
លោក ស ខេង គឺជាថ្នាក់ដឹកនាំជាន់ខ្ពសមួយរូបរបស់កម្ពុជា កាន់តំណែងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃហើយទទួលបានគោរមងារ«សម្ដេច»។ នៅក្នុងជួរគណបក្សប្រជាជនកម្ពុជាវិញ លោក ស ខេង មាន ឋានៈជាអនុប្រធានគណបក្ស និងជាសមាជិកមួយរូបនៃគណៈអចិន្ត្រៃយ៍ ដែលជាក្បាលម៉ាស៊ីនដឹកនាំរបស់ គណបក្សកាន់អំណាច។ ជារឿយៗ លោក ស ខេង ត្រូវបានផ្គូរផ្គង់ដោយមហាជនថា ជាគូប្រជែងអំណាចនៅក្នុង គណបក្សជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ទន្ទឹមគ្នានេះ មានការអះអាងលើបណ្ដាញសង្គមថា ថ្នាក់ដឹកនាំជាន់ខ្ពស់រូបនេះ ត្រូវបានគេចាប់ខ្លួន ហើយព័ត៌មាននេះ ត្រូវបានចែករំលែកបន្តគ្នានៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
ការពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ អ្នកប្រើបណ្តាញសង្គមហ្វេសបុកម្នាក់ បានអះអាងថា លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានគេចាប់ខ្លួន។ ការអះអាងថាលោកត្រូវបានគេចាប់ខ្លួននេះ ត្រូវបានចែករំលែកតៗដោយអ្នកប្រើហ្វេសប៊ុកមួយចំនួន។
លោក ស ខេង គឺជាអ្នកនយោបាយខ្មែរ និងជាសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច នាពេលបច្ចុប្បន្ននេះ។ លោក ស ខេង កាន់តំណែងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃចាប់តាំងពីឆ្នាំ១៩៩២មកម្ល៉េះ។
ប៉ុស្តិ៍របស់អ្នកប្រើហ្វេសបុក បានសរសេររៀបរាប់យ៉ាងខ្លីថា «ព័ត៌មានបន្ទាន់ ក្រឡាហោម ស ខេង ត្រូវបានចាប់ខ្លួន»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់ការពិតជុំវិញការអះអាងនេះតាមរយៈការសម្ភាសដោយផ្ទាល់ ជាមួយនឹងអ្នកនាំពាក្យនគរបាលជាតិ និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
តាមការបញ្ជាក់តាមប្រព័ន្ធទូរស័ព្ទជាមួយនឹង Fact Crescendo Cambodia នៅថ្ងៃទី២៨ ខែមេសានេះ អ្នកនាំពាក្យ នគរបាលជាតិ លោក ឆាយ គឹមឃឿន បានបដិសេធចំពោះការអះអាងនេះ ហើយបានប្រាប់ឱ្យស្វែងរកការបញ្ជាក់ បន្ថែមពីខុទ្ទកាល័យរបស់លោក ស ខេង។
ដោយឆ្លើយតបនឹងការស្នើសុំការបញ្ជាក់ពី Fact Crescendo Cambodia នៅថ្ងៃទី២៨ ខែមេសានេះ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ លោក ផាន សុផានិត ក៏បានបញ្ជាក់ប្រាប់តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមផងដែរថា គ្មានករណី ការចាប់ខ្លួនលោក ស ខេង បែបនេះកើតមានឡើងនោះទេ។
លោក ផាន សុផានិត ក៏បានបង្ហាញនូវរូបថតនៃកិច្ចប្រជុំមួយរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដែលដឹកនាំដោយលោក ស ខេង ហើយកិច្ចប្រជុំនោះបានកើតឡើង ៦ថ្ងៃក្រោយពីមានការអះអាងរបស់អ្នកប្រើប្រាស់ខាងលើនេះ។
ទំព័រហ្វេសបុកផ្លូវការរបស់លោក ស ខេង Fact Crescendo Cambodia បានបង្ហាញថា កាលពីព្រឹកថ្ងៃទី២៦ មេសា កន្លងទៅនេះ លោក ស ខេង ក៏បានដឹកនាំកិច្ចប្រជុំស្ដីពីសកម្មភាព និងវិធានការអនុវត្តក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់។ កិច្ចប្រជុំនោះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ Zoom ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំនគរបាលជាតិ។
នៅថ្ងៃទី២៦ ខែមេសានោះដែរ ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានបង្ហោះផងដែរនូវរូបថតនៃកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង។
សន្និដ្ឋាន (Conclusion)
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលបានរៀបរាប់ខាងលើនេះ គឺមិនត្រឹមត្រូវនោះឡើយ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បំពេញការងារពីគេហដ្ឋានរបស់លោក ហើយបានដឹកនាំកិច្ចប្រជុំមួយតាមអនឡាញជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងនគរបាលជាតិ។

Title:Fact Check: គ្មានការចាប់ខ្លួនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដូចការអះអាងលើហ្វេសប៊ុកទេ
Fact Check By: FC Cambodia TeamResult: False