
កោះត្រល់ហៅតាមភាសាខ្មែរ ឬកោះភូកុកហៅតាមភាសាវៀតណាម នៅតែជាប្រធានបទនៃការជជែក និងចែករំលែកលើបណ្ដាញសង្គមជារឿយៗនៅក្នុងទំនាក់ទំនងកម្ពុជា-វៀតណាម ខណៈដែលកោះមួយនេះស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម។ ទន្ទឹមគ្នានេះ ទំព័រហ្វេសប៊ុកមួយនេះបានបង្ហោះរូបថតមួយសន្លឹក ហើយអះអាងថា ស្ពាននៅក្នុងរូបថតនោះ គឺជាស្ពានភ្ជាប់ទៅកាន់កោះត្រល់។ ការអះអាងនេះ ត្រូវបានចែករំលែកតៗគ្នាដល់ទៅរាប់ពាន់ដងពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០កន្លងមក ទំព័រហ្វេសប៊ុក រាជបុត្រ សូរ្យកាយ្យ បានរូបថតស្ពានមួយនៅលើបណ្ដាញសង្គម ហើយអះអាងថា វាគឺជាស្ពានឆ្លងកាត់ខេត្តកៀនយ៉ាង ឬអតីតខេត្តពាមរបស់ប្រទេសកម្ពុជា ទៅនឹងអតីតកោះត្រល់របស់កម្ពុជា ឬវៀតណាមហៅថា កោះភូកុក។
ការអះអាងបែបនេះ ត្រូវបានចែករំលែកដល់ទៅរាប់ពាន់ដងពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ និងមានការបញ្ចេញមតិ និងប្រតិកម្មយ៉ាងច្រើនទៀត។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកនោះរៀបរាប់ថា «ស្ដាយទេកូនខ្មែរ? ស្ពានឆ្លងពី(ខេត្តពាម)#កម្ពុជាក្រោម Kien Giang – ទៅកាន់កោះត្រល់ Phu Quoc ជិតនឹងត្រូវបានសម្ពោធន៍ កោះនេះទៀតសោតគឺជារបស់ប្រទេសកម្ពុជា ជនជាតិខ្មែរបានហៅថា #កោះត្រល់»។

ការពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យការពិតនៃរូបថតមួយសន្លឹកនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ Google ដែលនាំឱ្យឈានទៅរកឃើញរូបថតដើម និងព័ត៌មានលម្អិតនៃរូបថតមួយសន្លឹកនេះ។
រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញនៅលើគណនីមួយនៃបណ្ដាញសង្គម Pinterest ដែលផ្ដល់ព័ត៌មានបឋមថា ស្ពាននៅក្នុងរូបថតនេះ គឺជាស្ពានមួយតភ្ជាប់ទៅកាន់កោះមិយ៉ាកុ (Miyako)របស់ប្រទេសជប៉ុន។

ដើម្បីផ្ទៀងផ្ទាត់ឱ្យកាន់តែច្បាស់ថែមទៀត Fact Crescendo Cambodia ពិនិត្យទៅលើទម្រង់ស្ពាន និងទ្រង់ទ្រាយដីកោះនៅចុងម្ខាងនៃស្ពានតាមរយៈរូបភាពនៃកម្មវិធី Google Map។


ស្ពាន Ikema ដែលមានប្រវែង ១.៤២៥ម៉ែត្រនោះ គឺជាការតភ្ជាប់រវាងកោះមិយ៉ាកូ និងកូនកោះតូចអាយកេម៉ា(Ikema)។ ដោយលាតសន្ធឹងកាត់ផ្ទៃសមុទ្របៃតងនោះ ស្ពានមួយនេះបង្កើតឱ្យមានទេសភាពស្រស់ស្អាតមិននឹកស្មាន។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតស្ពានមួយនេះ មិនមែនជាស្ពានភ្ជាប់ទៅកាន់កោះត្រល់នោះឡើយ។ រូបថតនេះគឺជាស្ពានអាយកេម៉ា(Ikema) ដែលតភ្ជាប់កោះមិយ៉ាកូទៅនឹងកូនកោះអាយកេម៉ា (Ikema) នៃជួរកោះអូគីណាវ៉ា ប្រទេសជប៉ុន។

Title:ស្ពានអាយកេម៉ាឆ្លងទៅកោះអាកេម៉ារបស់ជប៉ុនត្រូវបានអះអាងថាជាស្ពានឆ្លងទៅកោះត្រល់
Fact Check By: Jay UdomResult: False
