
ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស បានកំពុងតែរីកចម្រើនគួរឱ្យកត់សម្គាល់នោះ រូបថតបង្ហាញទិដ្ឋភាពយានយន្ដ បើកបរនៅលើដងផ្លូវខ្វាត់ខ្វែង ជាច្រើនគន្លង ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដោយភ្ជាប់ទៅនឹងការលើកឡើងថា នោះគឺជាទិដ្ឋភាពផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។
ការបង្ហោះខាងលើ ត្រូវបានចែកចាយ និងបញ្ចេញមតិជាច្រើនដង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់យើង រកឃើញថា រូបថតភ្ជាប់ទៅនឹងសំណេរបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតចំនួន ៤សន្លឹក បង្ហាញទិដ្ឋភាពយានយន្តជាច្រើនគ្រឿង បានកំពុងបើកបរធ្វើដំណើរនៅលើផ្លូវដ៏ស្រស់ស្អាតមួយ។ អ្នកប្រើប្រាស់ដដែលនេះ ក៏បានភ្ជាប់ជាមួយនឹងការលើកឡើងផងដែរថា នោះគឺជាទិដ្ឋភាពផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។
ការបង្ហោះដោយភ្ជាប់ទៅនឹងការអះអាងខាងលើ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគណនីរបស់អ្នកប្រើប្រាស់ ដែលបានសរសេរថា «នេះគឺជាផ្លូវល្បឿនលឿននៅស្រុកខ្មែរយើងណាបងប្អូន»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
រូបថតដូចគ្នាមួយសន្លឹក បង្ហាញទិដ្ឋភាពចរាចរណ៍របស់យានយន្តនៅតាមដងផ្លូវនេះ ត្រូវបានរកឃើញនៅក្នុងគេហទំព័រ Picfair។ គេហទំព័រ Picfair គឺជាគេហទំព័រមួយ ដែលជួយអ្នកថតរូប អាចរកប្រាក់កម្រៃ តាមរយៈការលក់រូបថតរបស់ពួកគេ នៅលើហាងអនឡាញរបស់ខ្លួន។ គេហទំព័រដដែលនេះ បានបញ្ជាក់ថានេះ គឺជាទិដ្ឋភាពផ្លូវមួយនៅក្នុងទីក្រុងតូរ៉ុនតូ (Toronto) ប្រទេសកាណាដា ដោយអ្នកស្រី Elena Elisseeva។ រូបថតខាងលើនេះ ត្រូវបានគេដាក់លក់នៅក្នុងតម្លៃជិត៤០ដុល្លារអាមេរិក។

រូបថតមួយសន្លឹក ដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុង ក៏ត្រូវបានរកឃើញនៅក្នុងគេហទំព័រ Shutterstock ដែលជាគេហទំព័រសោតទស្សន៍ដ៏ធំមួយផងដែរ។ គេហទំព័រដដែលខាងលើ បានបញ្ជាក់ថា រូបថតនេះ គឺជាទិដ្ឋភាពផ្លូវល្បឿនលឿនមួយ ដែលថតពីលើអាកាស នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ រូបថតនេះ មិនមែនជាទិដ្ឋភាពផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដូចដែលអ្នកប្រើប្រាស់បានអះអាងខាងលើនោះទេ។

Shutterstock Link | Archived Link
ដូចគ្នានេះ រូបថតមួយសន្លឹកផ្សេងទៀត ក៏ត្រូវបានរកឃើញនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ ដែលបានបង្ហោះកាលពី៤ឆ្នាំមុនមកម្ល៉េះ ដោយបង្ហាញទិដ្ឋភាពស្ពានជ្រោយចង្វារ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ (ថតពីត្រើយខាងលិច)។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះ និងចែកចាយដោយអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។ រូបថតទាំងនេះមិនមែនជាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុទេ។ មួយក្នុងចំណោមនោះ ត្រូវបានគេរកឃើញថាស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃ ហើយមួយក្នុងចំណោមនោះត្រូវបានគេរកឃើញថាជាស្ពានជ្រោយចង្វារក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

Title:តើនេះគឺជាទិដ្ឋភាពផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុមែនឬ?
Written By: Kakada SimResult: False
