
បន្ទាប់ពីដងផ្លូវនៅក្នុងខេត្តកែបបំពាក់ទៅដោយផ្ទាំងផ្សាយពាណិជ្ជកម្មស្រាបៀរដែលនាំឱ្យផ្ទុះការរិះគន់ព្រាតពីមហាជននោះ រូបថតប្រៀបធៀបដងផ្លូវកម្ពុជាជាមួយដងផ្លូវប្រទេសថៃ និងវៀតណាម ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ រូបថតនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម និងទទួលបានមតិយោបល់ក៏ដូចជាប្រតិកម្មច្រើនពីអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា រូបថតមួយសន្លឹក ដែលភ្ជាប់ទង់ជាតិវៀតណាមទៅនឹងកំណាត់ដងផ្លូវមួយ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ កម្រងរូបថតមួយដែលម្ដុំនូវរូបថតបីសន្លឹកបង្ហាញដងផ្លូវនៅកម្ពុជាធៀបទៅនឹងដងផ្លូវនៅប្រទេសថៃ និងវៀតណាម ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ។
កម្រងរូបថតនេះ ត្រូវបានបង្ហោះក្នុងន័យថា ដងវិថីកម្ពុជាបំពាក់ទៅដោយស្លាកផ្សព្វផ្សាយស្រាបៀរ ឬគ្រឿងស្រវឹង ខណៈដែលដងផ្លូវនៅប្រទេសថៃ និងវៀតណាម ពុំមានស្ថានភាពដូចនៅកម្ពុជានោះឡើយ។
ការបង្ហោះដោយភ្ជាប់ទៅនឹងរូបថតខាងលើ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ ដែលទទួលបានការចាប់អារម្មណ៍ និងចែកចាយជាច្រើន។

ទិដ្ឋភាពដងផ្លូវមួយអមដោយធម្មជាតិមួយកន្លែង ត្រូវបានភ្ជាប់ថាស្ថិតនៅក្នុងប្រទេសវៀតណាម។

ការភ្ជាប់រូបទង់ជាតិរបស់ប្រទេសវៀតណាម ទៅនឹងទិដ្ឋភាពផ្លូវមួយកំណាត់ ក៏ត្រូវបានរកឃើញ និងបង្ហោះដោយអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកដទៃទៀតផងដែរ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាម ចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ខាងលើ ដែលបានសរសេររៀបរាប់ថា «បានប៉ុណ្ណឹងហើយ ចង់បានប៉ុណ្ណាទៀត»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការដំណើរការកម្មវិធី Google Reverse Image Search ដែលនាំយើងរកឃើញការពិតដូចខាងក្រោម។
រូបថតដែលមានទម្រង់ និងសណ្ឋានដងផ្លូវដូចគ្នានេះ ត្រូវបានរកឃើញ និងបង្ហោះនៅលើគេហទំព័រ Business India កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២កន្លងទៅ ក្រោមចំណងជើងអត្ថបទសារព័ត៌មានរបស់ខ្លួនថា «របៀបដែលហេដ្ឋារចនាសម្ព័ន្ធបានផ្លាស់ប្តូរមុខមាត់របស់ប្រទេសឥណ្ឌា»។
គេហទំព័រដដែលខាងលើ ក៏បានបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌា គឺជាប្រទេសទី២ មានបណ្ដាញផ្លូវវែងជាងគេនៅក្នុងពិភពលោក ដែលមានរយៈចម្ងាយប្រហែល ៦,២២លានគីឡូម៉ែត្រ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រខាងលើ ដែលពុំបានបញ្ជាក់ថា ទិដ្ឋភាពដងផ្លូវមួយនោះ មានទីតាំងស្ថិតនៅខេត្ត ឬតំបន់ណាមួយនៃប្រទេសវៀតណាមនោះទេ។

Business India Link | Archived Link
ក្រុមការងាររបស់ Fact Crescendo Cambodia រកឃើញផងដែរថា នៅក្នុងគេហទំព័រ Revvlog ក៏បានបង្ហាញរូបថត ដែលមានទិដ្ឋភាពដូចគ្នា និងបានបញ្ជាក់ជាភាសាអង់គ្លេសនៅក្នុងអត្ថបទរបស់ខ្លួន ថានោះគឺជាកំណាត់ផ្លូវរវាងទីក្រុងបុមបៃ (Bombay) ទៅកាន់រដ្ឋ Goa ដែលមានរយៈចម្ងាយប្រមាណ ៥៧៧គីឡូម៉ែត្រ និងមានទីតាំងស្ថិតនៅក្នុងប្រទេសឥណ្ឌា។

ដូចគ្នានេះ រូបថតដងផ្លូវមួយកំណាត់ដូចគ្នាខាងលើ ក៏ត្រូវបានបង្ហោះ និងផ្សព្វផ្សាយជាសាធារណៈនៅលើគេហទំព័រសារព័ត៌មានក្នុងស្រុករបស់ប្រទេសឥណ្ឌា Navbharat Times ផងដែរ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ដែលបានសរសេរជាភាសា Hindi ឬប្រែសម្រួលជាភាសាខ្មែរតាមរយៈកម្មវិធី Google Translate ដែលមានអត្ថន័យថា «ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់ឥណ្ឌានឹងស្មើនឹងអាមេរិក»។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រខាងលើ ដែលពុំបានបញ្ជាក់ថាផ្លូវមួយកំណាត់នោះ មានទីតាំងស្ថិតនៅក្នុងប្រទេសវៀតណាមនោះឡើយ។

Navbharat Times Link | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការភ្ជាប់រូបភាពទង់ជាតិប្រទេសវៀតណាម ទៅនឹងផ្លូវមួយកំណាត់ខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។ ការពិតទិដ្ឋភាពផ្លូវមួយកំណាត់នោះ គឺជាកំណាត់ផ្លូវរវាងទីក្រុងមុមបៃ (Mumbai) ឬបុមបៃ (Bombay) ទៅកាន់រដ្ឋ Goa ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសឥណ្ឌា។

Title: កំណាត់ផ្លូវមួយឥណ្ឌា ត្រូវបានភ្ជាប់មិនត្រឹមត្រូវថាជាដងផ្លូវនៅវៀតណាម
Written By: Kakada SimResult: Misleading
