
ក្រោយពីសាលារាជធានីភ្នំពេញ បានសម្រេចឱ្យរុះរើសំណង់បណ្ដែតទឹកនានា ដោយភាគច្រើនអ្នកដែលរស់នៅតាមសំណង់ទាំងឡាយនោះជាជនជាតិវៀតណាម ចេញពីភូមិសាស្ត្ររបស់ខ្លួន វាបានក្លាយទៅជាប្រធានបទថ្មីមួយ ដែលអ្នកប្រើប្រាស់បណ្តាញសង្គមបានយកមកជជែក ដេញដោល និងចោទជាសំណួរបន្តបន្ទាប់។ ជាក់ស្តែងថ្មីៗនេះ មានរូបថតជាច្រើនសន្លឹក ដែលបានបង្ហាញអំពីទិដ្ឋភាពចាប់ចង និងធ្វើការវាយដំពីសំណាក់ក្រុមមនុស្សពាក់ឯកសណ្ឋានមួយក្រុម ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយនឹងការអះអាងថា កងទ័ពយួនចាប់ផ្ដើមបើកការបង្ក្រាបពលរដ្ឋខ្មែរក្រោមដែលប្រឆាំងយួនហើយ។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ អ្នកប្រើហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតជាច្រើនសន្លឹក ដែលបង្ហាញអំពីទិដ្ឋភាពចាប់ចង និងវាយដំពីសំណាក់ក្រុមមនុស្សមួយក្រុម។ អ្នកប្រើហ្វេសប៊ុកដដែលនេះ ក៏បានបញ្ជាក់អះអាង នៅក្នុងសារបង្ហោះរបស់ខ្លួនផងដែរថា រូបថតទាំងនេះគឺជាទិដ្ឋភាពកងទ័ពយួន (វៀតណាម) បាននឹងកំពុងបង្រ្កាបពលរដ្ឋខ្មែរក្រោមណាដែលនៅតែបន្តរៀន និងប្រកាន់ភ្ជាប់នូវទំនៀមទម្លាប់ ប្រពៃណីរបស់ខ្មែរ។
រូបថតជាមួយសំណេរនេះត្រូវបានចែករំលែកបន្តៗគ្នាជាច្រើនពាន់ដង រួមជាមួយនឹងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។
រូបភាពផ្ដាមចេញពីសារបង្ហោះរបស់អ្នកប្រើហ្វេសប៊ុកខាងលើដែលបានរៀបរាប់ជាភាសាខ្មែរ ដោយអមជាមួយនឹងរូបថតថា «កងទ័ពយួនចាប់ផ្ដើមបើកការបង្ក្រាបពលរដ្ឋខ្មែរក្រោមដែលប្រឆាំងយួន កងទ័ពយួនជាច្រើននាក់បានធ្វើការបង្ក្រាបទៅលើពលរដ្ឋខ្មែរក្រោមដែលនៅតែបន្តរៀនអក្សរខ្មែរ នឹងកាន់ប្រពៃណីទំនៀមទម្លាប់ ដោយមិនខ្ចីរៀនអក្សរយួន នឹងកាន់ប្រពៃណីយួនតាមយួនបញ្ជា ទើបយួនធ្វើការបង្ក្រាបយ៉ាងសាហាវឃោរឃៅបែបនេះ។ ទង្វើរបស់យួនគឺអមនុស្សធម៌ជាទីបំផុត ដែលរឹតត្បិតសេរីភាពពលរដ្ឋខ្មែរក្រោម។ សត្រូវមិនមែនមិត្ត(ចាំទុក)!!»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រូបថតតាមរយៈកម្មវិធី Google Reverse Image ដែលនាំឲ្យទៅរកឃើញប្រភពដើមនៃទិដ្ឋភាពរូបថតទាំងឡាយនេះដែលមានទម្រង់ដូចគ្នាទាំងស្រុង។
រូបថតដែលមានទម្រង់ និងសណ្ឋានដូចគ្នានេះ ត្រូវបានរកឃើញនៅក្នុងគេហទំព័រសារព័ត៌មាន Rohingya News Agency ដែលបានចុះផ្សាយតាំងពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦កន្លងមកម្ល៉េះ។ នៅក្នុងសេចក្តីរាយការណ៍មួយនេះ ក៏បានបញ្ជាក់ផងដែរទាក់ទងទៅនឹងការធ្វើទារុណកម្មពីសំណាក់ក្រុមយោធាភូមា និងជាពិសេសទៅលើក្រុមជនជាតិរ៉ូហ៊ិនយ៉ា។ គេហទំព័រសារព័ត៌មាន បានផ្សព្វផ្សាយទៀតថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជនជាតិរ៉ូហ៊ីនយ៉ាបានប្រឈមមុខនឹងការសម្លាប់ធ្វើទារុណកម្ម និងការដុតរហូតដល់មានមនុស្សរាប់ពាន់នាក់បានឡើងជិះទូកដោយមិនដឹងថា តើពួកគេនឹងនាំទៅសម្លាប់នៅពន្ធនាគារ ឬទៅជំរុំ។
រូបភាពផ្ដាមចេញពីគេហទំព័រសារព័ត៌មាន Rohingya News Agency បានសរសេររៀបរាប់ចំណងជើងជាភាសាអារ៉ាប់ថា «مسلمو «الروهينجا» في رمضان .. بين السجن والتعذيب والاستئصال الممنهج» ឬប្រែជាភាសាខ្មែរតាមរយៈកម្មវិធី Google Translate មានន័យថា «មូស្លីមរ៉ូហ៊ីនយ៉ានៅរ៉ាម៉ាដាន – រវាងការជាប់ពន្ធនាគារ ការធ្វើទារុណកម្ម និងការលុបបំបាត់មនុស្សធម៌»។
Rohingya News Agency Report | Archived Link
រូបថតមួយសន្លឹកនេះ ក៏ត្រូវបានចុះផ្សព្វផ្សាយផងដែរជាភាសាឥណ្ឌូនេស៊ីនៅគេហទំព័រសារព័ត៌មាន Eramuslim កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ។ តាមសេចក្តីរាយការណ៍ដែលបានផ្សាយខាងលើ បានឲ្យដឹងថា អ្នកដែលនៅរស់រានមានជីវិតពីការសម្លាប់រង្គាលពីសំណាក់កុ្រមរបបយោធាភូមា បាននិយាយថា ការសម្លាប់រង្គាល រួមទាំងការកាត់ក្បាលកុមារ និងការដុតបំផ្លាញទៅលើទីជម្រករបស់ជនមូស្លីមរ៉ូហ៊ីនយ៉ា កំពុងនៅតែបន្តមាន។
រូបភាពផ្ដាមចេញពីគេហទំព័រសារព័ត៌មាន Eramuslim បានសរសេររៀបរាប់ចំណងជើងជាភាសាឥណ្ឌូនេស៊ីថា «Tentara Myanmar Potong Leher Bocah Muslim Rohingya» ឬប្រែសម្រួលជាភាសាខ្មែរតាមរយៈកម្មវិធី Google Translate ថា «ទាហានភូមាបានកាត់ករបស់ក្មេងប្រុសមូស្លីមរ៉ូហ៊ីនយ៉ា»។
Eramuslim Media Report | Archived Link
វីដេអូមួយទៀតដែលត្រូវបានគេបង្ហោះកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ នៅក្នុងគេហទំព័រ Youtube បានបង្ហាញនូវទិដ្ឋភាព និងទីកន្លែងដូចគ្នាទាំងស្រុងទៅនឹងរូបថតដែលគេបានអះអាងខាងលើផងដែរ។
ដោយមានជំនួយពីក្រុមការងារ Fact Crescendo Myanmar ក្នុងការជួយសម្រូលបកប្រែ និងធ្វើការបំភ្លឺបន្ថែមទៅលើករណីនេះ Fact Crescendo Myanmar បានឱ្យដឹងយ៉ាងដូច្នេះថា ក្នុងវីដេអូប្រមាណជា ៩នាទីជាង វាបានបង្ហាញនូវក្រុមយោធាមួយក្រុមដែលនិយាយគ្នាជាភាសាភូមា ដែលបានចាប់ចង និងលាយឡំទៅដោយការវាយដំ សួរចម្លើយទៅកាន់មនុស្សមួយក្រុម។
តាមរយៈវីដេអូខាងលើ Fact Crescendo Myanmar បានបន្តទៀតថា ពួកក្រុមដែលមានសម្លៀកបំពាក់ឯកសណ្ឋានជាយោធានោះ បានធ្វើការសាកសួរព័ត៌មានទៅលើបុរសម្នាក់ដែលកំពុងអង្គុយលត់ជង្គង់នោះថា «តើអ្នកដទៃផ្សេងទៀតនៅឯណា?»។
ទន្ទឹមគ្នានេះដែរ បុរសដែលត្រូវបានគេសួរនាំនោះបានឆ្លើយតបទៅវិញ «គេអត់ដឹងទេ»។ ក្នុងវីដេអូដដែលនេះដែរ ក្រោយបន្តិចម្នាក់យោធានោះ ក៏បានបន្តសួរទៅកាន់បុរសនោះទៀតថា «តើឯងចង់ស្លាប់ឬ?»។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថាការអះអាងរបស់អ្នកប្រើហ្វេសប៊ុកដូចបានរៀបរាប់ខាងលេីនេះ គឺមិនត្រឹមត្រូវនោះឡេីយ។ រូបថតប៉ុន្មានសន្លឹកនោះ មិនមែនជាទិដ្ឋភាពកងទ័ពវៀតណាមដែលបានបង្ក្រាបពលរដ្ឋខ្មែរក្រោមប្រឆាំងនឹងវៀតណាមនោះទេ។ ការពិតរូបថតទាំងឡាយនេះ គឺត្រូវបានគេរកឃើញនៅក្នុងសារព័ត៌មានអន្តរជាតិ និងមានវីដេអូដែលបានបង្ហាញអំពីកងកម្លាំងយោធារបស់ភូមា បាននឹងកំពុងចាប់ចង និងវាយដំទៅលើក្រុមមនុស្សមួយក្រុម។

Title:តើកងទ័ពវៀតណាមពិតជាបានបង្ក្រាបពលរដ្ឋខ្មែរក្រោមដែលប្រឆាំងនឹងវៀតណាមមែនឬទេ?
Fact Check By: Kakada SimResult: False
