
ក្រុងព្រះសីហនុ គឺជាទីក្រុងដ៏ធំបង្អស់មួយដែលនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា និងមានចម្ងាយប្រមាណជា ២៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ទីក្រុងមួយនេះ កំពុងតែអភិវឌ្ឍខ្លួន និងរីកចម្រីនទៅមុខជាច្រើនវិស័យដោយមានអគារស្នាក់នៅ អគារពាណិជ្ជកម្មខ្ពស់ៗនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដោយឡែកថ្មីៗនេះ មានអ្នកប្រើប្រាស់នៅលើបណ្តាញសង្គមម្នាក់ បានអះអាងរូបថតមួយដែលនៅក្នុងទីក្រុងមួយថាជាទីក្រុងស៊ិនជិនទៅវិញ។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថត មួយសន្លឹកដែលបង្ហាញអំពីទិដ្ឋភាពពីលើអាកាសនៃទីក្រុងក្បែរមាត់សមុទ្រមួយ។ អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនោះ ក៏បានអះអាងផងដែរថា រូបថតនេះ គឺជាទិដ្ឋភាពនៃទីក្រុងស៊ិនជិន (Shenzhen)។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ដែលបានរៀបរាប់ជាភាសាខ្មែរថា «ទីក្រុង Shenzhen ២០២១»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រូបថតតាមរយៈកម្មវិធី Google Reverse Image ដែលនាំឲ្យទៅរកឃើញប្រភពដើមនៃទិដ្ឋភាពទីក្រុងមួយនេះដែលមានទម្រង់ដូចគ្នាទាំងស្រុង។
រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញចុះផ្សាយនៅក្នុងអត្ថបទព័ត៌មានរបស់កាសែត Phnom Penh Post កាលពីដើមខែមីនាកន្លងមកនេះ។ កាសែតភ្នំពេញ ប៉ុស្តិ៍ បានចុះផ្សាយរូបថតនេះជាមួយអត្ថបទជាភាសាអង់គ្លេសមានចំណងជើងថា «Sihanoukville real estate cautiously forges on» ឬដែលអាចប្រែសម្រួលជាភាសាខ្មែរថា «វិស័យអចលនទ្រព្យនៅក្រុងព្រះសីហនុ បន្តរក្សាបានការរីកចម្រើនដោយសន្សឹមៗ»។
Phnom Penh Post Report | Archived Link
រូបថតមួយសន្លឹកទៀតដែលបង្ហាញពីទិដ្ឋភាពពីលើអាកាសនៃទីក្រុងមាត់សមុទ្រមួយនេះ ក៏ត្រូវបានចុះផ្សាយដោយគេហទំព័រអចលនទ្រព្យកម្ពុជា realestate.com។
រូបភាពផ្ដាមចេញពីគេហទំព័រដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Aerial view of the beach and under-construction buildings in Sihanoukville» ប្រែជាភាសាខ្មែរមានន័យថា «ទិដ្ឋភាពពីលំហរនៃឆ្នេរ និងអគារដែលកំពុងសាងសង់នៅក្រុងព្រះសីហនុ»។
Real Estate Report | Archived Link
ទំព័រហ្វេសប៊ុកមួយទៀតរបស់ Prince Gloden Bay ដែលជាសណ្ខាគារមួយ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅក្នុងខេត្តព្រះសីហនុនោះ ក៏បានបង្ហោះរូបភាពដែលបង្ហាញអំពីទីតាំងស្រដែងគ្នាទៅនឹងទីតាំងដែលអ្នកប្រើប្រាស់បានអះអាងខាងលើ។ ទំព័រហ្វេសប៊ុកដដែលនេះ បានបញ្ជាក់នៅក្នុងអត្ថបទរបស់ខ្លួនទាក់ទងទៅនឹងការអភិវឌ្ឍន៍ យ៉ាងគំហុកនៅក្នុងខេត្តព្រះសីហនុ។
រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់ជាជាភាសាខ្មែរថា «រយៈពេល ២ឆ្នាំជាងមកនេះ ខេត្តព្រះសីហនុត្រូវបានអភិវឌ្ឍយ៉ាងគំហុក មានអគារខុនដូ មជ្ឈមណ្ឌលពាណិជ្ជកម្ម រោងចក្រ និងសណ្ឋាគារ លំដាប់ហើយក៏មានអ្នកវិនិយោគ និងអ្នកទេសចរមានការចាប់អារម្មណ៍យកខេត្តព្រះសីហនុជាគោលដៅទេសចរណ៍ និងវិនិយោគផងដែរ»។
សន្និដ្ឋាន (Conclusion)
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលេីនេះ គឺមិនត្រឹមត្រូវនោះឡេីយ។ រូបថតមួយសន្លឹកនេះ មិនមែនជាទិដ្ឋភាពទីក្រុងស៊ិនជិននៅក្នុងប្រទេសចិននោះទេ។ ការពិតរូបថតមួយសន្លឹកនេះ គឺត្រូវបានថតចេញពីទិដ្ឋភាពទីក្រុងឆ្នេរសមុទ្រមួយក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា។

Title:រូបភាពបង្ហាញអំពីទិដ្ឋភាពទីក្រុងក្បែរមាត់សមុទ្រមួយនេះ គឺជាទីក្រុងព្រះសីហនុ
Fact Check By: Kakada SimResult: False
