
នារយៈពេលចុងក្រោយថ្មីៗនេះ ដំណាំមៀនប៉ៃលិនរបស់ប្រជាកសិករនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ កំពុងតែជួបប្រទះនូវបញ្ហាទីផ្សារ ដោយសារតែភាគីខាងប្រទេសថៃកំពុងតែបិទច្រកព្រំដែនរបស់ខ្លួន និងហាមឃាត់មិនឱ្យនាំចូល។ បញ្ហានេះបានធ្វើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យលោក ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យរបស់លោក ចុះទៅប្រមូលទិញពីប្រជាកសិករដែលកំពុងជួបបញ្ហានាំចេញ ដោយសារតែការបិទច្រកព្រំដែននេះ។
ទន្ទឹមនឹងនេះ រូបថតចំនួន ៤សន្លឹក បង្ហាញអំពីទិដ្ឋភាពចម្ការឪឡឹកមួយកន្លែង និងមនុស្សប្រុសស្រី ២នាក់ អង្គុយយំ ត្រូវបានបង្ហោះដោយអះអាង និងអំពាវនាវឲ្យអ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជួយគាំទ្រប្រជាកសិករខ្មែរ។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលភ្ជាប់ជាមួយនឹងការអះអាងមួយនេះ គឺធ្វើឲ្យមានការយល់ច្រឡំ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០២១ថ្មីៗកន្លងទៅនេះ ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា Sdach Reading បានបង្ហោះរូបថតចំនួន ៤សន្លឹក បង្ហាញអំពីទិដ្ឋភាពមនុស្សប្រុសស្រី២នាក់កំពុងតែយំស្រក់ទឹកភ្នែក និងទិដ្ឋភាពដំណាំឪឡឹកជាច្រើនរយផ្លែនៅក្នុងចម្ការមួយកន្លែង។ ទំព័រហ្វេសប៊ុកដដែលនេះ បានសរសេររៀបរាប់បន្ថែមនៅក្នុងសារបង្ហោះរបស់ខ្លួន ដោយអំពាវនាវសុំឲ្យប្រជាជនខ្មែរ ជួយលើកតម្កើង និងគាំទ្រទិញផលិតផលដំណាំមួយនេះ។
រូបថត និងសំណេរអះអាងនេះត្រូវបានប្រតិកម្មចម្រុះ និងចែកចាយតៗគ្នាជាច្រើនពាន់ដង នៅលើបណ្តាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ។
ខាងក្រោមនេះគឺជា រូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុកដែលបានរៀបរាប់ថា «តោះនាំគ្នា ខ្មែរជួយខ្មែរ ជួយលើកតម្កើង ផលិតផលកសិកម្ម ជនរួមជាតិយើង។ គ្មាននរណាជួយខ្មែរគ្នាយើងក្រៅពីខ្មែរគ្នាយើងនោះទេ»។
ដូចគ្នានេះ ទំព័រហ្វេសប៊ុកមួយផ្សេងទៀតដែលមានឈ្មោះថា Khmer Post ក៏បានបង្ហោះនូវរូបថត និងសំណេរប្រហាក់ប្រហែលទៅនឹងការអះអាងខាងលើផងដែរ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ។
រូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុកដែលបានសរសេររៀបរាប់ថា «#ស៊ែរបន្ទាន់មិនអស់ថ្មទេ ទឹកភ្នែកម៉ែហូរ ព្រោះខាតត្រូវជំពាក់ធនាគារ វ័ណ្ឌកព្រោះតែបិទការនាំចេញ រួមទាំងប្រជាជនខ្លាចមិនញុាំឪឡឹក ធ្វើឲ្យកសិករ ទទូចឲ្យសុំជួយទិញ និងគាំទ្រដំណាំរបស់កសិករផង រួមទាំងកំពុងមានជម្ងឺផង»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើរូបភាពទាំងឡាយនេះ តាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងជួបប្រទះនូវប្រភព និងខ្លឹមសាររូបថតនៃច្បាប់ដើមមួយចំនួន។
រូបថតបង្ហាញអំពីទិដ្ឋភាពបុរសម្នាក់បានអង្គុយយំកាន់ផ្លែឪឡឹកដែលមានទម្រង់ដូចគ្នាមួយសន្លឹកនេះ ត្រូវបានរកឃើញនៅក្នុងគេហទំព័រសារព័ត៌មានមួយរបស់ប្រទេសវៀតណាម Zing News ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤កន្លងទៅនេះ។ នៅក្នុងសេចក្តីរាយការណ៍នេះ ក៏បានបញ្ជាក់ថា អស់រយៈពេលជាច្រើនថ្ងៃហើយដែលប្រជាកសិករនៅក្នុងស្រុកថូឡៃ (Thới Lai) ខេត្តកាន់ថូ (Cần Thơ) បានរើសផ្លែឪឡឹក ហើយចាក់ចោលទៅក្នុងប្រឡាយទឹក ព្រោះចម្ការឪឡឹកដែលជិតបានប្រមូលផលនោះ ត្រូវបានខូចខាតទាំងស្រុងដោយសារតែទឹកភ្លៀង។
រូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មានដែលបានសរសេររៀបរាប់ជាភាសាវៀតណាមថា «Ông Bùi Khánh Đãng nước mắt tuôn giữa ruộng khi 1,5 ha dưa sắp thu hoạch gần như mất trắng. Ông cho biết, dưa xuất hiện bệnh sau trận mưa lớn, vì đa phần nông dân ở đây trồng theo kiểu truyền thống có phủ rơm trên mặt ruộng, không lên liếp dòng như các vùng chuyên canh khác»។
សំណេរនេះ អាចប្រែសម្រួលជាភាសាខ្មែរតាមរយៈកម្មវិធី Google Translate ដែលមានន័យថា «លោក ប៊ូ ខាញ់ដាង បានស្រក់ទឹកភ្នែកនៅឯកណ្តាលវាល នៅពេលដែលចម្ការឪឡឹកទំហំប្រមាណ ១.៥ហិកតា ដែលជិតនឹងប្រមូលផលបាននោះស្ទើរតែបាត់បង់។ គាត់បាននិយាយបន្ថែមថា ផ្លែឪឡឹកនៅក្នុងចម្ការរបស់លោកត្រូវបានបំផ្លាញ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង ព្រោះប្រជាកសិករភាគច្រើននៅទីនេះដាំដុះទៅតាមប្រពៃណីដោយចំបើងគ្របលើវាល មិនមែននៅតាមជួរភ្នំដូចតំបន់ដទៃទៀតនោះទេ»។
Zing News Report | Archived Link
ក្រុមការងារ Fact Crescendo Cambodia ក៏បានរកឃើញរូបថតរបស់ស្ត្រីម្នាក់កំពុងតែយំមួយសន្លឹកនេះផងដែរ នៅលើគេហទំព័រសារព័ត៌មានរបស់វៀតណាម VINAGRI News កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤កន្លងទៅ។ នៅក្នុងសេចក្តីរាយការណ៍ដដែលនេះ ពុំបានបញ្ជាក់ថានោះគឺជា ស្រ្តីម្នាក់នេះជាជនជាតិកម្ពុជា ឬយំដោយសារតែបញ្ហាវិបត្តិដំណាំឪឡឹកនោះឡើយ។
ខាងក្រោមនេះគឺជា រូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មានដែលបានសរសេររៀបរាប់ជាភាសាវៀតណាមថា «Người chăn nuôi khóc vì dịch cúm gia cầm» ឬប្រែសម្រួលជាភាសាខ្មែរតាមរយៈកម្មវិធី Google Translate ដែលមានន័យថា «កសិករយំដោយសារតែការប៉ះពាល់ពីជំងឺគ្រុនផ្តាសាយបក្សី»។
VINAGRI News Report | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថាការបង្ហោះរូបថតជាមួយនឹងការអះអាងដូចបានរៀបរាប់ខាងលើនេះ គឺធ្វើឲ្យមានការយល់ច្រឡំ។ រូបថតបង្ហាញវិបត្តិឪឡឹកមួយនេះ មិនមែនកើតឡើងនៅកម្ពុជាយើងនោះឡើយ។ ទិដ្ឋភាពរូបថតស្រ្តីកំពុងស្រក់ទឹកភ្នែកនោះ ការពិតគឺជាជនជាតិវៀតណាមអំឡុងពេលគាត់ទទួលរងនូវផលប៉ះពាល់ ដោយវិបត្តិជំងឺគ្រុនផ្តាសាយបក្សី ខណៈរូបថតបុរសវៀតណាមអង្គុយយំកាន់ផ្លែឪឡឹកនោះ គឺដោយសារដំណាំនៅក្នុងចម្ការរបស់គាត់ទទួលរងនូវការបំផ្លាញដោយសារតែទឹកភ្លៀងខ្លាំង។

Title:រូបថតបង្ហាញអំពីវិបត្តិដំណាំឪឡឹកមិនមែនកើតឡើងនៅកម្ពុជានោះឡើយ
Fact Check By: Kakada SimResult: Misleading
