គឺជាទិដ្ឋភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយអ្នកធាក់ស៊ីក្លូ នៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨កន្លងទៅនេះ។ រូបថតនេះពុំបានបង្ហាញនូវទិដ្ឋភាពលោក ហ៊ុន សែន ជិះស៊ីក្លូជាមួយអតីតមេដឹកនាំវៀតណាមលោក ហូ ជី មិញ នោះឡើយ។

Title:រូបថតបង្ហាញលោក ហ៊ុន សែន ជិះស៊ីក្លូជាមួយអតីតមេដឹកនាំវៀតណាម ជារូបថតកាត់ត
Fact Check By: Kakada SimResult: Satire
