
រូបថត និងវីដេអូជារាប់លាន ត្រូវបានបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាមួយរៀងរាល់ថ្ងៃ ក្នុងនោះមានទាំងរូបថត និងវីដេអូខ្លះ ត្រូវបានបកស្រាយដោយមិនត្រឹមត្រូវទៅនឹងអត្ថន័យដើមនោះឡើយ។ ជាឧទាហរណ៍ រូបថតមួយសន្លឹកដែលបង្ហាញចម្លាក់ស្ត្រីជាប់ច្រវ៉ាក់បីកូនតូចនៅក្នុងដៃ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេរថា ស្ត្រីនឹងក្លាយជាទាសករអស់មួយជីវិត ប្រសិនបើនាងជ្រើសរើសប្ដីខុស។ រូបថតជាមួយសំណេរដូចនេះ ត្រូវបានចែករំលែកបន្តដល់ទៅរាប់ម៉ឺនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា រូបថតជាមួយសំណេរដូចនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២៥ ខែមករា ទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញចម្លាក់ស្ត្រីម្នាក់បីកូនតូចនៅក្នុងដៃ ហើយជាប់ច្រវ៉ាក់នៅនឹងករបស់នាង។
ទំព័រហ្វេសប៊ុកដដែលនេះ បានរៀបរាប់ក្នុងន័យថា ចម្លាក់ស្ត្រីរូបនេះ បង្ហាញនូវស្ត្រីរស់នៅក្នុងស្ថានភាពជាទាសករ ប្រសិនបើនាងរៀបការជាមួយប្ដីមិនល្អ។
រូបថតភ្ជាប់ជាមួយសំណេរបែបនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ចែករំលែករហូតដល់ជាង ២៤,០០០ដង និងមានការបញ្ចេញមតិយោបល់ និងប្រតិកម្មយ៉ាងច្រើនផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកដែលសរសេររៀបរាប់ថា «ឆាកជីវិតរបស់មនុស្សស្រី បើរើសប្ដីត្រូវ នឹងក្លាយជាព្រះនាង តែបើរើសប្ដីខុសវិញ នឹងក្លាយជាអ្នកទោសអស់មួយជីវិត សូមជួយ Follow Pheach Sopheak ម្នាក់មួយផង»។

រូបថតរួមជាមួយសំណេរនេះ ត្រូវបានបង្ហោះយ៉ាងព្រោងព្រាតលើបណ្ដាញសង្គមនៅក្នុងថ្ងៃទី២៥ ខែមករា។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញការចែករំលែកនូវរូបថត និងសំណេរនេះ។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យទៅលើរូបថតមួយសន្លឹកនេះ និងខ្លឹមសារនៃរូបចម្លាក់ក្នុងរូបថតនេះផងដែរតាមរយៈ Google Reverse Image ដែលនាំឱ្យបានជួបប្រទះនឹងរូបថតដូចគ្នាទាំងស្រុង និងខ្លឹមសារនៃរូបចម្លាក់នេះផងដែរ។
រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញផ្សព្វផ្សាយដោយសារព័ត៌មានអន្តរជាតិនានាកាលពីឆ្នាំ២០១៨កន្លងមក បន្ទាប់ពីសារមន្ទីរកេរដំណែល (The Legacy Museum) ត្រូវបានបើកដំណើរការឱ្យសាធារណជនចូលទស្សនា។
បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន NBC រូបថតមួយសន្លឹកនេះ គឺជាទិដ្ឋភាពមួយជ្រុងនៃកន្សោមរូបចម្លាក់ធ្វើពីស្ពាន់ ដែលត្រូវបានដាក់បង្ហាញនៅឯទីតាំង The National Memorial for Peace and Justice ស្ថិតនៅទីក្រុងម៉ុងហ្គូមឺរី(Montgomery) រដ្ឋអាឡាបាម៉ា(Alabama)។

រូបថតនៃរូបចម្លាក់នេះ ក៏ត្រូវបានបង្ហោះនៅលើវេបសាយសារមន្ទីរផងដែរ ហើយខ្លឹមសារនៃរូបចម្លាក់នេះ គឺបង្ហាញពីភាពឃោឃៅ ការឈឺចាប់ និងការសម្លាប់ជនជាតិស្បែកខ្មៅនៅក្នុងរបបទាសភាពនៃប្រវត្តិសាស្ត្រអាមេរិកកាលពីជាង ១០០ឆ្នាំមុន។

The Legacy Museum | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងទៅលើអត្ថន័យនៃរូបថតរូបចម្លាក់នេះ មិនត្រឹមត្រូវនោះឡើយ ដែលធ្វើឱ្យមានការយល់ច្រឡំ។ រូបចម្លាក់នេះ មិនមែនបង្ហាញទុក្ខលំបាក និងការឈឺចាប់របស់ស្ត្រី ដែលប្រៀបដូចទៅនឹងការធ្លាក់ទៅក្នុងទាសភាពគ្រួសារនោះឡើយ។ រូបថតមួយសន្លឹកនេះ គឺជាផ្នែកមួយនៃសំណុំរូបចម្លាក់បង្ហាញពីជំនួញទាសភាពជនជាតិស្បែកខ្មៅនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលរូបចម្លាក់ធ្វើពីស្ពាន់នេះ ត្រូវបានដាក់បង្ហាញនៅឯសារមន្ទីរកេរដំណែល (The Legacy Museum) ស្ថិតនៅទីក្រុងម៉ុងហ្គូមឺរី រដ្ឋអាឡាបាម៉ា។

Title:រូបថតរូបចម្លាក់ទាសភាពនៅអាមេរិក ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាបកស្រាយខុស
Fact Check By: Jay UdomResult: Misleading
