
ថ្មីៗនេះ ខេត្តហឹណាន (Henan) នៅភាគខាងត្បូងប្រទេសចិន បានរងការវវាយប្រហារដោយទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ជោគជាំប៉ុន្មានថ្ងៃជាប់ៗគ្នា ដែលបណ្ដាលឱ្យមនុស្សជាច្រើននាក់ស្លាប់ មនុស្សមួយចំនួនបាត់ខ្លួន មនុស្សរាប់សែននាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង និងបណ្ដាលឱ្យខូចខាតផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធធំធេង។
ទន្ទឹមគ្នានេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា បានបង្ហោះរូបថតមួយចំនួន ដោយអះអាងថា ជាទិដ្ឋភាពនៃគ្រោះមហន្តរាយដោយទឹកជំនន់នៅក្នុងប្រទេសចិនកើតឡើងថ្មីៗនេះ។ រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តដល់ទៅរាប់រយដង។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរកឃើញថា រូបថតពីរសន្លឹកក្នុងចំណោមនោះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុកមួយបានបង្ហោះរូបថតបួនសន្លឹកជាមួយការរៀបរាប់ថា រូបថតទាំងនោះគឺជាទិដ្ឋភាពទឹកជំនន់នៅក្នុងប្រទេសចិននាពេលថ្មីៗនេះ ដែលជាទឹកជំនន់អាក្រក់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេល ៦០ឆ្នាំចុងក្រោយមកនេះ។ រូបថតជាមួយការអះអាងនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកបន្តជាច្រើនដង។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកនោះ ដែលរៀបរាប់ថា «កម្មហើយប្រទេសចិន! ជាង ៦០ឆ្នាំហើយមិនដែលកើតមានគ្រោះទឹកជំនន់ខ្លាំងបែបនេះពីមុនមកទេ ទើបតែចុងឆ្នាំ២០២១នេះ ដោយកូវីដ១៩ មិនទាន់ស្រាកស្រាន្តផង ឥឡូវមានភ្លៀងធ្លាក់ខ្លាំងបណ្ដាលឱ្យមានមនុស្សយ៉ាងហោចណាស់ ២៥នាក់បានស្លាប់ ហើយនិងខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋស្ទើរខ្ទេចខ្ទី»។

រូបថតជាមួយការអះអាងដូចគ្នានេះ ក៏ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកមួយទៀតផងដែរនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ហើយខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកនោះ។

ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថតទាំងនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតនៅលើ Google ដែលនាំឱ្យយើងបានជួបប្រទះនឹងរូបថតទាំងនេះ និងព័ត៌មានរបស់រូបថតផងដែរ។
រូបថតមួយសន្លឹកដែលបង្ហាញអគារមួយរលំផ្អៀងម្ខាងលិចទៅនឹងទឹកជំនន់នោះ ត្រូវបានរកឃើញចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយនានាកាលពីឆ្នាំ២០២០កន្លងមកនេះ។
នៅក្នុងសេចក្ដីរាយការណ៍មួយរបស់ខ្លួនចុះផ្សាយកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ សារព័ត៌មាន China Dialogue បានបញ្ជាក់ថា រូបថតមួយសន្លឹកនេះ ត្រូវបានយកពីគេហទំព័ររក្សារូបថត Alamy។
គេហទំព័រ Alamy បានរៀបរាប់នៅក្រោមរូបថតនេះថា អគារមួយ ត្រូវទឹកជន់លិចដោយសារតែភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងភូមិ Youdun ស្ថិតក្នុងស្រុកប៉យ៉ាង ទីក្រុង Shangrao ភាគខាងកើតនៃខេត្តជាំងស៊ី ប្រទេសចិន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

ចំណែកឯរូបថតមួយសន្លឹកទៀតដែលបង្ហាញអគារលំនៅឋានត្រូវទឹកជំនន់ឡោមព័ទ្ធនោះ ត្រូវបានរកឃើញចុះផ្សាយនៅលើសារព័ត៌មាន DW របស់ប្រទេសអាល្លឺម៉ង់ និងសារព័ត៌មាន The Star របស់ប្រទេសម៉ាឡេស៊ីផងដែរ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០កន្លងមក។
បើតាមសារព័ត៌មាន The Star របស់ម៉ាឡេស៊ី រូបថតមួយសន្លឹកនេះ បង្ហាញទិដ្ឋភាពពីលំហរអាកាសនៃសំណង់អគារ និងដីស្រែចម្ការ ត្រូវលិចលង់នៅក្រោមទឹកជំនន់ដោយអន្លើ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងក្លានៅក្នុងស្រុកទូឆាង (Duchang) ខេត្តជាំងស៊ី ប្រទេសចិន កាលពីខែកក្កដា ឆ្នាំ២០២០កន្លងមក។ សារព័ត៌មានម៉ាឡេស៊ីមួយនេះ បានប្រើប្រាស់រូបថតរបស់សារព័ត៌មាន China Daily នៅក្រោមបណ្ដាញកិច្ចសហការសារព័ត៌មានតំបន់អាស៊ី ហៅថា Asian News Network (ANN)។

សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតពីរសន្លឹកនៅក្នុងចំណោមរូបថតបួនសន្លឹកដែលត្រូវបានអះអាងដូចរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតពីរសន្លឹកនេះ មិនមែនជាទិដ្ឋភាពមហន្តរាយដោយទឹកជំនន់វាយប្រហារខេត្តហឹណាន (Henan) នៅក្នុងខែកក្កដា ឆ្នាំ២០២១នេះនោះឡើយ។ រូបថតទាំងពីរសន្លឹកនេះ គឺជាទិដ្ឋភាពនៃគ្រោះមហន្តរាយទឹកជំនន់វាយប្រហារខេត្តជាំងស៊ី ប្រទេសចិន កាលពីខែកក្កដា ឆ្នាំ២០២០កន្លងមក។

Title:តើរូបថតទាំងនេះជាទិដ្ឋភាពគ្រោះមហន្តរាយទឹកជំនន់នៅចិនក្នុងឆ្នាំ២០២១នេះឬ?
Fact Check By: Jay UdomResult: False
