
ថ្មីៗនេះ ករណីអតិថិជនម្នាក់ស្នើសុំដកលុយពីធនាគារ ABA មិនបានសម្រេចនោះ បានល្បីផុសផុលនៅលើបណ្ដាញសង្គម។ បន្ទាប់មក ស្រាប់តែមានព័ត៌មានផ្សព្វផ្សាយលើបណ្ដាញសង្គមថា ធនាគារមួយនេះក្ស័យធនហើយ ហើយបានជំរុញអតិថិជនឱ្យទៅដកលុយចេញពីធនាគារមួយនេះ។ ព័ត៌មាននេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម និងមានការបញ្ចេញមតិជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ក្នុងនោះមានមួយចំនួនជឿថា ជាការពិត។ ទោះជាយ៉ាងណា យើងរកឃើញថា ព័ត៌មាននេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ព័ត៌មានដ៏ផុសផុលមួយនៅលើបណ្ដាញសង្គមក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ បានអះអាងថា ធនាគារ ABA ដែលជាស្ថាប័នផ្ដល់កម្ចីដ៏ធំបំផុតមួយនៅកម្ពុជា បានក្ស័យធនហើយ ហើយការអះអាងនេះក៏បានជំរុញទៅអតិថិជនដែលដាក់ប្រាក់បញ្ញើតម្កល់នៅធនាគារនេះ ឱ្យដកប្រាក់ចេញឱ្យបានឆាប់ដោយសារតែស្ថានភាពបែបនេះ។
ព័ត៌មាននេះត្រូវបានចែករំលែកយ៉ាងព្រោងព្រាតពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ព្រមទាំងការបញ្ចេញប្រតិកម្មចម្រុះបែប និងមតិយោបល់ដ៏ច្រើន ដែលជឿទៅតាមការអះអាងនេះ បន្ទាប់ពីវាត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងដែលផ្សព្វផ្សាយលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “សូមបងប្អូននៅស្រុកខ្មែរសូមប្រញាប់រួសរាន់ទៅដកលុយចេញពីធនាគារ ABA ឱ្យអស់ពីព្រោះធនាគារនេះក្ស័យធនហើយ” ។
ព័ត៌មានដូចគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀតដែរ ហើយក៏ត្រូវបានចែករំលែកបន្តយ៉ាងច្រើន ព្រមទាំងប្រតិកម្ម និងមតិយោបល់ចម្រុះបែបពីអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីព័ត៌មានដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ រៀបរាប់ថា “សូមបងប្អូននៅក្នុងស្រុកខ្មែរសូមប្រញាប់រួសរាន់ទៅដកលុយចេញពីធនាគារ ABA ឱ្យអស់ ពីព្រោះធនាគារនេះក្ស័យធនហើយ”។
ខាងក្រោមគឺជារូបភាពផ្ដាមចេញពីការអះអាងដូចគ្នាដែលបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយទៀតកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។
អ្នកប្រើប្រាស់ហ្វេសប៊ុកមួយទៀត បានបង្ហោះសារនៅលើបណ្ដាញសង្គមថា ធនាគារដ៏ធំមួយនេះ អាចប្រឈមមុខនឹងក្ស័យធន ក្រោយពីគ្មានលុយបង្វិលទៅឱ្យអតិថិជនម្នាក់ ដែលបានស្នើដកលុយចេញពីធនាគារមួយនេះ។
សារមួយនេះ ត្រូវបានចែករំលែកបន្តជាង ១០០ដង និងមានការបញ្ចេញមតិយោបល់ជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “ធនាគារ ABA៖ ស្រីអូនដាក់លុយចូលច្រើនណាស់ ស្រាប់តែខាងធនាគារគ្មានលុយបង្វិលឱ្យវិញ។ អាចប្រឈមនឹងការក្ស័យធន!”។
ចំណែកឯអ្នកប្រើប្រាស់ហ្វេសប៊ុកមួយទៀត បានបង្ហោះព័ត៌មានថា ធនាគារ ABA គឺជាធនាគាររបស់សហរដ្ឋអាមេរិកដែលមានឈ្មោះពេញថា American Banker Association ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨៧៥ នៅឯទីក្រុងញូវយ៉ក។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីព័ត៌មានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “ABA ជាធនាគាររបស់សហរដ្ឋងាមេរិកឈ្មោះពេញ American Banker Association = ABA Bank បង្កើតនៅឆ្នាំ១៨៧៥ ទីក្រុងញូវយ៉ក”។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើការអះអាងខាងលើនេះតាមរយៈការស្វែងរកការបញ្ជាក់ពីធនាគារ ABA និងភាគីពាក់ព័ន្ធនឹងវិស័យធនាគារនៅកម្ពុជា ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ដើម្បីស្វែងរកការពិតជុំវិញព័ត៌មាននេះ Fact Cresendo Cambodia បានផ្ញើអ៊ីម៉ែលទៅកាន់ធនាគារ ABA កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។
ឆ្លើយតបមកកាន់ Fact Crescendo Cambodia ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃធនាគារ ABA លោក ឃឹម សំបូររតនា បានអះអាងថា ព័ត៌មានដែលអះអាងថាធនាគារ ABA ក្ស័យធននោះ គឺជាព័ត៌មាន“ក្លែងក្លាយ” ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើឱ្យមហាជនយល់ច្រឡំ ហើយបានជំរុញទៅមហាជនកុំជឿទៅតាមព័ត៌មាន“ក្លែងក្លាយ”នេះ។
មន្ត្រីធនាគារ ABA រូបនេះ ក៏បានចង្អុលបង្ហាញទៅកាន់សេចក្ដីប្រកាសមួយរបស់គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) ដែលបានចាត់ទុកព័ត៌មានខាងលើជាព័ត៌មាន “ក្លែងក្លាយ” នៅមុនពេលមន្ត្រីធនាគារបញ្ជាក់មកកាន់ Fact Crescendo Cambodia។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីសេចក្ដីជូនដំណឹងរបស់ទំព័រហ្វេសប៊ុកឈ្មោះ “លេខាធិការដ្ឋាន គ.ស.ព.ស.” កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “ករណីបង្ហោះផ្សាយថា ធនាគារ ABA ក្ស័យធន គឺជាព័ត៌មានក្លែងក្លាយ។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយទាំងនេះទៀត”។
ស្ថាប័នផ្ដល់កម្ចីមួយក្ស័យធន មានពាក់ព័ន្ធនឹងស្ថាប័នជាច្រើនទៀត ជាពិសេសការជូនដំណឹងទៅកាន់រដ្ឋាភិបាលកម្ពុជា ឬធនាគារកណ្ដាលរបស់ប្រទេស និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
ដើម្បីបញ្ជាក់ការពិតថែមទៀត Fact Crescendo Cambodia បានព្យាយាមស្វែងរកការបំភ្លឺផងដែរពីខាងទេសាភិបាលធនាគារជាតិកម្ពុជា អ្នកស្រី ជា សិរី ប៉ុន្តែ ទូរស័ព្ទពុំមានអ្នកទទួលនោះឡើយ។
ទោះជាយ៉ាងណា ទំព័រហ្វេសប៊ុកផ្លូវការធនាគារជាតិកម្ពុជា បានចែករំលែកបន្តនូវសេចក្ដីជូនដំណឹងរបស់ទំព័រហ្វេសប៊ុកលេខាធិការដ្ឋាន គ.ស.ព.ស. ដោយសរសេររៀបរាប់បន្ថែមថា “សូមប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ”។
Fact Crescendo Cambodia បានស្នើសុំការបញ្ជាក់ផងដែរពីសមាគមធនាគារនៅកម្ពុជា (Association of Banks in Cambodia) ដែលបានបញ្ជាក់ថា ស្ថាប័នមួយនេះមិនទទួលបានសេចក្ដីជូនដំណឹងណាមួយបញ្ជាក់ពីការក្ស័យធនរបស់ធនាគារ ABA នោះឡើយ។ សមាគមនេះចាត់ទុកព័ត៌មានផ្សព្វផ្សាយលើបណ្ដាញសង្គមជាព័ត៌មាន “ក្លែងក្លាយ”។
ចំណែកឯប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លោក កាំង តុងងី បានបញ្ជាក់ប្រាប់ Fact Crescendo Cambodia ថា ព័ត៌មានផ្សព្វផ្សាយថា ធនាគារ ABA ក្ស័យធននោះ គឺជាព័ត៌មាន “ក្លែងក្លាយ” ព្រោះស្ថាប័នរបស់លោកមិនទទួលបានសេចក្ដីជូនដំណឹងផ្លូវការណាមួយពីស្ថាប័នពាក់ព័ន្ធនោះឡើយ។
បើតាមប្រវត្តិសង្ខេប (archived) ដែលដាក់ផ្សាយនៅលើវេបសាយរបស់ខ្លួននោះ ធនាគារ ABA ត្រូវបានបង្កើតឡើងនៅកម្ពុជានៅឆ្នាំ១៩៩៦ មានឈ្មោះថា ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ឬភាសាអង់គ្លេសហៅថា Advanced Bank of Asia Limited។ បន្ទាប់ពីធនាគារ National Bank of Canada ទិញយកនៅឆ្នាំ២០១៤ ធនាគារនេះ ត្រូវបានផ្លាស់ប្ដូរឈ្មោះមកជា ABA ដែលជាអក្សរកាត់ពីឈ្មោះពេញ។
ធនាគារ ABA គឺជាស្ថាប័នផ្ដល់កម្ចីដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីការទិញយករបស់ធនាគារ National Bank of Canada ដែលមានទ្រព្យសកម្មរហូតដល់ ៣២៤ពាន់ដុល្លារគិតត្រឹមដើមឆ្នាំ២០២៤នេះ។
ទោះជាយ៉ាងណា សារព័ត៌មានអាមេរិក Bloomberg (archived) បានចុះផ្សាយកាលពីខែមីនាកន្លងមកថា ធនាគារ National Bank of Canada ដែលជាក្រុមហ៊ុមមេនៃធនាគារ ABA នៅកម្ពុជា បានស្វែងរកជម្រើសលក់ធនាគារមួយនេះក្នុងតម្លៃជាង ២ពាន់លានដុល្លារ ប៉ុន្តែ ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ធនាគារមួយនេះ បានបដិសេធសេចក្ដីរាយការណ៍ព័ត៌មានរបស់ Bloomberg។
ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃធនាគារ ABA លោក ឃឹម សំបូររតនា បញ្ជាក់ថា ធនាគារនេះនៅតែបន្តឈរជើងជាធនាគារពាណិជ្ជកម្មឈានមុខគេនៅកម្ពុជា ដោយមានជំហរហិរញ្ញវត្ថុរឹងមាំ មានដំណើរអាជីវកម្មល្អ និងមានម្ចាស់ភាគហ៊ុនដ៏រឹងមាំ និងប្រកបដោយទំនុកចិត្ត។
លោក សំបូរតនា បញ្ជាក់បន្ថែមថា ប្រតិបត្តិការអាជីវកម្មរបស់ធនាគារនេះ នៅតែដំណើរការល្អមិនរអាក់រអួលនោះឡើយ ហើយធនាគារនៅតែរក្សាការតាំងចិត្តបម្រើសេវាកម្មហិរញ្ញវត្ថុទៅតាមតម្រូវការរបស់អតិថិជន។
ដើម្បីបញ្ជាក់បន្ថែមទៀត មន្ត្រីទំនាក់ទំនងសាធារណៈរូបនេះ បានផ្ញើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ABA ដែលនិយាយថា ធនាគារនេះទទួលបានប្រាក់ចំណេញរហូតដល់ ២៧៦.៥លានដុល្លារនៅក្នុងឆ្នាំ២០២៣កន្លង ដោយកើនឡើង ៥ភាគរយ បើធៀបនឹងប្រាក់ចំណេញដែលធនាគាររកបាន ២៦២.៣លានដុល្លារនៅឆ្នាំ២០២២កន្លងមក។
សេចក្ដីរាយការណ៍របស់សារព័ត៌មាន Khmer Times កាលពីខែឧសភាកន្លងមកនេះ បាននិយាយថា ធនាគារ ABA ទទួលបានប្រាក់ចំណេញរហូតដល់ ៧៩លានដុល្លារនៅត្រីមាសទី១នៃឆ្នាំ២០២៤នេះ ដោយកើនឡើងរហូតដល់ ១៥ភាគរយ បើធៀបនឹងប្រាក់ចំណេញ ៦៩លានដុល្លារ ដែលធនាគារនេះរកបាននៅត្រីមាសទី១នៃឆ្នាំ២០២៣កន្លងមក។ (archived)
សេចក្ដីរាយការណ៍មួយរបស់សារព័ត៌មាន Khmer Times កាលពីឆ្នាំ២០២៣កន្លងមក បានឱ្យដឹងថា ធនាគារ ABA ធនាគារអេស៊ីលីដា និងធនាគារកាណាឌីយ៉ា គឺជាស្ថាប័នផ្ដល់កម្ចីដែលគ្របដណ្ដប់ទីផ្សារហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា ក្នុងនាមជាធនាគារមានដើមទុនធំជាងគេ មានប្រាក់ចំណេញច្រើនជាងគេ មានប្រាក់បញ្ញើច្រើនជាងគេ និងទំហំឥណទានកម្ចីច្រើនជាងគេ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ព័ត៌មានដូចដែលត្រូវបានរៀបរាប់ខាងលើ មិនត្រឹមត្រូវនោះឡើយ។ មន្ត្រីធនាគារ ABA និងភាគីពាក់ព័ន្ធនឹងវិស័យធនាគារនៅកម្ពុជា បានបញ្ជាក់ថា ព័ត៌មានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមថា ធនាគារ ABA ក្ស័យធននោះ គឺជាព័ត៌មាន “ក្លែងក្លាយ”។ តំណាងធនាគារ ABA បញ្ជាក់ថា ធនាគារមួយនេះនៅតែរក្សាបានកំណើនប្រាក់ចំណេញនៅដើមឆ្នាំនេះ ហើយប្ដេជ្ញាឈរជើងបម្រើសេវាហិរញ្ញវត្ថុនៅកម្ពុជាយូរអង្វែង។

Title:ព័ត៌មានក្លែងក្លាយថា ធនាគារ ABA ក្ស័យធន កំពុងផ្ទុះលើបណ្ដាញសង្គម
Fact Check By: Jay UdomResult: False
