
បន្ទាប់ពីគ្រោះរញ្ជួយដីបានវាយប្រហារប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃកាលពីម្សិលមិញនេះ រូបភាពក្មេងម្នាក់ដែលមើលទៅដូចជាជាប់ក្នុងគំនរបាក់បែកនោះ ត្រូវបានបង្ហោះលើបណ្តាញសង្គម ដែលបណ្ដាលឱ្យអ្នកប្រើប្រាស់ជាច្រើនជឿថា ក្មេងតូចនោះត្រូវបានរកឃើញនៅក្នុងគំនរបាក់បែកនៃសំណង់អគារក្រោយហេតុការណ៍រញ្ជួយដី។ រូបភាពខាងលើ បានទាក់ទាញការចាប់អារម្មណ៍ និងប្រតិកម្មយ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គមនាពេលថ្មីៗនេះ។ ទោះយ៉ាងណា Fact Crescendo បានផ្ទៀងផ្ទាត់ និងបញ្ជាក់ថា ការបង្ហោះនេះ គឺមិនត្រឹមត្រូវឡើយ។
ការអះអាងលើបណ្ដាញសង្គម
រូបថតក្មេងតូចម្នាក់ដែលហាក់ដូចជាជាប់នៅទីកន្លែងចង្អៀតមួយ ត្រូវបានគេបង្ហោះព្រោងព្រាតនៅនៅលើបណ្ដាញសង្គម ដែលនាំឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាចែកចាយបន្តយ៉ាងផុសផុល។
ខាងក្រោមនេះ គឺជារូបថតផ្ដាមចេញពីបណ្ដាញសង្គមដែលសរសេររៀបរាប់ថា “រយលានអាណិត” ដែលត្រូវបានចែកចាយបន្តរហូតដល់ជិត ៥ពាន់ដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជានៅថ្ងៃនេះ។
ថ្វីបើរូបថតនេះត្រូវបានបង្ហោះដោយគ្មានសំណេរអ្វីទាំងអស់ ប៉ុន្តែ រូបថតមួយសន្លឹកនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាបញ្ចេញមតិយោបល់អាណិតអាសូរដល់ក្មេងតូចនោះ ដោយគិតថា ក្មេងតូចនោះត្រូវបានគេរកឃើញនៅក្នុងគំនរបាក់បែក ក្រោយហេតុការណ៍រញ្ជួយដីកាលពីថ្ងៃម្សិលមិញនេះ។
ខាងក្រោមនេះ គឺជាការបញ្ចេញមតិរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា បន្ទាប់ពីរូបថតមួយសន្លឹកនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥។
បន្ទាប់មក ទំព័រហ្វេសប៊ុកមួយដទៃទៀត ក៏បានបង្ហោះនូវរូបភាពដូចគ្នានៅលើបណ្ដាញសង្គមផងដែរ ហើយត្រូវបានចែកចាយបន្ដជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកកម្ពុជា ដែលជឿទៅតាមព័ត៌មានខាងលើ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីបណ្ដាញសង្គមមួយទៀតដែលបង្ហោះរូបថតមួយសន្លឹកនេះដោយគ្មានសំណេររៀបរាប់អ្វីទាំងអស់ ប៉ុន្តែ ត្រូវបានចែកចាយបន្តរហូតដល់ជិត ៣ពាន់ដង និងមតិយោបល់ជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា ដែលភាគច្រើនសុទ្ធតែជឿថា ក្មេងតូចនៅក្នុងរូបថតនេះជាប់នៅក្រោមគំនរបាក់បែក ក្រោយហេតុការណ៍រញ្ជួយដីកាលពីថ្ងៃម្សិលមិញនេះ។
រូបភាពដូចគ្នាខាងលើ ភ្ជាប់ជាមួយនឹងការសរសេរថា «អាណិតណាស់» ក៏ត្រូវបានរកឃើញ និងបង្ហោះនៅក្នុងក្រុមហ្វេសប៊ុកដទៃទៀតយ៉ាងផុសផុលផងដែរ។
រូបភាពមួយសន្លឹកនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម Threads យកមកបង្ហោះ កាលពីខែតុលា ឆ្នាំ២០២៤កន្លងទៅ ដោយមានអ្នកប្រើប្រាស់ជាច្រើន បានបញ្ចេញមតិ និងប្រតិកម្មផងដែរ។
អ្នកប្រើប្រាស់បណ្ដាញសង្គម X មួយរួប ក៏បានបង្ហោះរូបភាពនេះ ដោយភ្ជាប់ទិដ្ឋភាពនោះ ថាជាជនរងគ្រោះជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការ Google Reverse Image Search និងពាក្យគន្លឹះដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
វីដេអូឃ្លីបប្រមាណ៣៨វិនាទី ដែលមានទម្រង់ និងសណ្ឋានដូចគ្នា ត្រូវបានរកឃើញនៅលើបណ្ដាញសង្គម TikTok ដែលត្រូវបានបង្ហោះឡើង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ។ វីដេអូដដែលនេះ មិនត្រូវបានអ្នកប្រើប្រាស់ខាងលើ បញ្ជាក់ថា ជាទិដ្ឋភាពក្មេងជាប់គំនរបាក់បែកនៅក្នុងព្រឹត្តិការណ៍ណាមួយនោះឡើយ។
ខាងក្រោម គឺជាវីដេអូឃ្លីបដើម ដែលបានកើតឡើងមុននឹងមានគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា។
អ្នកប្រើប្រាស់ដដែលខាងលើ ក៏បានបង្ហោះនូវវីដេអូដូចគ្នាមួយផ្សេងទៀត ដែលភ្ជាប់ជាមួយនឹងការបញ្ជាក់ជាភាសាអារ៉ាប់ ដែលអាចប្រែសម្រួលជាភាសាខ្មែរមានន័យថា «សូមអរគុណព្រះជាម្ចាស់ ក្មេងស្រីម្នាក់នេះ កំពុងតែលេងសប្បាយ នេះមិនមែនថតនៅហ្គាហ្សាទេ វាគឺនៅប្រទេសស៊ីរី។ សូមកុំចែករំលែកវីដេអូ ដោយអះអាងថានាងកំពុងស្ថិតក្នុងការវាយប្រហារ។ សូមអរគុណព្រះជាម្ចាស់»។
ខាងក្រោម គឺជាវីដេអូឃ្លីបមួយផ្សេងទៀត បង្ហាញទិដ្ឋភាពក្មេងស្រីពុំបានជាប់នៅក្នុងគំនរបាក់បែក ក្រោយពីមានការរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ានោះឡើយ។
វីដេអូឃ្លីបទាំងស្រុងមួយផ្សេងទៀត ពុំបានបង្ហាញទិដ្ឋភាពក្មេងស្រីម្នាក់នេះ បានជាប់នៅក្នុងគំនរបាក់បែកនោះឡើយ។ ផ្ទុយទៅវិញ វីដេអូដើម បានបង្ហាញទិដ្ឋភាពក្មេងស្រីម្នាក់នេះ កំពុងលេងជាមួយប្រហោងបង្ហូរទឹក។
គ្រោះធម្មជាតិរញ្ជួយដី ដែលបានកើតឡើងនៅភាគកណ្ដាលប្រទេសមីយ៉ាន់ម៉ា ក្នុងកម្រិត៧,៧មាត្រដ្ឋានរិចទែរ ក៏បានបង្កជាការអង្រួន និងរញ្ជួយនៃផ្នែកខ្លះនៅក្នុងប្រទេសថៃផងដែរ ដោយបង្កឱ្យមានអ្នករងគ្រោះ និងប៉ះពាល់ទៅដល់ហេដ្ឋារចនាសម័ន្ធជាច្រើននៅក្នុងប្រទេស។
ខាងក្រោម គឺជាវីដេអូរាយការណ៌ទាំងស្រុងរបស់សារព័ត៌មានអន្តរជាតិ CNN ដែលបានធ្វើឡើងកាលពីម្សិលមិញនេះ។
CNN News Report | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook | Twitter | Telegram | Google News | TikTok | WhatsApp
សន្និដ្ឋានFact Crescendo Cambodia រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើ មិនត្រឹមត្រូវនោះទេ។ វីដេអូដើម ត្រូវបានរកឃើញនៅប្រទេសស៊ីរី តាំងពីខែតុលា ឆ្នាំ២០២៤ ហើយបង្ហាញទិដ្ឋភាពក្មេងស្រីម្នាក់ កំពុងលេងជាមួយប្រហោងបង្ហូរទឹក។ វីដេអូនេះ មិនមានការទាក់ទងនឹងគ្រោះធម្មជាតិរញ្ជួយដីដែលកើតឡើងថ្មីៗ នៅប្រទេសមីយ៉ាន់ម៉ា និងថៃនោះឡើយ។

Title:រូបភាពក្មេងដែលមើលទៅដូចជាប់ក្នុងគំនរបាក់បែក មិនមែនជាជនរងគ្រោះរញ្ជួយដីថ្មីៗនេះទេ
Written By: Kakada SimResult: Missing Context