
ខណៈដែលរុស្ស៊ីបន្តឈ្លានពានចូលទឹកដីអ៊ុយក្រែននោះ វីដេអូ និងរូបថតពាក់ព័ន្ធនឹងសង្គ្រាមមួយនេះ ត្រូវបានចែករំលែកព្រោងព្រាតនៅលើបណ្ដាញសង្គម។ ក្នុងចំណោមនោះ វីដេអូដ៏ផុសផុលមួយ ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកជាមួយការអះអាងថា វាជាទិដ្ឋភាពទាហានអ៊ុយក្រែនលាមនុស្សជាទីស្រឡាញ់របស់ពួកគេ ដើម្បីចេញទៅធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងទៅលើវីដេអូនោះភ្ជាប់ទៅនឹងវិបត្តិអ៊ុយក្រែន-រុស្ស៊ីដែលកំពុងកើតឡើងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ទំព័រហ្វេសប៊ុកមួយ បានបង្ហោះវីដេអូឃ្លីបខ្លីមួយនៅលើបណ្ដាញសង្គម ដោយអះអាងថា វីដេអូឃ្លីបនេះ បង្ហាញពីទាហានអ៊ុយក្រែនលាមនុស្សជាទីស្រឡាញ់របស់ពួកគេ ដើម្បីចូលរួមក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
វីដេអូឃ្លីបរយៈពេល ៣០វិនាទីនេះ ទទួលបានការចូលទស្សនាដល់ទៅជិត ៨ពាន់ដង ហើយត្រូវបានចែករំលែកបន្តជាច្រើនដងផងដែរ។
ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុងដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុក A+ MEDIA កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ជាមួយការរៀបរាប់ថា «Heartbreaking video of #Ukrainian Soldier Russia’s Ukraine attack»។
វីដេអូដដែលនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ខណៈដែលការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន កំពុងបន្តកើតអស់រយៈពេលមួយសប្ដាហ៍មកហើយនោះ។
គេអាចចូលទៅមើលវីដេអូដែលបង្ហោះលើបណ្ដាញសង្គមតាមរយៈតំណភ្ជាប់មួយនេះ ឬតំណភ្ជាប់មួយនេះទៀត ឬក៏តំណភ្ជាប់នេះផងដែរ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើវីដេអូមួយនេះតាមរយៈការដំណើរការ Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
យើងបានរកឃើញថា វីដេអូឃ្លីបមួយនេះ គឺជាឈុតឆាកនៅក្នុងខ្សែភាពយន្តឯកសារមួយមានចំណងជើងថា «សង្គ្រាមឈីមីរ៉ាស់» (The War of Chimeras) ដែលផលិតឡើងដោយកញ្ញា Anastasia Starozhytska និងម្ដាយរបស់នាងដែលជាអ្នកកាសែត កាលពីឆ្នាំ២០១៦កន្លងមក។

ខ្សែភាពយន្តឯកសារមួយនេះ ត្រូវបានផលិតឡើងដោយផ្អែកតាមរឿងរ៉ាវពិតរបស់ផលិតករ Anastasia Starozhytska និងគូស្នេហ៍របស់នាង ដែលបានស្ម័គ្រចិត្តចូលរួមប្រយុទ្ធនៅក្នុងសមរភូមិ Ilovaisk កាលពីឆ្នាំ២០១៤។
ខាងក្រោមនេះ គឺជាឈុតខ្លីៗនៅក្នុងខ្សែភាពយន្តឯកសារមួយនេះ ដែលត្រូវបានដាក់នៅលើបណ្ដាញ YouTube កាលពីចុងខែតុលា ឆ្នាំ២០១៨កន្លងមក។
នៅក្នុងដំណើរការផ្ទៀងផ្ទាត់របស់យើង យើងបានរកឃើញកិច្ចសម្ភាសមួយជាមួយផលិតករខ្សែភាពយន្តឯកសារនេះ កញ្ញា Anastasia Straroshytska កាលពីខែកុម្ភៈ ឆ្នាំ២០១៨កន្លងមក។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងទៅលើវីដេអូមួយនេះដូចដែលបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេឃ្លីបមួយនេះ ត្រូវបានដកស្រង់ចេញពីខ្សែភាពយន្តឯកសារ «សង្គ្រាមឈីមីរ៉ាស់» ផលិតឡើងនៅក្នុងឆ្នាំ២០១៦ ដែលបង្ហាញទាហានអ៊ុយក្រែនលាមនុស្សជាទីស្រឡាញ់របស់ពួកគេ មុននឹងចាកចេញទៅសមរភូមិ។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News

Title:ឈុតឆាកខ្សែភាពយន្តមួយត្រូវបានអះអាងភ្ជាប់នឹងវិបត្តិកំពុងកើតឡើងរវាងអ៊ុយក្រែន និងរុស្ស៊ី
Fact Check By: Jay UdomResult: Misleading
