
ក្រុមអ្នកនយោបាយមួយចំនួនរបស់កម្ពុជា តែងតែបង្ហោះជារឿយៗនូវរូបថត វីដេអូ ឬសារមួយចំនួននៅលើបណ្ដាញសង្គមប្រឆាំងនឹងប្រទេសវៀតណាម ដែលត្រូវបានចោទថា ប៉ុនប៉ងលេបយកទឹកដីកម្ពុជា។ ក្នុងនោះ រូបថតរូបសំណាកលោក ហូ ជីមិញ ស្ថាបនិកនៃប្រទេសវៀតណាមសង្គមនិយម ដែលកាន់ដាវក្នុងដៃ និងអង្គុយលើទម្រមួយនោះ ត្រូវបានបង្ហោះលើបណ្ដាញសង្គម។ រូបថតនៃរូបសំណាកនេះ ត្រូវបានបង្ហាញក្នុងន័យថា រូបសំណាកនេះ ត្រូវបានសាងសង់ឡើងនៅក្នុងប្រទេសឡាវ។
រូបថតរូបសំណាកលោក ហូ ជីមិញ មួយសន្លឹកនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុននិយាយភាសាខ្មែរ រួមជាមួយការបញ្ចេញមតិចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់ Fact Crescendo Cambodia រកឃើញថា រូបថតរូបសំណាកនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០កន្លងមក អ្នកប្រើប្រាស់ហ្វេសប៊ុកមួយ បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញចម្លាក់លោក ហូ ជីមិញ ស្ថាបនិកនៃប្រទេសវៀតណាមសង្គមនិយម ស្ថិតក្នុងលក្ខណៈអង្គុយកាន់ដាវ និងបំពាក់ដោយទង់ជាតិវៀតណាមនៅចំហៀងខ្លួននៃរូបចម្លាក់នោះ។
រូបថតមួយសន្លឹកនេះ ត្រូវបានចែករំលែកពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែររហូតដល់ជាង ១ពាន់ដង រួមជាមួយការបញ្ចេញមតិចម្រុះជាច្រើនផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុក ដែលបានបង្ហោះកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ហើយបានលោតមកបង្ហាញជាថ្មីនៅចំថ្ងៃទី១៤ ខែកញ្ញានេះ។
រូបថតនៃរូបសំណាក់នេះ ក៏ត្រូវបានទំព័រហ្វេសប៊ុកមួយឈ្មោះថា ប្រវត្តិសាស្ត្រខ្មែរ បង្ហោះផងដែរកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០កន្លងមក ពោលគឺ ២ថ្ងៃមុនការបង្ហោះរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើនេះ។
រូបថតដដែលនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Twitter ផងដែរកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០កន្លងមក។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតនេះនៅលើបណ្ដាញសង្គម Twitter។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថតនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ Google ដែលនាំឱ្យយើងជួបប្រទះនឹងរូបថតច្បាប់ដើម និងព័ត៌មានអំពីរូបសំណាក់នេះ។ រូបថតច្បាប់ដើមនៃរូបសំណាក់នេះ ត្រូវបានផ្សព្វផ្សាយយ៉ាងច្រើននៅលើបណ្ដាញអ៊ិនធឹណិត និងបណ្ដាញសង្គមផងដែរ។
រូបថតច្បាប់ដើម ត្រូវបានរកឃើញនៅលើគេហទំព័រ Getty Images ដែលផ្ដល់ព័ត៌មានថា រូបសំណាក់នេះ គឺជារូបសំណាក់ព្រះរាជាសេដ្ឋាធិរាជ ដែលជាព្រះមហាក្សត្រនៃប្រទេសឡាវ សោយរាជសម្បត្តិចាប់ពីឆ្នាំ១៥៣៤ រហូតដល់ឆ្នាំ១៥៧១។ បើតាម Getty Images រូបសំណាក់ព្រះរាជាសេដ្ឋាធិរាជ ត្រូវបានដាក់តម្កល់នៅឯវត្តព្រះធាតុហ្លួង ស្ថិតក្នុងរដ្ឋធានីវៀងចន្ទន៍។
ព្រះមហាក្សត្រ សេដ្ឋាធិរាជ ឬ ជ័យជេស្ឋា (តាមភាសាឡាវហៅថា សៃសេដ្ឋាធិរ៉ាត) ត្រូវបានគេចាត់ទុកជាមេដឹកនាំដ៏ខ្លាំងពូកែមួយរូបនៅក្នុងប្រវត្តិសាស្ត្រឡាវ ដោយបានការពារ នគរឡានសាង (ឡានឆាង ឬដំរីរាប់លាន)បានដោយជោគជ័យពីការឈ្លានពាននៃកងទ័ពភូមា ដែលបានវាយប្រហារចូលរាជធានីអាយុធ្យារបស់សៀមនៅឆ្នាំ១៥៦៤។
នៅក្នុងប្រវត្តិសាស្ត្រឡាវ ព្រះមហាក្សត្រអង្គនេះ ត្រូវបានគេផ្ដល់នាមថា ស្ដេចពីរនគរ ដោយសារទ្រង់បានសោយរាជ្យនៅនគរឡានណាផង និងនគរបាលឡានសាងផង។
ព្រះរាជាសេដ្ឋាធិរាជ បានសោយរាជ្យនៅនគរបាលឡានណា បន្ទាប់ពីស្ដេចនគរឡានណាព្រះនាមកេតុក្លៅ បានសោយទីវង្គតដោយមិនមានបុត្រាជារជ្ជទាយាទស្នងរាជសម្បត្តិឡើយ។
ព្រះរាជាកេតុក្លៅនេះ គឺជាជីតារបស់ព្រះរាជាសេដ្ឋាធិរាជ ហើយបន្ទាប់ពីទ្រង់សុគតទៅ ក្រុមមន្ត្រីជាន់ខ្ពស់នៃរាជវាំងនគរឡានណា បានឯកភាពគ្នាជាឯកច្ឆ័នប្រគល់រាជសម្បត្តិទៅឱ្យព្រះមហាក្សត្រសេដ្ឋាធិរាជ។ ព្រះនាមរបស់ព្រះរាជាសេដ្ឋាធិរាជ ត្រូវបានហៅថា ចៅជ័យសេដ្ឋាធិរាជ ហើយបានតាំងរាជធានីនៅឈៀងសែន ដែលជាខេត្តឈៀងសែន ស្ថិតនៅភាគខាងជើងរបស់ប្រទេសថៃសព្វថ្ងៃនេះ។
ព្រះរាជាអង្គនេះ ក៏ជាព្រះមហាក្សត្រនគរឡានសាង (ឡានឆាង)ផងដែរ បន្ទាប់ពីព្រះបិតារបស់ទ្រង់ព្រះនាម ពោធិសារារ័ត្ន បានសោយទីវង្គត់។ ទ្រង់បានឡើងសោយរាជ្យសម្បត្តិ បន្ទាប់ពីបានបង្ក្រាបការដណ្ដើមរាជ្យគ្នា ដែលធ្វើឡើងដោយក្រុមមន្ត្រីគាំទ្រព្រះអង្គម្ចាស់ឡានឆាង និងក្រុមមន្ត្រីមួយក្រុមទៀតដែលគាំទ្រព្រះអង្គម្ចាស់ ថាហឿ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតនៃរូបសំណាក់ដូចដែលបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតច្បាប់ដើមនៃរូបសំណាក់នេះ មិនមែនជារូបសំណាក់លោក ហូ ជីមិញ ស្ថាបនិកនៃប្រទេសវៀតណាមសង្គមនិយមនោះឡើយ។ រូបថតច្បាប់ដើម គឺជារូបសំណាក់ព្រះចៅសេដ្ឋាធិរាជ ដែលជាព្រះមហាក្សត្រដ៏ខ្លាំងពូកែមួយអង្គរបស់ប្រទេសឡាវនៅសតវត្សរ៍ទី១៦ ហើយរូបសំណាក់នេះ ត្រូវបានដាក់តម្កល់នៅវត្តព្រះធាតុហ្លួង ស្ថិតនៅរដ្ឋធានីវៀងចន្ទន៍។

Title:តើរូបថតនេះគឺជារូបសំណាកមេដឹកនាំវៀតណាម លោក ហូ ជីមិញ មែនឬទេ?
Fact Check By: Jay UdomResult: Altered
