
ការបញ្ចេញមតិរិះគន់ និងសកម្មភាពធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិនាមរបស់ព្រះមហាក្សត្រកម្ពុជា ត្រូវបានធ្វើឡើង និងបង្ហោះជារឿយៗពីសំណាក់អ្នកគាំទ្រ និងអតីតប្រធានគណបក្សប្រឆាំងដ៏ធំមួយ ដែលវាបានក្លាយជាប្រធានបទដេញដោល និងជជែកវែកញែកនៅលើបណ្តាញសង្គមនានាយ៉ាងផុសផុល។
ទន្ទឹមនឹងនេះ រូបថតមួយសន្លឹកបង្ហាញសភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំមានសក់ក្បាល ខណៈពេលដែលសម្តេចនរោត្តម សីហមុនី ទ្រង់មានសក់ជាធម្មតានោះត្រូវបានបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុកកម្ពុជា។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនោះ មិនមែនជាការពិតនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ថ្មីៗកន្លងទៅនេះ អ្នកប្រើហ្វេសប៊ុកម្នាក់បានបង្ហោះរូបថតមួយសន្លឹក ចូលទៅក្នុងក្រុមហ្វេសប៊ុក សកម្មជនហ្វេសប៊ុកដើម្បីសង្គ្រោះជាតិ Facebook Activist To save The Nation ដោយបង្ហាញរូបរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដែលក្នុងនោះលោក ហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំពុងឈរកាន់ដៃជាមួយនឹងសម្ដេចព្រះមហាក្សត្រ នរោត្តម សីហមុនី។ រូបថតមួយសន្លឹកដដែរនេះ ក៏បានបង្ហាញអំពីទិដ្ឋភាពរបស់សម្តេចព្រះ នរោត្តម សីហមុនី ដែលទ្រង់មានសក់ជាធម្មតា ខណៈពេលដែលលោក ហ៊ុន សែន ពុំមានសក់ក្បាលនោះឡើយ។
អ្នកប្រើប្រាស់ដដែលខាងលើនេះពុំបានបញ្ជាក់អំពីទីតាំង និងព័ត៌មានលម្អិតជាក់លាក់អំពីទិដ្ឋភាពនៃរូបថតនោះទេ។
រូបថតនេះត្រូវបានប្រតិកម្ម និងចែករំលែកតៗគ្នាជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុកដែលបានសរសេររៀបរាប់ថា «នៅកម្ពុជា សូមកុំនិយាយពីច្បាប់ យុត្តិធម៌ តុលាការ សេរីភាព ប្រជាធិបតេយ្យ និងការបោះឆ្នោតត្រឹមត្រូវស្អីនោះ វាគ្មានទេ សូម្បីតែបោះឆ្នោតជាសម្ងាត់ ក៏អត់មានផង»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាល់លើរូបភាពនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងជួបប្រទះនូវប្រភព និងខ្លឹមសាររូបថតនៃច្បាប់ដើមមួយចំនួន។
រូបថតមួយសន្លឹកដែលមានទម្រង់ និងភិនភាគដូចគ្នាទាំងស្រុង ត្រូវបានរកឃើញ និងផ្សព្វផ្សាយដោយគេហទំព័រសារព័ត៌មាន China Daily កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២កន្លងទៅនេះ។
រូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មានដែលបានរៀបរាប់ជាភាសាអង់គ្លេសថា «Cambodia’s Prime Minister Hun Sen (L) greets Cambodia’s King Norodom Sihamoni as the king arrives at Phnom Penh international airport before his departure for China, Oct 15, 2012» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន (ឆ្វេង) ថ្វាយព្រះពរព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ខណៈទ្រង់យាងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនពេលព្រះអង្គយាងចាកចេញទៅប្រទេសចិនថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២»។
China Daily’s Report | Archived Link
ទីភ្នាក់ងារព័ត៌មាន Reuters ក៏បានបង្ហ្ាញ និងផ្សព្វផ្សាយរូបថតមួយសន្លឹកដែលមានទម្រង់ និងភិនភាគដូចគ្នាខាងលើផងដែរនៅក្នុងសេចក្តីរាយការណ៍របស់ខ្លួនកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២កន្លងទៅ អំពីការយាងដំណើររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ទៅកាន់ទីក្រុងប៉េកាំង។ អតីតព្រះមហាក្សត្រកម្ពុជា សម្តេចព្រះនរោត្តម សីហនុ ទ្រង់បានយាងចូលព្រះទីវង្គតនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយព្រះជរាពាធនៅមន្ទីរពេទ្យ ទីក្រុងប៉េកាំង ប្រទេសចិន។
រូបភាពផ្តាមចេញពីគេហទំព័រដែលបានបង្ហាញអំពីការយាងដំណើរទៅកាន់ប្រទេសចិនរបស់ព្រះបាទសមេ្តចនរោត្តម សីហមុនី ដែលក្នុងនោះមានលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានចូលរួមជូនព្រះរាជដំណើរផងដែរ។
Reuters’s Report | Archived Link
តាមរយៈគេហទំព័រសារព័ត៌មាន Global Times ក៏បានផ្សព្វផ្សាយ និងបង្ហោះរូបថតមួយសន្លឹក មានទម្រង់ដូចគ្នារបស់សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងលោកនាយករដ្ឋមន្ត្រីកម្ពុជាផងដែរកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២ ដែលក្នុងនោះពុំបានបង្ហាញអំពីសភាពលោក ហ៊ុន សែន គ្មានសក់ក្បាល និងសម្តេចនរោត្តម សីហមុនី ទ្រង់មានសក់ជាធម្មតានោះឡើយ។
រូបភាពផ្តាមចេញពីគេហទំព័រដែលបានរៀបរាប់ជាភាសាអង់គ្លេសថា «Cambodian King Norodom Sihamoni (R) shakes hands with Prime Minister Hun Sen (L) before departing for China at Phnom Penh International airport on Monday. Cambodia’s former king Norodom Sihanouk, whose life mirrored the turbulent history of his nation where he remained a revered figure, died in Beijing on Sunday» ឬប្រែជាភាសាខ្មែរមានន័យថា «ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី (ស្តាំ) ទ្រង់ចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន (ឆ្វេង) មុនពេលចាកចេញទៅកាន់ប្រទេសចិននៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ…»។
Global Times’s Report | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះ និងអះអាងដោយអ្នកប្រើប្រាស់ខាងលើនោះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ ត្រូវបានកាត់តមុននឹងបង្ហោះនៅលើបណ្តាញសង្គម។ ការពិត ច្បាប់ដើមនៃរូបថតនោះ គឺត្រូវបានគេរកឃើញថាសម្តេចនរោត្តម សីហមុនី ទ្រង់ពុំមានសក់នោះឡើយ ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន គឺមានសក់ជាធម្មតា។
