Fact Check: រូប​ភាព​​ការប្រឡង​បវរ​កញ្ញា​ចក្រ​វាឡ​​ត្រូវ​បាន​គេ​កាត់​ត​ភ្ជាប់​នឹង​រូបថត​ក្មេង​ស្រី​ម្នាក់​

International Satire

​ព្រឹត្តិ​ការណ៍​​ប្រឡង​​ដណ្ដើម​​ពាន​រង្វាន់​​បវរ​​កញ្ញាចក្រវាឡឆ្នាំ​២០២០​ ត្រូវ​បាន​​ធ្វើ​ឡើង​​នៅ​ក្នុង​តំបន់​​លម្ហែ​កាយ​ Seminole Hard Rock ​រដ្ឋ​ Florida ក្នុង​ទឹក​ដី​សហ​រដ្ឋ​​អាមេរិក​។ កញ្ញា Andrea Meza ដែល​ជា​​បេក្ខនារី​​មក​ពី​ប្រទេស​​ម៉ិ​ក​ស៊ិ​ក​ បាន​ក្លាយ​ជា​ម្ចាស់​ម្កុដ​បវរ​​កញ្ញា​​ឆ្នាំ​២០២០។ ក្រោយ​ពី​បាន​ប្រកាស​​នូវ​លទ្ធផល​នៃ​ជ័យ​លាភី​​ភ្លាម​ៗ​នោះ​ ​រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​​ក្មេង​ស្រី​ម្នាក់​បាន​នឹង​កំពុង​លេង​លោត​កម្ពស់​នៅ​លើ​ឆាក​។ ទោះ​យ៉ាង​ណា​ ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា ការ​អះអាង​​នេះ​ ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០២១​កន្លង​ទៅ​​នេះ​ ​​ទំព័រ​ហ្វេស​ប៊ុក​មួយ​​​បាន​​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​​​បង្ហាញ​អំពី​ទិដ្ឋភាព​នៃ​ការ​ប្រឡង​​បវរ​កញ្ញា​​ចក្រវាឡ​ ដែល​ក្នុង​នោះ​​មាន​រូប​ក្មេង​ស្រី​ម្នាក់​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​ផ្កា​ឈូក ​កំពុង​តែ​លោត​កម្ពស់​នៅ​លើឆាកនៃ​កម្មវិធី​ទាំង​មូល​។ ការ​​​អះ​​អាង​មួយ​​នេះ​ ត្រូវ​​បាន​ចែក​​រំលែកតៗគ្នា​​​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​​ពី​​សំណាក់​​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​​ទំព័រ​ហ្វេស​ប៊ុក​ បាន​រៀប​រាប់​​ថា​​ «Admin សុំ​កំប្លែង​ៗ ប្លែក​ៗ​មួយ​ថ្ងៃ​ហេីយ​ណា​ កុំ​ខឹង​ admin 🤣🤣 admin ចង់​ចែក​រំលែក​សេីច​មួយ​គ្នា​»។

Facebook Post | Archived Link 

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់ផ្តើម​​ត្រួត​ពិនិត្យ និង​​ផ្ទៀង​ផ្ទាត់​រូបថត​​តាមរយៈ​កម្មវិធី​ Google Reverse Image​ ​ ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​ការ​ពិត​ប្រភព​ដើម​នៃ​ទិដ្ឋភាព​នៃ​កម្មវិធី​ប្រកួត​បវរ​កញ្ញា​ចក្រ​វាឡ​​​មួយ​​នេះ​ ដែល​​មាន​​ទម្រង់​​ដូច​គ្នា​ទាំង​ស្រុង និង​តាម​រយៈ​ការ​បំភ្លឺ​បន្ថែម​ពី​ទំព័រ​ដែល​បាន​អះ​អាង​ដោយ​ផ្ទាល់​ផង​ដែរ​។

តាម​រយៈ​ការ​បង្ហោះ​រូប​ថត​មួយ​ដែល​មាន​ទម្រង់​ដូច​គ្នា​ទាំង​ស្រុង​​នៅ​លើ​បណ្តាញ​គេហទំព័រ​​ ​Sunday Times កន្លង​ទៅ​នេះ ដែល​បាន​បញ្ជាក់​ និង​រៀប​រាប់​អំពីការប្រកួត​ប្រជែង​បវរ​កញ្ញា​ចក្រ​វាឡ ដែល​បាន​ធ្វើ​ឡើង​នៅ​​សហរដ្ឋ​អាមេរិក​ ដែល​យើង​សង្កេត​ឃើញ​ថា​ ពុំ​មាន​វត្តមាន​របស់​ក្មេង​ស្រី​ដូច​ដែល​គេ​បាន​ផ្សព្វ​ផ្សាយ​នោះ​ទេ​។

រូប​ភាព​ផ្ដាម​ចេញ​ពីសារព័ត៌មាន Sunday Times ដែល​បាន​សរសេរ​រៀប​រាប់​​​ជា​ភាសា​អង់គ្លេស​ថា​ «Zozi Tunzi’s final Miss Universe look took an astounding 800 hours to make» ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា «​សម្លៀក​បំពាក់​​របស់​ Zozi Tunzi ប្រើ​ពេល​អស់ ៨០០​ម៉ោង​ដើម្បីសម្រេច​បាន​ឈុត​​​ដ៏​អស្ចារ្យ​មួយ​នេះ»។

Sunday Times Report | Archived Link

តាម​រយៈ​ទំព័រ​ផ្លូវ​ការ​របស់​ Miss Universe នៅ​លើ​បណ្តាញ​សង្គម​ Twitter យើង​ក៏​បាន​រក​ឃើញ​នូវ​វីដេអូ​មួយ​ដែល​ចេញ​​ផ្សាយ​កាល​ពី​ថ្ងៃទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០២១​​ ដែល​បាន​បង្ហាញស​កម្ម​ភាព​អំឡុង​ពេល​កំពុង​ប្រកាស​ជ័យ​លាភី​បវរ​កញ្ញា​ឯក​ចក្រ​វាឡ​។ វីដេអូ​មួយ​នេះ ពុំ​មាន​វត្តមាន​ក្មេង​ស្រី​ក្នុង​សម្លៀក​បំពាក់​ពណ៌​ផ្កា​ឈូក​ ដែល​កំពុង​​លេង​លោត​កម្ពស់​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​មួយ​នេះ​ទេ​។

រូប​ភាព​ផ្ដាម​ចេញ​ពីទំព័រ​ផ្លូវ​ការ​របស់​ Miss Universe ដែល​​បាន​សរសេរ​រៀប​រាប់​នៅ​ក្នុង​​​ចំណងជើងជា​ភាសា​អង់គ្លេស​ថា​ «The new Miss Universe is Mexico» ឬ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា «ម្ចាស់​ជ័យ​លាភី​បវរ​កញ្ញា​ឯក​ពិភព​លោក​ បាន​ទៅ​លើ​បវរ​កញ្ញា​ដែល​មក​ពី​ប្រទេស​ម៉ិក​ស៊ី​ក​​»។

Twitter Link | Archived Link

ឆ្លើយ​​តប​​នឹង​​ការ​​សាក​សួរ​បន្ថែម​ពី Fact Crescendo Cambodia តាម​រយៈ​ប្រព័ន្ធ​ផ្ញើ​សារ​នៅ​ថ្ងៃ​នេះ​ ទំព័រ​ហ្វេសប៊ុក​​ ​ដែល​បាន​អះ​អាង​ខាង​លើនោះ​ បាន​ប្រាប់​​​ឲ្យ​បាន​ដឹង​ថា​​ ការ​បង្ហោះ​មួយ​នេះ គឺ​គ្រាន់​តែ​ ជា​ការ​ចង់​បាន​ការ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ និង​ដើម្បី​ជា​ការ​លេង​សើច​សប្បាយ​ប៉ុណ្ណោះ​។

សន្និដ្ឋាន (Conclusion)

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ​រូបថតមួយ​សន្លឹក​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ ​​​មិន​​​មែន​​ជា​​ការ​​​ពិត​​នោះឡើយ​។ រូបថត​នេះ ត្រូវ​បាន​គេ​កាត់ត ដែលរូបថត​ពិត​ប្រាកដ​ពុំមានវត្តមានក្មេងស្រីម្នាក់នោះទេ។

Avatar

Title:រូប​ភាព​​ការប្រឡង​បវរ​កញ្ញា​ចក្រ​វាឡ​​ត្រូវ​បាន​គេ​កាត់​ត​ភ្ជាប់​នឹង​រូបថត​ក្មេង​ស្រី​ម្នាក់​

Fact Check By: Kakada Sim 

Result: Satire

Leave a Reply

Your email address will not be published. Required fields are marked *