
កម្ពុជាបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសកាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងមកនេះ ដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ដែលជាជំនួយរបស់ចិន សម្រាប់ចាក់ឱ្យពលរដ្ឋអាយុចន្លោះពី ១៨ ទៅ ៥៩ឆ្នាំ។ កម្ពុជាបានចាក់វ៉ាក់សាំងចិននេះទៅដល់ពលរដ្ឋខ្លួន ខណៈដែលវ៉ាក់សាំងស៊ីណាហ្វាមនេះ មិនទាន់ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO)នៅឡើយនោះ។
វ៉ាក់សាំងចិនស៊ីណូហ្វាម ទើបតែត្រូវបានអង្គការសុខភាពពិភពលោកអនុម័តដាក់ឱ្យប្រើប្រាស់បន្ទាន់កាលពីថ្ងៃទី០៧ ខែឧសភា ហើយដំណឹងនេះ ត្រូវបានសារព័ត៌មាននានាក្នុងប្រទេសកម្ពុជាចុះផ្សាយព្រោងព្រាត។ ទន្ទឹមគ្នានេះ ទូរទស្សន៍រដ្ឋមួយរបស់កម្ពុជា បានផ្សព្វផ្សាយថា វ៉ាក់សាំងចិនទាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ហើយ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិត បានរកឃើញថា ព័ត៌មានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
នៅព្រឹកថ្ងៃទី១០ ខែឧសភា ចំខួប ៣ខែនៃយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសរបស់រដ្ឋាភិបាលកម្ពុជានោះ អ្នកអានព័ត៌មានទូរទស្សន៍ជាតិកម្ពុជា (ទទក ឬ TVK) ដែលជាប្រព័ន្សផ្សព្វផ្សាយផ្លូវការរបស់រដ្ឋាភិបាលកម្ពុជា បាននិយាយថា អង្គការសុខភាពពិភពលោក បានទទួលស្គាល់ទាំងវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ដែលវ៉ាក់សាំងទាំងពីរប្រភេទនេះត្រូវបានផលិតឡើងនៅក្នុងប្រទេសចិន។
វីដេអូនៃកម្មវិធីផ្សាយព័ត៌មានពេលព្រឹករបស់ទទក មានអ្នកចូលទស្សនាដល់ទៅរាប់ពាន់ដង មានការចែករំលែកតៗគ្នារាប់សិបដង និងមានការចូលរួមបញ្ចេញមតិចម្រុះបែបពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។
ការអានព័ត៌មានរបស់ពិធីករនៃកម្មវិធីព័ត៌មានពេលព្រឹកនៅត្រង់នាទីទី ៦០:០៦ និយាយថា «បើតាមអង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់ជូនផងដែរថា រហូតមកដល់ពេលនេះ គឺវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលមានឈ្មោះថាទាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម គឺមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកហើយ។ កាលពីមុនថ្វីត្បិតតែមិនទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកក៏ពិតមែន ក៏ប៉ុន្តែ ប្រទេសកម្ពុជា និងបណ្ដាប្រទេសផ្សេងៗមួយចំនួនទៀតនៅលើពិភពលោក ក៏បានប្រើប្រាស់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទៅលើប្រជាជន។ ឥឡូវនេះ វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ចិនស៊ីណូហ្វាម និងស៊ីណូវ៉ាក់ មានការទទួលស្គាល់យ៉ាងពេញលេញពីអង្គការសុខភាពពិភពលោក ដែលហៅកាត់ថា WHO»។
Facebook Video Post | Archived Link
ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់ការពិតជុំវិញការផ្សព្វផ្សាយព័ត៌មាននេះតាមរយៈការផ្ញើសារតាមរយៈអ៊ីម៉ែលសាកសួរទៅអង្គការសុខភាពពិភពលោកដោយផ្ទាល់។
ក្នុងសារឆ្លើយតបមកវិញកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា អង្គការសុខភាពពិភពលោក បានចុះបញ្ជីវ៉ាក់សាំងស៊ីណូហ្វាមបញ្ចូលក្នុងបញ្ជីវ៉ាក់សាំងសម្រាប់«ការប្រើប្រាស់បន្ទាន់»កាលពីថ្ងៃទី០៧ ខែឧសភានេះ។ វ៉ាក់សាំងស៊ីណូហ្វាមនេះ ត្រូវបានផលិតឡើងដោយវិទ្យាស្ថានជីវសាស្ត្រប៉េកាំង នៃក្រុមហ៊ុន Biological Products Co., Ltd ដែលជាក្រុមហ៊ុនចំណុះឱ្យសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រជាតិចិន ហៅកាត់ថា CNBG។
អង្គការសុខភាព បញ្ជាក់ផងដែរថា ចំណែកឯវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលជាវ៉ាក់សាំងមួយប្រភេទទៀតរបស់ចិន កំពុងស្ថិតនៅក្រោមការវាយតម្លៃសម្រាប់ដាក់បញ្ចូលក្នុង«បញ្ជីប្រើប្រាស់បន្ទាន់» ឬ EUL។
វ៉ាក់សាំងដែលត្រូវបានអង្គការសុខភាពពិភពលោក ដាក់បញ្ចូលក្នុង«បញ្ជីប្រើប្រាស់បន្ទាន់»របស់ខ្លួនរហូតមកដល់ពេលនេះ មាន៖
១. វ៉ាក់សាំងខូមៀណាធី (Comirnaty)ដែលផលិតរួមគ្នាដោយក្រុមហ៊ុន Pfizer របស់អាល្លឺម៉ង់ និងក្រុមហ៊ុន BioNTech របស់អាមេរិក ដែលត្រូវបានដាក់ចូល«បញ្ជីប្រើប្រាស់បន្ទាន់»របស់អង្គការសុខភាពពិភពលោកនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
២. វ៉ាក់សាំង AstraZeneca ដែលផលិតឡើងដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford និងវ៉ាក់សាំងពីរផ្សេងទៀត ដែលត្រូវបានផលិតឡើងក្រោមការអនុញ្ញាតរបស់ AstraZeneca មានវ៉ាក់សាំង Covishield ផលិតនៅឥណ្ឌា និងវ៉ាក់សាំង AstraZeneca-SKBio ផលិតឡើងនៅកូវ៉េខាងត្បូងត្រូវបានដាក់ចូលបញ្ជីកាលពីថ្ងៃទី១៥ ខែកុម្ភៈក្នុងឆ្នាំនេះ។
៣. វ៉ាក់សាំង Johnson & Johnson ដែលផលិតឡើងដោយក្រុមហ៊ុនឱសថសាស្ត្រ Janssen ដែលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Johnson & Johnson របស់អាមេរិក ត្រូវបានដាក់បញ្ចូលក្នុង«បញ្ជីប្រើប្រាស់បន្ទាន់»របស់អង្គការសុខភាពពិភពលោកកាលពីថ្ងៃទី១២ ខែមីនា។
WHO Emergency Use List | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអត្ថាធិប្បាយនៃកម្មវិធីព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជា មិនត្រឹមត្រូវនោះឡើយ។ ការពិត អង្គការសុខភាពពិភពលោក បានអនុម័តឱ្យដាក់បញ្ចូលវ៉ាក់សាំងចិនស៊ីណូហ្វាមទៅក្នុង«បញ្ជីប្រើប្រាស់បន្ទាន់»រួចហើយ។ ចំណែកវ៉ាក់សាំងស៊ីណូវ៉ាក់វិញ អង្គការសុខភាពពិភពលោក មិនទាន់បានអនុម័តនៅឡើយទេ ហើយកំពុងស្ថិតក្រោមការវាយតម្លៃពីអង្គការសុខភាពពិភពលោកនៅឡើយ។

Title:WHO មិនទាន់អនុម័តឱ្យប្រើប្រាស់ស៊ីណូវ៉ាក់ តែកំពុងស្ថិតក្រោមការវាយតម្លៃ
Fact Check By: Jay UdomResult: Misleading