
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងកាន់អំណាចនៅកម្ពុជា និងក្រុមគ្រួសាររបស់គាត់ ត្រូវបានអះអាងថា មានទំនាក់ទំនងផ្សេងៗជាមួយអតីតមេដឹកនាំវៀតណាមកាលពីទសវត្សរ៍១៩៨០។ ក្នុងចំណោមនោះ រូបថតមួយសន្លឹក ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមអះអាងថា ជារូបថតរបស់អ្នកស្រី ប៊ុន រ៉ានី ថតជាមួយមេដឹកនាំវៀតណាម លោក ឡេ ឌឹកថរ។ រូបថតមួយសន្លឹកនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត បានរកឃើញថា រូបថតនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២៩ ខែមិថុនាកន្លងមកនេះ គណនីហ្វេសប៊ុកមួយឈ្មោះថា ឥណ្ឌូចិន ក្រោមអាណានិគមយួន បានបង្ហោះរូបថតមួយសន្លឹកជាមួយការអះអាងថា រូបថតនេះ គឺជារូបថតអ្នកស្រី ប៊ុន រ៉ានី ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតជាមួយមេដឹកនាំវៀតណាម។
រូបថតព្រមជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកទៅក្នុងគ្រុបបណ្ដាញសង្គមមួយឈ្មោះថា ផុសដោយសេរី (Free Post) ហើយត្រូវបានចែករំលែកបន្តជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ និងមានការបញ្ចេញមតិចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកនោះ ដែលចោទសួរថា «តើពិតទេ?» និងរូបថតមួយសន្លឹកមានសំណេរសរសេរថា «នេះជារូបថតពិត សាមហ៊ាង ហៅ ប៊ុន រ៉ានី កាលមានផ្ទៃពោះជាមួយ ឡេ ឌឹកថរ»។

រូបថតដដែលនេះ ក៏ត្រូវបានទំព័រហ្វេសប៊ុកមួយឈ្មោះថា ទូរទស្សន៍ពន្លឺមនសិកាជាតិ 7 TV បង្ហោះនៅលើបណ្ដាញសង្គមផងដែរកាលពីខែតុលា ឆ្នាំ២០២០កន្លងមក។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុក ទូរទស្សន៍ពន្លឺមនសិកាជាតិ 7 TV ដែលសរសេររៀបរាប់ថា៖
«រូបភាពដ៏កម្រមួយ
——————-
នេះគឺជារុបថតរបស់ សាម ហ៊ាង បច្ចុប្បន្នឈ្មោះ ប៊ុន រ៉ានី ថតជាមួយប្ដីដើមឈ្មោះ ឡេ ដឹកថ ដែលកំពុងមានផ្ទៃពោះ ហើយកូនក្នុងផ្ទៃពោះនោះ គឺជា ឡេ ដឹកថុង ដែលបច្ចុប្បន្នឈ្មោះ ហ៊ុន ម៉ាណែត»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថតមួយសន្លឹកនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ Google ដែលនាំឱ្យយើងបានជួបរូបថតច្បាប់ដើម។
រូបថតច្បាប់ដើម ត្រូវបានរកឃើញនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកមួយឈ្មោះថា «ខ្មែរដើម្បីខ្មែរ» ដែលបានបង្ហោះកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២០កន្លងមកនេះ។ ទំព័រហ្វេសប៊ុកដដែលនេះ បានផ្ដល់រូបថតផ្សេងទៀត ដើម្បីប្រៀបធៀបគ្នា។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក «ខ្មែរដើម្បីខ្មែរ» ដែលបានសរសេររៀបរាប់ថា «អ្វីដែលប្រជាជនកម្ពុជាសោកស្ដាយបំផុតចំពោះអ្នកនយោបាយដែលតែងតែកាត់តរូបភាព ដើម្បីធ្វើការលាបពណ៌ទៅភាគីម្ខាងទៀត។ ដែលសកម្មភាពទាំងនេះ ជាអំពើដ៏អាក្រក់បំផុតមិនសមធ្វើជាអ្នកនយោបាយនោះទេ»។


Fact Crescendo Cambodia បានស្វែងរកព័ត៌មានលម្អិតបន្ថែមទៀតជុំវិញរូបថតនេះតាមរយៈការសាកសួរ ទៅលោក ដួង តារា ជំនួយការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម។ លោក ដួង តារា បានឆ្លើយតបនៅថ្ងៃទី១៦ ខែវិច្ឆិកា តាមតេឡេក្រាមថា រូបថតមួយសន្លឹក គឺពិតជារូបថតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយារបស់លោក គឺអ្នកស្រី ប៊ុន រ៉ានី។ ប៉ុន្តែ លោកប្រាប់ថា លោកមិនទាន់ទទួលបានព័ត៌មានលម្អិតដូចជា កាលបរិច្ឆេទ និងទីតាំងរបស់រូបថតនោះនៅឡើយទេ។
រូបថតរបស់លោក ហ៊ុន សែន និងភរិយារបស់លោក ត្រូវបានរកឃើញជាច្រើននៅលើបណ្ដាញសង្គម។ នៅក្នុងអត្ថបទរបស់ខ្លួនកាលពីដើមខែសីហាកន្លងមកនេះ Fact Crescendo Cambodia បានរកឃើញរូបថតមួយសន្លឹកស្ថិតនៅលើជញ្ជាំងនៃខុទ្ទកាល័យរបស់លោក ហ៊ុន សែន ត្រូវបានកាត់ត។
កាលពីខ្ទង់ពាក់កណ្ដាលខែមេសាកន្លងមក Fact Crescendo Cambodia បានផ្ទៀងផ្ទាត់ទៅលើរូបថតមួយសន្លឹកទៀត ដែលបង្ហាញអ្នកស្រី ប៊ុន រ៉ានី ឈរជាប់នឹងអតីតមេដឹកនាំវៀតណាម ហើយរកឃើញថា រូបថតច្បាប់ដើម គឺជារូបថតលោក ហ៊ុន សែន ថតជាមយយភរិយារបស់លោក។
បន្ទាប់ពីទទួលបាននូវរូបភាពកាត់តមួយចំនួន លោក ដួង តារា បានឱ្យដឹងផងដែរថា លោកបានផ្ញើរូបថតកាត់តទាំងនោះទៅនគរបាលជាតិ ដើម្បីត្រួតពិនិត្យ និងមានចំណាត់ការទៅលើអ្នកកាត់តរូបភាព និងចែកចាយរូបភាពកាត់តទាំងនោះ។
Fact Crescendo Cambodia នឹងផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីរូបថតមួយសន្លឹកនេះ នៅពេលមានការបញ្ជាក់បន្ថែមទៀតពីខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតមួយសន្លឹកដែលត្រូវបានអះអាងដូចរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ ត្រូវបានកាត់ត មុននឹងបង្ហោះលើបណ្ដាញសង្គម។ ច្បាប់ដើមនៃរូបថតនេះ គឺរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថតរូបរួមគ្នាជាមួយភរិយារបស់លោក គឺអ្នកស្រី ប៊ុន រ៉ានី។

Title:តើភរិយាលោក ហ៊ុន សែន ពិតជាបានថតរូបជាមួយមេដឹកនាំវៀតណាមមែនឬទេ?
Fact Check By: Jay UdomResult: Altered
