Fact Check: ​មិន​ទាន់​មាន​ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​ណា​ម្នាក់​មក​ដល់​​កម្ពុជា​នៅ​ឡើយ​ទេ​​

Misleading Social

​លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​​កាល​ពី​សប្តាហ៍​មុន​នេះ​ ពី​ការ​ទទួល​យក​​ជន​ភៀស​ខ្លួន​​ ជន​ជាតិ​អាហ្វហ្គានីស្ថាន​​ប្រមាណ​ជាង​ ៣០០​នាក់​ ​មក​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​​បណ្តោះ​អាសន្ន​ ​មុន​នឹង​ពួក​គេ​ស្វែង​រក​​ប្រទេស​ទី​៣​​ដើម្បី​ស្នាក់​នៅ​បន្ត​។ ការ​ប្រកាស​នេះ​​ បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ចម្រុះ​ទាំង​ការ​សាទរ​ និង​ការ​រិះ​គន់​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នានា​។​

ទន្ទឹម​នឹង​នេះ​​ ​មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ក្រុម​មនុស្សមួយ​ក្រុម​កំពុង​អង្គុយ​នៅ​ក្នុង​យន្ត​ហោះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​អះ​អាង​ថា​ ជា​​ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ក្រុម​ការ​ងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​មួយ​នេះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​សីហា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ក្រុម​មនុស្សមួយ​ក្រុម​កំពុង​តែ​អង្គុយ​នៅ​ក្នុង​យន្ត​ហោះ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ក៏​បាន​សរសេរ​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ដែរ​ថា​ «ស្វាគមន៍​ការ​មក​កាន់​ប្រទេស​កម្ពុជា​»។​ ​

រូប​ថត​ និង​សំណេរ​អះ​អាង​មួយ​នេះ​ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ពាន់​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​​ខាង​លើ​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «សូម​ស្វាគមន៍​ចំពោះ​ការ​មក​កាន់​ប្រទេស​កម្ពុជា​ យើង​មិន​រើស​អើង​ថា​អ្នក​មក​ពី​ណា​ និង​កាន់​សាសនា​អ្វី​នោះ​ទេ​ ពលរដ្ឋ​យើង​ចាត់​ទុក​ជាតិ​សាសន៍​ទាំង​អស់​មាន​សិទ្ធិ​សេរីភាព​ និង​ការ​រស់​នៅ​ស្មើ​គ្នា​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​លើ​រូបភាព​ទាំង​ឡាយ​នេះ​ តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

តាម​រយៈ​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​របស់​ប្រទេស​​ទួរគី​ Anadolu​ បាន​ផ្សព្វ​ផ្សាយ​រូប​ថត​មួយ​សន្លឹកដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​​នេះ​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​មេសា​ ឆ្នាំ​២០១៨​មក​ម្ល៉េះ​នៅ​លើ​គេហ​ទំព័រ​របស់​ខ្លួន​ ដោយ​មាន​ចំណង​ជើង​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «ទួរគី​បណ្តេញ​ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​ចំនួន​ ៧៧៨​នាក់​»។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ដែល​ផ្តាម​ចេញ​ពី​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​ ដោយ​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​​អេស្ប៉ាញ​ថា​ «Unos 324 refugiados afganos, que habían entrado en territorio turco de forma ilegal, fueron puestos a disposición de la Dirección Provincial de Inmigración en Erzurum»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​តាម​រយៈ​កម្មវិធី​ Google Translate ដែល​មាន​ន័យ​ថា​ «ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​ប្រមាណ​ ៣២៤​នាក់​ ដែល​បាន​ចូល​ទឹក​ដី​ទួរគី​ដោយ​ខុស​ច្បាប់​នោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​»​។​ 

Anadolu News Report | Archived Link

ករណី​នៃ​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ខុស​ច្បាប់​ដែល​ស្នាក់​នៅ​ក្នុង​ប្រទេស​ទួរ​គី​ ត្រឡប់​ទៅ​កាន់​ប្រទេស​អាហ្វហ្គានីស្ថាន​នេះ​ ក​៏​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​​ផង​ដែរ​ដោយ​គេហ​ទំព័រ​សារ​ព័ត៌​មាន​ AP News កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​សីហា​ ឆ្នាំ​២០២១​ កន្លង​ទៅ​ថ្មី​ៗ​នេះ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​​អង់​គ្លេស​ថា​ «The photo showed some 324 Afghan refugees who had entered Turkish territory illegally and were detained and sent back to Afghanistan, according to an April 2018 article on the Spanish-language version of the Anadolu Agency’s website.»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «រូប​ថត​នេះ​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​ប្រមាណ​ ៣២៤​នាក់​ ដែល​បាន​ចូល​ទឹក​ដីទួរគី​ដោយ​ខុស​ច្បាប់​ ហើយ​ត្រូវ​បាន​ឃុំខ្លួន​ និង​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​អាហ្វហ្គានីស្ថាន​វិញ​»។​

AP News Report | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​ការ​បង្ហោះ​រូបថត​ជាមួយ​នឹង​ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។ រូប​ថត​មួយ​សន្លឹក​នេះ​ មិន​មែន​ជា​ទិដ្ឋភាព​នៃ​ជន​ភៀស​ខ្លួន​ជន​ជាតិ​អាហ្វហ្គានីស្ថាន​ ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​នោះ​ឡើយ​។​ ការ​ពិត​រូប​ថត​នេះ​ត្រូវ​បាន​រក​ឃើញ​ដំបូង​ឡើង​ នៅ​លើ​គេហទំព័រ​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​ប្រទេស​ទួរគី​ តាំង​ពី​ខែ​មេសា​ ឆ្នាំ​២០១៨​មក​ម្ល៉េះ​ អំឡុង​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​បញ្ជូន​​ទៅ​កាន់​ប្រទេស​ខ្លួន​វិញ​ ក្រោយ​ពី​ស្នាក់​នៅ​​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​​ទួរគី។​

Avatar

Title:មិន​ទាន់​មាន​ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​ណា​ម្នាក់​មក​ដល់​​កម្ពុជា​នៅ​ឡើយ​ទេ​​

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *