
ក្រោយពីក្រុមយោធាភូមាបានដណ្ដើមអំណាចតាមរយៈរដ្ឋប្រហារពីរដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី អ៊ុងសាន ស៊ូជី កាលពីដើមខែកុម្ភៈកន្លងមក ព័ត៌មានពាក់ព័ន្ធនឹងវិបត្តិនយោបាយភូមា ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតលើបណ្ដាញសង្គមពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទន្ទឹមគ្នានេះ រូបថតមួយសន្លឹក ត្រូវបានចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុកជាមួយការអះអាងថា ស្ត្រីនៅក្នុងរូបថតនោះ គឺជាអ្នកស្រី អ៊ុងសាន ស៊ូជី ដែលប្រកបទៅដោយភាពក្លាហាន បានឈរនៅចំពោះមុខចុងកាំភ្លើងរបស់ពួកយោធា។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់លើរូបថតនេះ បង្ហាញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកប្រើហ្វេសប៊ុកម្នាក់ បានសរសេររៀបរាប់ពីវីរភាពរបស់អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំភូមាដែលកំពុងស្ថិតក្រោមការចាប់ឃុំខ្លួនពីសំណាក់ពួកយោធាភូមាចាប់តាំងពីរដ្ឋប្រហារកាលដើមខែកុម្ភៈកន្លងមកនេះ។ ក្រៅពីសំណេរ អ្នកប្រើហ្វេសប៊ុកដដែលនេះ ក៏បានបង្ហាញផងដែរនូវរូបថតស្ត្រីម្នាក់ឈរនៅមុខកាណុងកាំភ្លើងកាន់កាប់ដោយក្រុមមនុស្សស្ថិតក្នុងសម្លៀកបំពាកយោធា។ រូបថតនោះ ត្រូវបានគេអះអាងថាជាអ្នកស្រី ស៊ូជី។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍នេះ បានសរសេរអក្សរលើរូបថត «អូង សាន ស៊ូឃ្យី» និងឈ្មោះជាភាសាឡាតាំង «Aung San Suu Kyi»។
ភាពយន្ត The Lady
ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់ទៅលើរូបថត និងព័ត៌មានលម្អិតនៃរូបថតមួយសន្លឹកនេះតាមរយៈការដំណើរការលើកម្មវិធីស្វែងរករូបថតរបស់ Google ដែលនាំឱ្យរកឃើញដើម និងព័ត៌មានលម្អិតនៃរូបថតនេះ។
រូបថតមួយសន្លឹកនេះដែលបង្ហាញស្ត្រីម្នាក់មានរូបរាងដូចអ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវបានរកឃើញចុះផ្សាយនៅក្នុងអត្ថបទមួយនៃសារព័ត៌មានអង់គ្លេស The Guardian កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១២កន្លងមក។ បើតាមសារព័ត៌មានមួយនេះ រូបថតមួយសន្លឹកនេះ ត្រូវបានយកចេញពីខ្សែភាពយន្ត «The Lady» ដែលសម្ដែងដោយតារាភាពយន្តអន្តរជាតិ អ្នកនាង Michelle Yeoh កាលពីឆ្នាំ២០១១កន្លងមក។
រូបភាពផ្ដាមចេញពីអត្ថបទ «The Lady – review» បានសរសេរព័ត៌មាននៃរូបថតនេះថា «The Lady: a love story that shows exemplary courage» ឬអាចប្រែសម្រួលជាភាសាខ្មែរថា «The Lady: រឿងរ៉ាវស្នេហាដែលបង្ហាញនូវគំរូវីរភាព»។
The Guardian’s report | Archived Link
ខ្សែភាពយន្ត «The Lady» គឺជាភាពយន្តឆ្លុះបញ្ចាំងពីប្រវត្តិតស៊ូនយោបាយ ជីវិតស្នេហា និងគ្រួសាររបស់អ្នកស្រី អ៊ុងសាន ស៊ូជី ជ័យលាភីពានរង្វាន់ណូប៊ែលសន្តិភាពពិភពលោក ដែលត្រូវបានពួកយោធាចាប់ដាក់ខ្លួនក្នុងផ្ទះអស់រយៈពេលជាច្រើនឆ្នាំង។
ភាពយន្តមួយនេះ ត្រូវបានផលិតឡើងដោយផលិតករបារាំង លោក Luc Besson កាលពីឆ្នាំ២០១១ ហើយសម្ដែងតារាភាពយន្តហុងកុងដើមកំណើតម៉ាឡេស៊ី អ្នកស្រី Michelle Yeoh ដែលដើរជាអ្នកស្រី អ៊ុងសាន ស៊ូជី។ ចំណែកលោក David Thewlis ដែលជាតារាភាពយន្ត អ្នកនិពន្ធ ផលិតករ និងជាអ្នកសរសេររឿងសញ្ជាតិអង់គ្លេសនោះ បានដើរតួជាលោក Michael Arris ដែលជាស្វាមីរបស់អ្នកស្រី អង់សាន ស៊ូជី។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ស្ត្រីនៅក្នុងរូបថតនេះ មិនមែនជាអ្នកស្រី អ៊ុងសាន ស៊ូជី នោះឡើយ។ រូបថតមួយសន្លឹកនេះ ត្រូវបានយកចេញពីខ្សែភាពយន្ត «The Lady» ហើយស្ត្រីនៅក្នុងរូបថតនេះ គឺជាតារាសម្ដែងភាពយន្តអន្តរជាតិ អ្នកស្រី Michelle Yeoh ដែលបានដើរតួជាអ្នកស្រី អ៊ុងសាន ស៊ូជី។

Title:រូបថតារាសម្ដែង Michelle Yeoh ក្នុងរឿង «The Lady» ត្រូវបានអះអាងថាជាអ្នកស្រី អ៊ុងសាន ស៊ូជី
Fact Check By: Jay UdomResult: False
