
ថ្មីៗនេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានសម្រេចផ្ដាច់ជំនួយសម្រាប់ជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សតំបន់ការពារព្រៃឈើ«ព្រៃឡង់» បន្ទាប់ពីមើលឃើញថា ព្រៃឈើនៅតំបន់ការពារមួយនេះ បន្តរងការកាប់បំផ្លាញ ហើយសកម្មជនការពារព្រៃឈើ ត្រូវបានបង្ក្រាប។ បន្ទាប់ពីស្ថានអាមេរិកសម្រេចបែបនេះ ព័ត៌មាន រូបថត និងវីដេអូអំពីវិនាសកម្មព្រៃឈើនៅតំបន់ព្រៃឡង់ ត្រូវបានចែកចាយនៅលើបណ្ដាញសង្គម។
ក្នុងនោះ ថ្នាក់ដឹកនាំបក្សប្រឆាំងមួយរូប បានចែករំលែកព័ត៌មាននេះជាមួយនឹងរូបថតបង្ហាញពីការបាត់បង់គម្រប់ព្រៃឈើបៃតង។ រូបថតជាមួយនឹងព័ត៌មាននេះ ត្រូវបានចែករំលែកបន្តដល់ទៅរាប់ពាន់ដងរួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះរាប់ពាន់ដងផងដែរ។
ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានរកឃើញថា រូបថតមួយសន្លឹកនេះ ត្រូវបានភ្ជាប់ដោយមិនត្រឹមត្រូវទៅនឹងវិនាសកម្មព្រៃឈើនៅតំបន់ព្រៃឡង់របស់កម្ពុជា។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុកលោក អេង ឆៃអ៊ាង បានរៀបរាប់ថា សហរដ្ឋអាមេរិកបានកាត់ផ្ដាច់ជំនួយសម្រាប់គម្រោងថែរក្សាព្រៃឡង់របស់ប្រទេសកម្ពុជាហើយ បន្ទាប់ពីគម្រប់ព្រៃឈើបៃតងមួយនេះ នៅតែរងការកាប់ឈើដដែល ហើយអាជ្ញាធរប្រទេសនេះ បានបន្តធ្វើទុក្ខបុកម្នេញទៅលើសកម្មជនការពារព្រៃឈើ។
ភ្ជាប់ជាមួយសំណេរខាងលើនេះ ទំព័រហ្វេសប៊ុករបស់ថ្នាក់ដឹកនាំបក្សប្រឆាំងមួយនេះ ក៏បានបង្ហោះរូបថត ៨សន្លឹកផងដែរ ដែលរូបថតមួយក្នុងចំណោមនោះ បានបង្ហាញនូវគម្រប់ព្រៃឈើ ត្រូវបានកាប់ឆ្ការ។
រូបថតជាមួយនឹងការអះអាងភ្ជាប់ទៅនឹងការកាប់ឈើនៅតំបន់ការពារព្រៃឡង់នេះ ត្រូវបានចែករំលែកបន្តដល់ទៅរាប់ពាន់ដង និងការបញ្ចេញប្រតិកម្មរាប់ពាន់ និងមតិដល់ទៅរាប់រយពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកលោក អេង ឆៃអ៊ាង រៀបរាប់ដូចខាងក្រោម៖
«ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១
————————-
សហរដ្ឋអាមេរិកប្រកាសកាត់ផ្ដាច់ជំនួយអភិរក្សព្រៃឡង់ ដែលធ្លាប់ផ្ដល់ឱ្យរបបក្រុងភ្នំពេញកន្លងមក ដោយសារតែពិនិត្យឃើញថា ព្រៃឡង់នៅតែទទួលរងការកាប់បំផ្លាញព្រៃឈើខ្លាំងក្លាដដែល ហើយអាជ្ញាធរនៃរបបនេះ បានធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តលើសហគមន៍មូលដ្ឋាន និងសង្គមស៊ីវិលដែលចូលរួមការពារព្រៃឡង់»។
ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់ទៅលើការអះអាងនេះ និងរូបថតដែលត្រូវបានបង្ហោះភ្ជាប់នឹងខ្លឹមសារនៃការអះអាងនេះ ដើម្បីបញ្ជាក់ថា តើរូបថតមួយសន្លឹកនេះ គឺជាវិនាសកម្មព្រៃឈើនៅតំបន់ព្រៃឡង់ឬយ៉ាងណា។
ដើម្បីផ្ទៀងផ្ទាត់ការអះអាងនេះ យើងបានពិនិត្យមើលសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ហើយសម្រាប់ការត្រួតពិនិត្យរូបថតមួយសន្លឹកនេះវិញ Fact Crescendo Cambodia បានដំណើរការកម្មវិធីស្វែងរករូបថតរបស់ Google ដែលនាំឱ្យយើងឈានទៅជួបនឹងរូបថតដូចគ្នាទាំងស្រុង និងព័ត៌មានលម្អិតនៃរូបថតនេះ។
ក្នុងគេហទំព័ររបស់ខ្លួនកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថានទូតអាមេរិកប្រចាំកម្ពុជា ពិតជាបានប្រកាសពីការកាត់ផ្ដាច់ជំនួយ ដែលខ្លួនបានផ្ដល់ទៅដល់រដ្ឋាភិបាលកម្ពុជាសម្រាប់គាំទ្រដល់កិច្ខខិតខំប្រឹងប្រែងអភិរក្សធនធានធម្មជាតិតំបន់ព្រៃឡង់។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ស្ថានទូតអាមេរិកបញ្ជាក់ថា ការសម្រេចបែបនេះ បានកើតឡើង បន្ទាប់ពីមើលឃើញកំណើននៃវិនាសកម្មព្រៃឈើនៅតំបន់ការពារធម្មជាតិមួយនេះ និងការទុក្ខបុកម្មេញទៅលើសហគមន៍មូលដ្ឋាន សកម្មជន និងសង្គមស៊ីវិលការពារបរិស្ថាន។
U.S. Embassy in Phnom Penh Press Release | Archived Link
ទោះជាយ៉ាងណា រូបថតមួយសន្លឹកនេះ ដែលត្រូវបានបង្ហោះជាមួយនឹងការអះអាងខាងលើនេះ ត្រូវបានរកឃើញថា មិនមែនជាទិដ្ឋភាពនៃតំបន់ព្រៃឡង់របស់កម្ពុជានោះទេ ក្រោយពីការផ្ទៀងផ្ទាត់តាមរយៈកម្មវិធី Google Reverse Image។
រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញនៅក្នុងព្រឹត្តិប័ត្រព័ត៌មានសង្ខេបមួយរបស់សហព័ន្ធអន្តរជាតិសម្រាប់អភិរក្សធម្មជាតិ (IUCN) ចេញផ្សាយកាលពីខែកុម្ភៈ ក្នុងឆ្នាំ២០២១នេះ។ នៅក្នុងព្រឹត្តិប័ត្រព័ត៌មានរបស់ខ្លួន ស្ថាប័នអន្តរជាតិមួយនេះ បញ្ជាក់ថា រូបថតនៃការកាប់ព្រៃឈើនេះ បានកើតឡើងនៅក្នុងប្រទេសភូមា ហើយរូបថតនេះត្រូវបានថតដោយអ្នកថតរូប លី ជា (Li Jia)។
IUCN Publication | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលើនេះ ពិតជាត្រឹមត្រូវ ប៉ុន្តែ រូបថតដែលបង្ហោះភ្ជាប់ជាមួយនឹងព័ត៌មាននេះ មិនជាប់ពាក់ព័ន្ធនោះឡើយ។ រូបថតមួយសន្លឹកនេះ មិនមែនជាទិដ្ឋភាពនៃការកាប់ព្រៃឈើនៅតំបន់ព្រៃឡង់ ដែលជាតំបន់ការពារព្រៃឈើរបស់កម្ពុជានោះទេ។ រូបថតមួយសន្លឹកនេះ បង្ហាញការកាប់ព្រៃឈើនៅក្នុងប្រទេសភូមា ដែលទិដ្ឋភាពនេះត្រូវបានថតដោយអ្នកថតរូប លី ជា នៃសហព័ន្ធអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN)។

Title:រូបថតវិនាសកម្មព្រៃឈើភូមាត្រូវបានភ្ជាប់ដោយមិនត្រឹមត្រូវនឹងវិនាសកម្មព្រៃឈើតំបន់ព្រៃឡង់កម្ពុជា
Fact Check By: Jay UdomResult: Misleading
