តើ​លោក​ ហ៊ុន​ សែន​ ទទួល​មរណភាព​ដូចគេ​​អះ​អាង​មែន​ឬ​?

False Political

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​នឹង​កំពុង​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម ការ​រិះគន់ និង​ការ​ចោទ​ប្រកាន់​ផ្សេងៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជាច្រើន​ឆ្នាំមក​ហើយ។ ក្នុង​ចំណោម​នោះ​ ដំណឹង​មួយ​អះ​អាង​ថា​លោក​ ហ៊ុន​ សែន​ បាន​ទទួល​មរណភាព​ ​ត្រូវ​បាន​ចែក​ចាយ​ និង​ផ្ស​ព្វ​ផ្សាយ​នៅ​តាម​បណ្តាញ​សង្គម​យ៉ាងផុស​ផុល​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ​។​

ទោះជាយ៉ាងណា ការ​​ត្រួត​ពិនិត្យ​ការ​ពិតរបស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​មួយ​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​មិថុនា​ ឆ្នាំ​២០២២​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​កម្រង​ផ្កា​ដោយ​មាន​រូប​ថត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​​ សែន​ នៅ​ក្នុង​ពិធី​បុណ្យ​សព​មួយ​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា​ TV Sorn Dara ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ថា​ «ដំណឹង​មរណភាព​»។​ រូប​ថត​ជាមួយ​សំណេរ​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក បាន​សរសេរ​រៀប​រាប់​ថា​ «កើតបញ្ច្រាសជើង ងាប់បញ្ច្រាសទិស»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​​លើ​ការ​អះអាង​នេះ​ តាម​រយៈ​ការ​ពិនិត្យ​មើលសារ​បង្ហោះ​នានា​ នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​​​សេចក្ដី​ប្រកាស​ព័ត៌មាន​ផ្លូវការ​របស់​រដ្ឋាភិបាល​​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ 

ដំណឹង​មរណភាព​របស់​មេដឹកនាំ​ប្រទេស គួរ​តែ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ដោយ​ស្ថាប័ន​រដ្ឋាភិបាល ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន និងតាម​មធ្យោបាយ​នៃ​ការ​ផ្សព្វផ្សាយ​​សំខាន់ៗ​ដទៃ​ទៀត ប៉ុន្តែ ​គិត​ត្រឹម​មក​ដល់​ថ្ងៃ​ទី​០៨​ ខែ​មិថុនា​នេះ​ យើង​សង្កេត​ឃើញ​ថា​ នៅ​តាម​បណ្តា​ព័ត៌​មាន​ជាតិ​ និង​អន្តរ​ជាតិ​ ពុំ​មាន​ព័ត៌​មាន​ផ្លូវ​ការ​​ណាមួយ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អំពី​ករណី​មួយ​នេះ​ឡើយ​។​

តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បង្ហោះ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​០៥​ ខែ​មិថុនា​ ឆ្នាំ​២០២២​ថ្មី​ៗ​នេះ​ បង្ហាញ​រូប​លោក​ និង​ភរិយា​ អញ្ជើញ​ទៅ​បោះ​ឆ្នោត​ឃុំ​​សង្កាត់​ ​នៅ​មណ្ឌល​បោះ​ឆ្នោត​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុកខាង​លើ​​ បាន​សរសេរ​រៀប​រាប់​ថា​ «សម្តេច​តេជោ​ ហ៊ុន​ សែន​ និងស​ម្តេចកិ​ត្តិព្រឹទ្ធបណ្ឌិត​ អញ្ជើញ​បោះឆ្នោត​នៅសា​លាគរុកោសល្យ​ និង​វិក្រឹត្យការ​ ក្រុង​តាខ្មៅ​»។​

Facebook Post | Archived Link

វត្តមាន​របស់​លោក ហ៊ុន​ សែន​ និង​ភរិយា​ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន​នា​នា​ នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ផង​ដែរ។ ខាង​ក្រោម​នេះ​​ គឺ​ជា​វីដេអូ​ឃ្លីប​បង្ហាញ​ទិដ្ឋភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ និង​ភរិយា​ នៅ​ក្នុង​មណ្ឌល​បោះ​ឆ្នោត​នា​ក្រុង​តាខ្មៅ​។​

TVK Link | Archived Link

ការ​អះ​អាង​បែប​នេះ​ទៅ​លើ​ក្រុម​គ្រួសារ​ និង​លោក​ផ្ទាល់​ ត្រូវ​បាន​ស្ថាប័ន​ត្រួត​ពិនិត្យ​ការពិត​ Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ជា​រឿយ​ៗ​ថា​ ការ​អះ​អាង​ទាំង​ឡាយ​នោះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ សម្រាប់​ព័ត៌មាន​លម្អិត​ សូម​អាន​អត្ថបទ «បង​ប្រុស និង​ប្អូន​ស្រី​លោក ហ៊ុន សែន នៅ​រស់​រាន​មាន​ជីវិត​ដូចធម្មតា​ខុស​ពី​ការ​អះ​អាង» និង​អត្ថបទ​ «លោក ហ៊ុន សែន និង​ភរិយា​នៅ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ មិន​ដូច​ការ​បង្ហោះ​ព័ត៌មាន​នោះ​ឡើយ»។​

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ និង​ការ​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ នៅ​រស់​រាន​មាន​ជីវិត​ដូច​ធម្មតានៅ​ឡើយ​ទេ​ ហើយ​លោក​ និង​ភរិយា​ទើប​តែ​បង្ហាញ​វត្ត​មាន​នៅ​ក្នុង​មណ្ឌល​បោះ​ឆ្នោត​នា​ក្រុង​តាខ្មៅ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​០៥​ ខែ​មិថុនា​​នេះ​។​

Avatar

Title:តើ​លោក​ ហ៊ុន​ សែន​ ទទួល​មរណភាព​ដូចគេ​​អះ​អាង​មែន​ឬ​?

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *