
ការបញ្ចេញមតិរិះគន់ និងសកម្មភាពធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិនាមរបស់ព្រះមហាក្សត្រកម្ពុជា ត្រូវបានធ្វើឡើង និងបង្ហោះជារឿយៗពីសំណាក់អ្នកគាំទ្រ និងអតីតប្រធានគណបក្សប្រឆាំងដ៏ធំមួយ ដែលវាបានក្លាយជាប្រធានបទដេញដោល និងជជែកវែកញែកនៅលើបណ្តាញសង្គមនានាយ៉ាងផុសផុល។
ក្នុងចំណោមនោះ រូបថតមួយសន្លឹកបង្ហាញនូវទិដ្ឋភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមដំណើរតាមរយៈម៉ូតូជាមួយនឹងព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ម្នាក់។ រូបថតនេះ ត្រូវបានប្រតិកម្មចម្រុះជាច្រើន ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ។
ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺជារូបថតកែច្នៃ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតចំនួន ២សន្លឹកចូលទៅក្នុងក្រុមហ្វេកប៊ុកដែលមានឈ្មោះថា កម្ពុជាក្រោម មាតុភូមិខ្មែរ ដែលបង្ហាញនូវទិដ្ឋភាពព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះ នរោត្តម សីហមុនី បានរួមដំណើរតាមរយៈម៉ូតូជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូបថតខាងលើនេះ អាចនឹងត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនជឿថា ជារូបថតពិតប្រាកដដោយមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនបានចែករំលែកបន្ត និងប្រតិកម្មចម្រុះ។
រូបភាពផ្តាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ បង្ហាញនូវទិដ្ឋភាពការជិះម៉ូតូរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
រូបថតមួយសន្លឹកខាងលើដែលបានបង្ហាញអំពីទិដ្ឋភាពលោក ហ៊ុន សែន និងសម្តេចព្រះ នរោត្តម សីហមុនី រួមដំណើរតាមរយៈម៉ូតូនេះ ក៏ត្រូវបានរកឃើញផ្សព្វផ្សាយនៅលើគេហទំព័រ Cambodia ផងដែរ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើរូបថតនេះតាមរយៈ ការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងប្រទះនូវប្រភពមួយចំនួន។
រូបថតមួយសន្លឹកមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុងនេះ ត្រូវបានរកឃើញនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហោះឡើងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។ នៅក្នុងអត្ថបទរបស់លោក លោក ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា រូបថតមួយសន្លឹកនេះ គឺត្រូវបានថតនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅត្រង់ចំណុចស្ពានកោះកុង។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេររៀបរាប់ថា «ល្ងាចនេះ ខ្ញុំនឹងទៅចូលរួមពិធីបុណ្យសមុទ្រ នៅខេត្តកំពត។ ពិធីបុណ្យសមុទ្រនេះ គឺចាប់ពីថ្ងៃទី២០ ដល់ ២២ ធ្នូ ឆ្នាំ២០១៩។ សូមអញ្ជើញបងប្អូនជនរួមជាតិ និងក្មួយៗយុវជនចូលរួមសប្បាយរីករាយជាមួយកម្មវិធីសម្តែងសិល្បៈយប់នេះផង និងទិញទំនិញនៅតាមស្តង់ជាច្រើនដែលបានរៀបចំនៅទីតាំងប្រារព្ធកម្មវិធីព្រមទាំងស្នាក់នៅកម្សាន្តសប្បាយនៅតំបន់ឆ្នេរសមុទ្រខេត្តកំពត។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានសប្បាយរីករាយក្នុងថ្ងៃចុងសប្តាហ៍ទាំងអស់គ្នា»។
ដូចគ្នានេះដែរ រូបថតមួយសន្លឹកមានទម្រង់ និងសណ្ឋានដូចគ្នាមួយទៀត ក៏ត្រូវបានរកឃើញនៅលើគេហទំព័រសារព័ត៌មាន Post Khmer ដែលបានចុះផ្សព្វផ្សាយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ។ រូបថតមួយសន្លឹកនេះ ពុំបានបង្ហាញនូវទិដ្ឋភាពរូបលោក ហ៊ុន សែន បានរួមដំណើរជាមួយសម្ដេចព្រះ នរោត្តម សីហមុនី នោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មាន Post Khmer ដែលមានចំណងជើងអត្ថបទសរសេររៀបរាប់ថា «នាយករដ្ឋមន្ត្រីសុំអភ័យទោសដែលមិនពាក់មួកសុវត្ថិភាពពេលបើកបរម៉ូតូ»។
Post Khmer News Report | Archived Link
តាមគេហទំព័រមួយផ្សេងទៀតមានឈ្មោះថា Youth Cambodia ចុះផ្សព្វផ្សាយកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ ក៏បានបង្ហាញនូវទិដ្ឋភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងធ្វើដំណើរតាមរយៈម៉ូតូផងដែរ។ រូបភាពផ្តាមចេញពីគេហទំព័រ បានសរសេររៀបរាប់ថា «មន្រ្តីខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចតេជោ អាចនឹងធ្វើដំណើរដោយជិះម៉ូតូទៅកាន់កន្លែងប៉ុស្តិ៍នគរបាល ដើម្បីបង់ការផាកពិន័យ ហើយសម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបង់ការផាកពិន័យខ្លួនឯងទេ សម្តេចក៏បានបង់ផាកពិន័យ សម្រាប់ម្ចាស់ម៉ូតូផងដែរ»។
Youth Cambodia Link | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះដោយអ្នកប្រើប្រាស់ខាងលើនោះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ ត្រូវបានកាត់តមុននឹងបង្ហោះនៅលើបណ្តាញសង្គម។ ការពិតច្បាប់ដើមនៃរូបថតនេះ គឺជារូបថតពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកបរ និងជិះម៉ូតូដោយពុំបានពាក់មួកសុវត្ថិភាពខណៈពេលលោកចុះសួរសុខទុក្ខពលរដ្ឋនៅត្រង់ចំណុចក្បែរស្ពាននាខេត្តកោះកុងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ។

Title:រូបលោក ហ៊ុន សែន រួមដំណើរជាមួយព្រះមហាក្សត្រខ្មែរជារូបថតកាត់ត
Fact Check By: Kakada SimResult: Altered
