Fact Check: រថយន្ត​ដឹក​ឈើ​ពេញ​បណ្តាល​ឲ្យ​បាក់​ស្ពាន​នេះ​មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​នោះ​ទេ​

False Green

បញ្ហា​នៃ​ការ​​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង​ដឹក​ជញ្ជូន​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​ឈើ​ខុស​ច្បាប់​ទាំង​ក្នុង​ស្រុក​ និង​ក្រៅស្រុក​ក្តី​ បាន​ក្លាយ​ជា​​ប្រធាន​បទ​នៃ​​ការ​​ជជែក​ដេញ​ដោល​ និង​បញ្ចេញ​មតិ​​​​ជា​​រឿយៗ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​ ប្រជា​ពលរដ្ឋ​កម្ពុជា​។ ថ្មីៗ​នេះ រូបថត​មួយ​សន្លឹក​ត្រូវ​បានចែក​ចាយ​ និង​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមហ្វេស​បុ៊ក​ ដែល​នាំ​ឱ្យ​មាន​ការ​សន្និដ្ឋាន​ថា រូបថត​នេះ​បង្ហាញ​អំ​ពីតថភាព​ និង​ទិដ្ឋ​ភាព​នៃ​​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​ នៅ​ក្នុង​ប្រទេស​កម្ពុជា។  ទោះ​​យ៉ាង​​ណា​​ការ​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា​ការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​​ពី​​ថ្ងៃ​​ទី​​៣០​​​​ ខែ​​ឧសភា​​ ឆ្នាំ​​២០២១​​កន្លង​​ទៅ​​​នេះ​​ ​​​អ្នក​​ប្រើ​ហ្វេស​ប៊ុក​​ម្នាក់​​ ​​​​​​បង្ហោះ​​រូប​​ថត​​ពីរ​​​សន្លឹក ដែល​មាន​មួយ​សន្លឹក​​បាន​​​​​បង្ហាញ​​អំពី​​ទិដ្ឋ​​ភាព​​រថយន្ត​១​គ្រឿង​ដឹក​ឈើ​លើស​ទម្ងន់​បណ្តាល​ឲ្យ​បាក់​ស្ពាន​មួយ​កន្លែង​​​។ អ្នក​​ប្រើ​​ហ្វេស​ប៊ុក​​រូប​​នេះ​ មិន​​បាន​​បញ្ជាក់​ច្បាស់​​ទេ​​ថា​ទិដ្ឋភាព​នៃ​ការ​បាក់​ស្ពាន​មួយ​នេះ​ស្ថិត​​នៅ​តំបន់​ណា​មួយ​​នោះ​​ទេ​ ប៉ុន្តែ​ សារ​បង្ហោះ​នេះ​​ហាក់​ដូច​ជា​​សំដៅ​​ទៅ​ដល់ការ​កាប់​បំផ្លាញ​​ព្រៃ​​ឈើ​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​យើង​។

រូប​ថត​​ជាមួយ​​សំណេរ​​នេះ​ត្រូវ​​បាន​​ចែក​​រំលែក​បន្ត​​ៗ​​គ្នា​​ជា​​ច្រើនដង​​​ រួម​​ជាមួយ​នឹង​​ការចុច​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើ​ ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​​ផង​​ដែរ​។

រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​​ប៉ុស្តិ៍​​របស់​​​អ្នក​​ប្រើ​ប្រាស់​​​ដែល​​បាន​​រៀប​រាប់​ជា​​ភាសា​​ខ្មែរ​​​ថា​​ «កាប់អុសដើម្បីក្រពះ គេថាបំផ្លាញព្រៃ រីឯ ដឹកឈើបំផ្លាញផ្លូវស្ពាន ដើម្បីមន្រ្តីអ្នកមានស្តុកស្តម្ភ គេថាសេដ្ឋកិច្ចរីកចម្រើន! #ស្រុករំដួល​»។

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​​ចាប់​ផ្តើម​​​​ត្រួត​​ពិនិត្យ​ និង​​​ផ្ទៀង​​ផ្ទាត់​​រូប​ថត​​​តាមរយៈ​​កម្មវិធី​ Google Reverse Image​ ​ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​​ប្រភព​ដើម​នៃ​ទិដ្ឋ​​ភាព​​​ការបាក់​ស្ពាន​ដោយ​សារ​ការ​ដឹក​ឈើលើស​ចំណុះ​នេះ​​​ដែល​​​​មាន​​​ទម្រង់​​​ដូច​គ្នា​​ទាំង​ស្រុង។

រូប​ថត​​​មាន​ទម្រង់​ និង​ទិដ្ឋភាព​ដូច​គ្នា​មួយ​​សន្លឹក​​នេះ​ ត្រូវ​​បាន​​រក​​ឃើញ​​ដើម​នៅ​ក្នុងអ្នក​ប្រើ​ហ្វេស​ប៊ុក​ជនជាតិ​ឡាវ​ម្នាក​់​​​ ដែល​មាន​ឈ្មោះ​​ Mouanekham Phanthavong។  រូប​ថត​នេះ​ត្រូវ​បាន​បង្ហោះ​តាំង​ពី​ថ្ងៃ​១០ ខែ​ធ្នូ​ ឆ្នាំ​២០១៣​មកម្ល៉េះ​ ជាង​​ ៨ឆ្នាំ​មុន​ដែលអ្នក​ប្រើ​ហ្វេស​ប៊ុក​កម្ពុជា​ម្នាក​់​យក​មក​បង្ហោះ​ជា​ថ្មី​។​

រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​​របស់​​​អ្នក​​ប្រើ​ប្រាស់​​​ដែល​បាន​សរសេរ​រៀប​រាប់​​​ជា​ភាសា​អង់គ្លេស​ថា​ «Truck overload. Over bridge limited an accident happened at beualapha district» ឬ​​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា «ឡាន​ធំ​លើស​ចំណុះ​ ធ្វើ​ឲ្យ​មាន​ហេតុការណ៍​កើត​ឡើង​នៅ​ក្នុង​ស្រុក Boualapha​ ​​​​​»។

Facebook Post | Archived Link 

រូប​ថត​ដូច​គ្នាទាំង​ស្រុង​​មួយ​នេះ​ ក៏​ត្រូវ​បាន​​បង្ហោះ​​លើ​​ទំព័រ​​​ហ្វេស​​ប៊ុក​​ ໂທລະໂຄ່ງ THOLAKHONG កាល​ពី​ថ្ងៃទី​១១​ ខែ​ធ្នូ​ ឆ្នាំ​២០១៣​​។ ទំព័រ​​​ហ្វេស​​ប៊ុក​​​ខាង​លើ​នេះ​ ក៏​បាន​បញ្ជាក​់នៅ​ក្នុង​សារ​បង្ហោះ​របស់​​ខ្លួន​ផង​ដែរ​ទាក់​ទង​ទៅ​នឹង​​ប្រ​ភព និង​ទី​តាំង​នៃ​ហេតុ​ការណ​៍​នៃ​​រូប​ថត​មួយ​នេះ​។​

រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​​ទំព័រ​​​ហ្វេស​ប៊ុក​ខាង​​លើ​​ ​​បាន​​សរសេរ​​រៀប​​រាប់​​ជាភាសា​ឡាវ​ថា​ «ລົດຂົນໄມ້ ບັນທຸກເກີນນ້ຳໜັກ ຈົນຂົວຫັກ, ທີ່ເມືອງບົວລະພາ, ແຂວງຄຳມ່ວນ. ເປັນລົດຫວຽດນາມ ທີ່ມາຂົນໄມ້ຢູ່ລາວ. ດຽວໂທລະໂຄ່ງ ຊອກລາຍລະອຽດເພີ່ມ» ឬ​ប្រែ​សម្រួល​ជា​​​ភា​សា​​ខ្មែរមាន​ន័យ​​​​ថា​ «​ការ​ធ្វើ​ឲ្យ​បាក់​ស្ពាន ដោយសារ​តែ​ការ​ដឹក​ឈើ​ លើស​ចំណុះ​ នៅ​ក្នុង​ស្រុក​ Boualapha នៃ​ខេត្ត ​Khammouane ប្រទេស​ឡាវ​​»។

Fact Crescendo Cambodia ​ក៏​បាន​​ធ្វើ​ការ​ទំ​នាក់​ទំនង​ទៅ​កាន់​អ្នក​ប្រើ​ហ្វេស​ប៊ុក​ជនជាតិ​ឡាវ​ម្នាក់​នេះ​ផង​ដែរ​​តាម​រយៈ​ប្រព័ន្ធ​សារ​ Messenger ដែល​លោក​ទើប​តែ​បានធ្វើ​ការ​​ឆ្លើយ​តប​ និង​បំភ្លឺ​មកកាន់​ក្រុម​ការ​​ងារ​របស់​យើង​​វិញ​​កាល​ពីព្រឹក​​ថ្ងៃ​ទិី​០៧​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ​ ដោយ​បាន​បញ្ជាក់​ថា​ លោក​ពិត​ជា​អ្នក​ថត​រូប​ថត​មួយ​នេះ​ពិត​ប្រាកដ​​មែន​។​ លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា ​រូប​ថត​នេះ​ត្រូវ​បាន​ថត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៣​ ដែល​វា​បាន​កើត​ឡើង​​នៅ​ក្នុង​ស្រុក ​Boualapha នៃ​ខេត្ត ​Khammouane ប្រទេស​ឡាវ​​។​

Facebook Post | Archived Link

ឆ្លើយ​​តប​​នឹង​​ការ​​សាក​សួរ​បន្ថែម​ពី Fact Crescendo Cambodia តាម​រយៈ​ប្រព័ន្ធ​ផ្ញើ​សារ​នៅ​ថ្ងៃ​នេះ​ អ្នក​ប្រើ​ហ្វេស​ប៊ុក​ ​ដែល​បាន​អះ​អាង​ខាង​លើនោះ​ បាន​ប្រាប់​​​ឲ្យ​បាន​ដឹង​ថា រូប​ថត​ទាំង​ពីរ​នេះ​ត្រូវ​បាន​យក​មក​ផ្សព្វ​ផ្សាយ​បន្ត​ពី​ក្នុង​បណ្តាញ ​សង្គម​ហ្វេស​ប៊ុក​ និង​មិនសូវ​ជា​​ច្បាស់​អំពី​ប្រ​ភព​ដើ​ម​នៃ​​រូប​ថត​បាក់​ស្ពាន​នោះ​ទេ​។ អ្នក​ប្រើ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​​ លោក​គ្រាន់​តែ​ចង់​ឲ្យ​មាន​ការ​គិត​គូរ​ឡើង​វិញ​ជុំ​វិញ​ទៅ​នឹង​បញ្ហា​មួយ​នេះ​។​

សន្និដ្ឋាន (Conclusion)

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​អះ​អាង​ដូច​​រៀប​រាប់​​ខាង​​លើ​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​ក្នុង​ចំណោម​ពីរ​នេះ​ ​មិន​​មែន​​ជា​ការ​បាក់ស្ពាន​ដោយសារ​តែ​ការ​ដឹក​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​។ ​រូបថត​មួយ​នេះ​ ត្រូវ​បាន​រក​ឃើញ​ដំបូងឡើង​តាំង​ពី​ឆ្នាំ​២០១៣​មកម្ល៉េះ​ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ស្រុក​ Boualapha នៃ​ខេត្ត ​Khammouane ប្រទេស​ឡាវ​​។

Avatar

Title:រថយន្ត​ដឹក​ឈើ​ពេញ​បណ្តាល​ឲ្យ​បាក់​ស្ពាន​នេះ​មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​នោះ​ទេ​

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *