បន្ទាប់​ពី​ទីក្រុង​ឌូបៃ​របស់​ប្រទេស​អារ៉ាប់​រួម​លិច​លង់​ដោយ​ជំនន់​ទឹក​ភ្លៀង​នា​ពេល​ថ្មីៗ​នេះ ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​ផ្សព្វផ្សាយ​ថា មាន​ត្រី​ឆ្លាម​ជាច្រើន​ជាប់​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​នៃ​ទីក្រុង​ឌូបៃ ក្រោយ​ទឹក​ជំនន់​ស្រក​ទៅ​វិញ។ ការអះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបភាព​នេះ យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការអះអាង​លើ​បណ្ដាញ​សង្គម

ព័ត៌មាន​មួយ​ដែល​កំពុង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា ត្រី​ឆ្លាម​ជាច្រើន​ក្បាល ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​នៃ​ទីក្រុង​ឌូបៃ (Dubai) ប្រទេស​អារ៉ាប់​រួម (UAE) បន្ទាប់​ពី​ជំនន់​ទឹក​ភ្លៀង​ដែល​វាយ​ប្រហារ​ទីក្រុង​នេះ បាន​ស្រក​ចុះ​ទៅ​វិញ។

ព័ត៌មាន​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​រូបថត​​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ឈរ​មើល​ត្រី​ស្ថិត​នៅ​រាយ​ប៉ាយ​នៅ​លើ​ផ្ទៃ​រាប​ស្មើ​នៅ​ក្នុង​ទីតាំង​មួយ​ដែល​មាន​ធ្នើរ​ផ្ទុក​ទំនិញ​ចម្រុះ។

បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​រួច​មក ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន បាន​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ជឿ​ថា ព័ត៌មាន​នេះ​គឺ​ជា​ការ​ពិត។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ព័ត៌មាន​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមកាល​ពី​ថ្ងៃ​ទី២១ ខែ​មេសា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “ទីក្រុង​ឌូបៃៈ ក្រោយ​ជំនន់ ទឹក​ស្រក តាម​ម៉ាត​ទំនិញ​នៃ​ទីក្រុង​ឌូបៃ​សុទ្ធ​តែ​ត្រីឆ្លាម”។

Facebook Post | Archived Link

ព័ត៌មាន​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​ដែរ។ សូម​មើល​ព័ត៌មាន​នេះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​​ខាង​លើ​នេះ​តាម​រយៈ​ការ​​​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​​វីដេអូ​នៅ​លើ​បណ្ដាញ YouTube ដែល​បង្ហាញ​ត្រី​រស់​ជាច្រើន​ក្បាល​ននៀល​នៅ​លើ​កម្រាល​ឥដ្ឋ​ការ៉ូ​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង បន្ទាប់​ពី​អាង​ចិញ្ចឹម​ត្រី​មួយ​បាន​បែក​ធ្លាយ។

វីដេអូ​នេះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​ YouTube តាំង​ពី ៦​ឆ្នាំ​មុន​ម៉្លេះ ជាមួយ​សំណេរ​បញ្ជាក់​ថា ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​ផ្សារ​ទំនើប Carrefour ស្ថិត​នៅ​ក្នុង​ទីក្រុង Tbilisi នៃ​ប្រទេស​ហ្សកហ្ស៊ី (Georgia) ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​រុស្ស៊ី។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​ YouTube ដោយ​ឆាណែល​មួយ​កាល​ពីថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨​កន្លង​មក។

Archived

ដោយសារ​តែ​វីដេអូ​នេះ​ល្បី​ផុស​ផុល​ខ្លាំង​នា​ពេល​នោះ វា​ត្រូវ​បានចុះ​ផ្សាយ​ដោយ​​សារព័ត៌មាន​អង់គ្លេស​ផង​ដែរ​នា​ឆ្នាំ​នោះ ដែល​បញ្ជាក់​ថា រឿង​រ៉ាវ​នេះ​កើត​ឡើង​នៅ​ឯ​ប្រទេស​ហ្សកហ្ស៊ី នា​ដើម​ឆ្នាំ​២០១៨។ សូម​មើល​អត្ថបទ​ព័ត៌មាន​នៅ​ទីនេះ (archived) ឬ​មួយ​ទៀត​នៅ​ទីនេះ (archived)។

វីដេអូ​មួយ​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​យក​ទៅ​បង្ហោះ​បន្ត​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​រៀបរាប់​ដោយ​មិន​ត្រឹម​ត្រូវ​ភ្ជាប់​ទៅ​នឹង​ហេតុការណ៍​ទឹក​ជំនន់​នៅ​ប្រទេស​ផ្សេង​ទៀត ប៉ុន្តែ ត្រូវ​បាន​ក្រុម​ការងារ​ត្រួត​ពិនិត្យ​ព័ត៌មាន​ក្លែង​ក្លាយ Fact Crescendo បាន​ផ្ទៀង​ផ្ទាត់​រួច​រាល់​ដែរ។ សូម​មើល​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ត្រី​ននៀល​នៅ​លើ​កម្រាល​ឥដ្ឋ​ការ៉ូ​ក្នុង​ផ្សារ​ទំនើប​នេះ មិន​មែន​កើត​ឡើង​នៅ​ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់​រួម​​នោះ​ឡើយ។ រូបភាព​នេះ ត្រូវ​បាន​ផ្ដាម​ចេញ​ពី​វីដេអូ​ចាស់​កាល​ពី ៦​ឆ្នាំ​មុន ដែល​ជា​ហេតុការណ៍​បែក​ធ្លាយ​ទូរ​ចិញ្ចឹម​ត្រី​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​ប្រទេស​ហ្សកហ្ស៊ី។

Avatar

Title:​ រូបភាព​ត្រី​ននៀល​ក្នុង​ផ្សារ​ទំនើប​មួយ​ត្រូវ​បាន​គេ​ភ្ជាប់​មិន​ត្រឹម​ត្រូវ​នឹង​រឿង​រ៉ាវ​ទឹក​ជំនន់​នៅ​ឌូបៃ

Fact Check By: Jay Udom

Result: False