
ក្រុមសកម្មប្រយុទ្ធតាលីបង់ បានចូលកាន់អំណាចទាំងស្រុងលើប្រទេសអាហ្វហ្កានីស្ថាននាកាលពីពាក់កណ្ដាលខែសីហាកន្លងមកនេះ បន្ទាប់ពីកងទ័ពអាមេរិកសម្រេចដកចេញពីប្រទេសនេះ ក្រោយធ្វើសង្គ្រាមប្រឆាំងភេរវកម្មអស់រយៈពេល ២០ឆ្នាំមកនោះ។ ក្រោយពីពួកគេឡើងគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានមក រូបថត វីដេអូ និងព័ត៌មានជាច្រើន បានលើកឡើងអំពីអំពើហិង្សាដែលក្រុមនេះចាប់ផ្ដើមអនុវត្តទៅលើប្រជាជនមួយចំនួន ដែលជាអ្នកធ្លាប់បម្រើការជាមួយកងទ័ពអាមេរិក។
ក្នុងចំណោមនោះ រូបថតមួយសន្លឹកដែលបង្ហាញបុរសម្នាក់ត្រូវបានព្យួរនឹងឧទ្ធម្ភាគចក្រមួយគ្រឿងនោះ ត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកជាមួយការអះអាងថា បុរសម្នាក់នោះ ត្រូវបានពួកតាលីបង់ព្យួរកនឹងឧទ្ធម្ភាគចក្រនោះ។ រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដងពីសំណាក់អ្នកប្រើប្រាសបណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ រួមជាមួយការបញ្ចេញមតិថ្កោលទោសទៅលើទង្វើរបស់ពួកតាលីបង់ផងដែរ។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ក្រុមការងារ Fact Crescendo បានរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ ហើយធ្វើឱ្យយល់ច្រឡំផងដែរ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី០៣ ខែកញ្ញាកន្លងមកថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតពីរសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលរូបថតមួយសន្លឹកក្នុងចំណោមនោះ បង្ហាញឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ហោះហើរដោយមានអ្វីមួយមានរូបរាងដូចមនុស្សយោងនៅខាងក្រោម។
អ្នកប្រើប្រាស់បណ្ដាញសង្គមដដែលនេះ អះអាងថា ពួកតាលីបង់(Taliban)ដែលទើបតែដណ្ដើមកាន់កាប់ប្រទេសអាហ្វហ្កនីស្ថានកាលពីពាក់កណ្ដាលខែសីហាកន្លងមកនេះ បានចងកបុរសម្នាក់ទៅនឹងឧទ្ធម្ភាគចក្រនោះ ដើម្បីបង្អួតមហាជន។
រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ហើយក្នុងនោះ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានបញ្ចេញមតិដោយជឿជាក់ថា ពួកតាលីបង់បានសម្លាប់មនុស្សបែបនេះមែន។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកនោះ ដែលរៀបរាប់ថា «ពលរដ្ឋអាហ្វហ្កានីស្ថានកំពុងប្រឈមការភ័យខ្លាច។ សហរដ្ឋអាមេរិកដកទ័ពមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែមានយន្តហោះឧទ្ធម្ភាគចក្រមួយគ្រឿង ដែលជាយន្តហោះរបស់សហរដ្ឋអាមេរិកបន្សល់ទុក ហោះចងព្យួរបុរសម្នាក់បង្អួតសាធារណជន។ Aljazeera និយាយថា ជាការសម្លាប់មនុស្សដែលគាំទ្ររបបអាហ្វហ្កានីស្ថាន និងសហរដ្ឋអាមេរិក រួមនឹងការតាមសម្លាប់មនុស្សដល់គេហដ្ឋានគ្រប់ខេត្តក្រុងដទៃទៀតចំពោះអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះរបស់គេ(Taliban)»។
អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ ក៏បានចែករំលែកផងដែរនូវប៉ុស្តិ៍របស់ខ្លួននៅក្នុងក្រុមបណ្ដាញសង្គម«ជំរំព្រះអាទិត្យ» ដែលមានគណនីបណ្ដាញសង្គមដល់ទៅជាង ១៣ម៉ឺនជាសមាជិក។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានទទួលអត្ថបទពីក្រុមការងារ Fact Crescendo ប្រចាំនៅប្រទេសឥណ្ឌា ដែលបានផ្ទៀងផ្ទាត់ទៅលើរូបថត និងវីដេអូនេះរួចមកហើយកាលពីចុងខែសីហាកន្លងមកថ្មីៗនេះ។
នៅក្នុងអត្ថបទរបស់ខ្លួន ក្រុមការងារត្រួតពិនិត្យការពិត Fact Crescendo បានរកឃើញថា រូបថតនេះ គឺជាផ្នែកមួយនៃវីដេអូដែលត្រូវបានសារព័ត៌មាន Vice រាយការណ៍កាលពីថ្ងៃទី៣១ ខែសីហាកន្លងមកនេះ។
បើតាមសេចក្ដីរាយការណ៍របស់ Vice វីដេអូមួយនេះ ត្រូវបានបង្ហោះលើបណ្ដាញសង្គម Twitter ដោយគណនី Twitter មួយឈ្មោះថា Talib Times កាលពីថ្ងៃទី៣០ ខែសីហាកន្លងមកនេះ។ គណនី Twitter មួយនេះបានសរសេររៀបរាប់ជាភាសាអង់គ្លេសដូចខាងក្រោម៖
«កងទ័ពរបស់យើង! នៅពេលនេះ ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសអ៊ីស្លាមអេម៉ៃរ៉េត កំពុងហោះហើរលើទីក្រុង Kandahar និងកំពុងល្បាតលើទីក្រុងនេះ»។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីសំណេរទាំងស្រុងរបស់គណនី Twitter ឈ្មោះ Talib Times ហើយភ្ជាប់មកជាមួយតំណភ្ជាប់ផងដែរ។
ក្រុមការងារ Fact Crescendo នៅក្នុងប្រទេសឥណ្ឌា បានរកឃើញថា នៅក្នុងវីដេអូនេះ គេអាចមើលឃើញឈ្មោះសរសេរជាអក្សរអ៊ីរ៉ង់ ដែលបកប្រែបានថា វិទ្យុ Tabassum។
នៅពេលក្រុមការងារ Fact Crescendo ស្វែងរកពាក្យ «វិទ្យុ Tabassum» គេក៏បានរកឃើញថា វាគឺជាស្ថានីយ៍វិទ្យុប្រចាំតំបន់មួយស្ថិតនៅខេត្ត Kandahar។
ក្រុមការងារ Fact Crescendo នៅប្រទេសឥណ្ឌា ក៏បានទំនាក់ទំនងទៅលោក Sadiqullah Afghan ដែលជាប្រធានស្ថានីយ៍វិទ្យុនោះ។
លោក Afghan បានប្រាប់ Fact Crescendo ថា៖ «ខ្ញុំបានថតវីដេអូនោះតាមទូរស័ព្ទដៃរបស់ខ្ញុំកាលពីថ្ងៃម្សិលមិញនេះនៅជិតអគាររដ្ឋាភិបាលខេត្ត Kandahar។ យើងឃើញបុរសម្នាក់ចងភ្ជាប់ខ្លួននឹងឧទ្ធម្ភាគចក្រមួយគ្រឿង ហើយយើងភ្ញាក់ផ្អើលណាស់។ ក្រោយមក យើងបានដឹងថា វាគឺជាកងទ័ពតាលីបង់ដែលព្យាយាមបង្ហាញទង់តាលីបង់នៅលើទងដ៏ខ្ពស់មួយស្ថិតនៅក្នុងបរិវេណនៃអគារនោះ។ នោះមិនមែនជាជនស្លូតត្រង់ដែលត្រូវបានពួកតាលីបង់ព្យួរកសម្លាប់នោះទេ។ អ្វីដែលផុសផុលនៅលើបណ្ដាញសង្គមនោះ មិនមែនជាការពិតទេ»។
លោក Afghan ក៏បានចែករំលែកតំណភ្ជាប់នៃវីដេអូដែលលោកបានផុសកាលពីថ្ងៃទី៣០ ខែសីហាផងដែរ ហើយខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីសំណេររបស់លោក។
Afghan’s Tweet | Archived Link
ក្រុមការងារត្រួតពិនិត្យការពិត Fact Crescendo បានរកឃើញវីដេអូផ្សេងទៀតបង្ហាញហេតុការណ៍តែមួយ ដែលត្រូវបានបង្ហោះដោយក្រុមអ្នកសារព័ត៌មាន និងពលរដ្ឋនៅខេត្ត Kandahar ដែលវីដេអូទាំងនោះ បង្ហាញជ្រុងផ្សេងៗគ្នានៃហេតុការណ៍នោះ។
វីដេអូខាងក្រោមនេះ ត្រូវបានបង្ហោះដោយអ្នកសារព័ត៌មានអាហ្វហ្កានីស្ថានម្នាក់ លោក Arghand Abdulmanan ដែលបង្ហាញបុរសម្នាក់តោងខ្សែភ្ជាប់នឹងឧទ្ធម្ភាគចក្រនោះ។ លោក Arghand បានរៀបរាប់ថា «បុរសម្នាក់ជាទាហានព្យាយាមបង្ហោះទង់នៅកំពូលដងទងដ៏ខ្ពស់នោះ ប៉ុន្តែ ធ្វើមិនបានសម្រេចទេ»។
វីដេអូមួយទៀត បង្ហាញបុរសម្នាក់ចងខ្លួននឹងឧទ្ធម្ភាគចក្រដែលហោះហើរលើដងទងដ៏វែងនោះ ប៉ុន្តែ មិនអាចតោងចាប់កំពូលដងទងបាន។ វីដេអូនេះ ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះថា Khan Mohammad Ayan ហើយខាងក្រោមនេះ គឺជាតំណភ្ជាប់នៃវីដេអូនោះ។
នៅថ្ងៃទី៣១ ខែសីហា លោក Bilal Sarwary អ្នកសារព័ត៌មានមកពីអាហ្វហ្កានីស្ថាន បានបង្ហោះនៅលើគណនី Twitter របស់លោក ដែលបញ្ជាក់ថា លោកបាននិយាយជាមួយអ្នកបើកបរឧទ្ធម្ភាគចក្រនោះ ហើយគាត់បានបញ្ជាក់ថា បុរសម្នាក់ដែលគេមើលឃើញនៅក្នុងវីដេអូនោះ ការពិតគឺជាទាហានតាលីបង់ម្នាក់ដែលព្យាយាមបំពាក់ទងជាតិនៅលើបង្គោលដ៏វែងមួយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញប៉ុស្តិ៍របស់លោក Bilal Sarwary នៅលើគណនី Twitter របស់លោកកាលពីថ្ងៃទី៣១ ខែសីហា។
Bilal Sarwary’s Tweet | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចដែលបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ បុរសនៅក្នុងរូបថតមួយសន្លឹកនេះ មិនមែនជាការព្យួរកបុរសម្នាក់ពីសំណាក់កងកម្លាំងតាលីបង់នោះឡើយ។ បុរសនៅក្នុងរូបថតនេះ គឺជាសមាជិកសកម្មប្រយុទ្ធរបស់ក្រុមតាលីបង់ ដែលបានចងភ្ជាប់ខ្លួននឹងខ្សែមួយជាមួយនឹងឧទ្ធម្ភាគចក្រមួយគ្រឿង ដើម្បីយកទង់ក្រុមតាលីបង់ទៅបំពាក់នៅលើចុងដងទង់ជាតិ។

Title:តើក្រុមតាលីបង់ព្យួរកបុរសម្នាក់នឹងឧទ្ធម្ភាគចក្រមួយគ្រឿងមែនឬទេ?
Fact Check By: Jay UdomResult: False
