ស្រប​ពេល​ដែល​សេរីភាព​នៃ​ការ​ផលិត​មាតិកា​ផ្សព្វផ្សាយ​ បង្ហោះ​ដោយ​មាន​ភាព​សំបូរ​បែប​ និង​ការ​ទទួល​បាន​នូវ​មាតិកា​ទាំង​នោះ​ដោយ​មិន​មាន​របាំង​ ព័ត៌មាន​ក្លែង​ក្លាយ​ និង​មិន​ត្រឹម​ត្រូវ​​ក៏​បាន​កើត​មាន​ ក្នុង​ទម្រង់​ផ្សេង​ៗគ្នា​ ដោយ​ការ​នេះ​បាន​ក្លាយ​ជា​ក្ដី​បារម្ភ​ថ្មី​មួយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ និង​ប្រទេស​ជាតិ​ផង​ដែរ​។​

ព្រឹត្តិការណ៍​ផ្ទៀង​ផ្ទាត់​ និង​ការ​ស្វែង​ការ​ពិត​​សំខាន់​ៗទាំង​៤​​ ប្រចាំ​ឆ្នាំ​២០២៣​

គិត​ត្រឹម​ថ្ងៃ​ចេញ​ផ្សាយ​អត្ថបទ​មួយ​នេះ​ ក្រុម​ការ​ងារ​របស់​ Fact Crescendo Cambodia បាន​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ និង​ស្វែង​រក​ការ​ពិត​ទៅ​លើ​រូប​ភាព​ វីដេអូ​ឃ្លីប​ ព័ត៌​មាន​ និង​សំណេរ​អះអាង​រហូត​ទៅ​ដល់​ជាង​ ២៤០​​អត្ថបទ​ នៅ​ឆ្នាំ​២០២៣​ ដោយ​ក្នុង​នោះរួម​មាន​​៖

ព្រឹត្តិការណ៍​សំខាន់​ទី​១. ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ នីតិកាល​ទី​៧​ ឆ្នាំ​២០២៣​

ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​ បាន​រៀប​ចំ​ការ​​បោះ​ឆ្នោត​ជាតិ​ជ្រើស​រើស​តំណាង​រាស្ត្រ​ នីតិកាល​ទី​៧​ ឆ្នាំ​២០២៣​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២៧​ ខែ​កក្កដា​ កន្លង​ទៅ​ក្ដី​ ប៉ុន្ដែ​ព័ត៌មាន​ និង​ការ​អះអាង​មិន​ត្រឹម​ត្រូវ​ ពាក់​ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ​ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​យ៉ាង​ផុស​ផុល​​។​ ព័ត៌​មាន​ និង​សំណេរ​អះអាង​ទាំងឡាយ​នោះ​ ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ និង​ស្វែង​រក​ការ​ពិត​ជុំ​វិញ​អំពី​បញ្ហា​នោះ​ផង​ដែរ​។​

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​មួយ​ ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ដែល​សរសេរ​រៀបរាប់​ថា «ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ស្ងាត់​ទៅៗ បោះ​ឆ្នោត​កាន់​តែ​លែង​មាន​ន័យ កាន់​តែ​បោះ គំនរ​ទុក្ខ​សោក​ប្រជា​រាស្ត្រ កើត​មាន​កាន់​តែ​ធ្ងន់​ឡើងៗ»។

សូម​អាន​ព័ត៌មាន​លម្អិត​អំពី​ការ​ផ្ទៀង​ផ្ទាត់​របស់​យើង តាម​រយៈ​តំណ​ភ្ជាប់​​នៅ​ខាង​ក្រោម​នេះ​៖

ការអះអាង​មួយ​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា អ្នក​បោះ​ឆ្នោត​ដែល​គូស​សន្លឹក​ឆ្នោត​ចោល នឹង​ត្រូវ​បាន​រក​ឃើញ​អត្តសញ្ញាណ​បាន​ដោយសារ​តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​តម្រូវ​ឱ្យ​អ្នក​បោះ​ឆ្នោត​ផ្តិត​មេដៃ​លើ​សន្លឹក​ឆ្នោត។ ការ​អះអាង​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ហើយ​ទាក់ទាញ​បាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផង​ដែរ។

សូមអាន​ព័ត៌មាន​លម្អិត​នៅ​ខាង​ក្រោម​នេះ​៖​

ព្រឹត្តិការណ៍​សំខាន់​ទី​២. ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​វៀត​ណាម​

ស្រប​ពេល​ទំនាក់​ទំនង​កម្ពុជា និង​វៀត​ណាម​ តែង​តែ​ត្រូវ​បាន​ជជែក និង​ក្លាយ​ទៅ​ជា​ប្រធាន​បទ​មួយ​​នៅ​លើ​បណ្ដាញ​សង្គមនោះ រូប​ថត​ វីដេអូ​ និង​សំណេរ​អះអាង​នា​នា​ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន និង​ទទួល​បាន​មតិ​យោបល់​ចម្រុះ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​អះអាង​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «យួន​ចូល​សញ្ជាតិ​១​ឆ្នាំ​ជាង​១០​ម៉ឺន​នាក់ ខ្មែរ​មាន​បារមី​ឡើង​ដល់​ឋាន​សួគ៌ អ្នក​គ្មាន​បារមី​ធ្លាក់​ដល់​ឋានរក ២០៥០​រលាយ​ល្មម សង្វេគ​ប្រជាជាតិ​ខ្លួន​ណាស់!»។

សូម​អាន​ព័ត៌មាន​លម្អិត​អំពី​ការ​ផ្ទៀង​ផ្ទាត់​របស់​យើង តាម​រយៈ​តំណ​ភ្ជាប់​​នៅ​ខាង​ក្រោម​នេះ​៖

កាល​ពី​ថ្ងៃ​ទី​០១​ ខែ​សីហា​ ឆ្នាំ​២០២៣កន្លង​ទៅ​​ មាន​ទំព័រ​ហ្វេសប៊ុក​មួយ​​ឈ្មោះ​ថា​ «ប្រវត្តិសាស្ដ្រ​ខ្មែរ​» ក៏​បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ ដែល​នៅ​ក្នុង​វីដេអូ​ឃ្លីប​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​​បង្ហាញ​​សាលា​រៀន​មួយ​កន្លែង​ ដែល​មាន​សិស្សានុសិស្ស​​តម្រង់​ជួរ​ និង​បង្ហូត​ទង់​ជាតិ​វៀតណាម​​ព្រម​គ្នា​ជាមួយ​នឹង​ទង់​ជាតិ​កម្ពុជា។​

សូម​អាន​ព័ត៌មាន​លម្អិត​នៅ​ទី​នេះ​៖​

ព្រឹត្តិការណ៍​សំខាន់​ទី​៣. សង្គ្រាម​រវាង​អ៊ីស្រាអែល​ និង​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​

ក្រោយ​ពី​មាន​ការ​បើក​វាយ​ប្រហារ​ដ៏​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ទឹក​ដី​អ៊ីស្រាអែល​ ពី​សំណាក់​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​០៧​ ខែ​តុលា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ រូប​ថត​ និង​វីដេអូ​ឃ្លីប​ជា​ច្រើន​ ត្រូវ​បាន​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​ ដោយ​បាន​ភ្ជាប់​ទៅ​នឹង​ការ​អះអាង​មិន​ត្រឹម​ត្រូវ​។​

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដែល​មាន​សំណេរ​នៅ​លើ​រូបថត​ជា​ភាសា​អង់គ្លេស​មាន​ខ្លឹមសារ «បុរស​មូស្លិម​ជាង ២០០​នាក់​ បាន​ទទួល​យក​ព្រះ​យេស៊ូ​ន​នា​ពេល​ថ្មីៗ​នេះ ដោយសារ​តែ​ពួកគេ​ទាំង ២០០​នាក់​នោះ បាន​សុបិន្ត​ឃើញ​ព្រះ​យេស៊ូ​ដូច​គ្នា​នៅ​ក្នុង​យប់​តែ​មួយ។ សូម​សរសើរ​ដល់​ព្រះ​ជា​ម្ចាស់!»។

លោក​អ្នក​ ក៏​អាច​អាន​ព័ត៌មាន​លម្អិត​អំពី​ការ​ផ្ទៀង​ផ្ទាត់​របស់​យើង តាម​រយៈ​តំណ​ភ្ជាប់​​នៅ​ខាង​ក្រោម​នេះផង​ដែរ​​៖

បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា នឹង​មិន​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញ​ពី​អ៊ីស្រាអែល​នោះ មាន​ការ​ជជែក​វែក​ញែក​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ជុំ​វិញ​បញ្ហា​នេះ។ ក្នុង​នោះ ក៏​​មាន​ការ​បង្ហោះ​ព័ត៌មាន​ថា មាន​និស្សិត​ខ្មែរ ២​នាក់​ទៀត បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ថ្មី​រវាង​អ៊ីស្រាអែល និង​ក្រុម​ប្រដាប់​អាវុធ​ហាម៉ាស់​ប៉ាឡេស្ទីន។

សូម​អាន​ព័ត៌មាន​លម្អិត​នៅ​ខាង​ក្រោម​នេះ​៖​

ព្រឹត្តិការណ៍​សំខាន់​ទី​៤. រូប​ភាព​ និង​វីដេអូ​ផលិត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI)

Fact Crescendo Cambodia បាន​ផ្ទៀង​ផ្ទាត់​រូប​ភាព​ និង​វីដេអូ​ឃ្លីប​នានា​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី ​AI ប៉ុន្តែ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ យក​ទៅ​សរសេរ​រៀប​រាប់​ថា​ វា​ជា​ទិដ្ឋភាព​​ពិត។​

សូម​អាន​ព័ត៌មាន​លម្អិត​អំពី​ការ​ផ្ទៀង​ផ្ទាត់​របស់​យើង តាម​រយៈ​តំណ​ភ្ជាប់​​នៅ​ខាង​ក្រោម​នេះ​៖

រូបថតជាច្រើន​សន្លឹក​ដែល​បង្ហាញ​ក្រុម​មនុស្ស​ និងសត្វ​ចិញ្ចឹម​ធំៗ​នោះ ក៏​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​រៀបរាប់​ថា សត្វ​សម័យ​មុន​មាន​រូបរាង​ធំៗ​ណាស់។

សូម​អាន​ព័ត៌មាន​លម្អិត​នៅ​ទីនេះ​៖​

តើ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គមកម្ពុជា​​ អាច​ទប់​ស្កាត់​ការ​ចែក​ចាយ​ព័ត៌មាន​ក្លែង​ក្លាយ​បាន​ដោយ​របៀប​ណា​?

ពិត​ណាស់​ ផល​វិបាក​នៃ​ការ​ចែក​ចាយ​ព័ត៌មាន​ក្លែង​ក្លាយ​ បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ជា​ខ្លាំង​មក​លើ​សង្គម​ជាតិ​ និង​ប្រទេស​ជាតិ​ទាំង​មូល​។ Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា​ វា​អាច​ធ្វើ​ឱ្យ​សហគមន៍​ និង​សង្គម​ជាតិ​មាន​ភាព​ច្របូក​ច្របល់​ តាមរយៈ​ការ​បង្ក​ឱ្យ​មាន​ការ​រើស​អើង​ អរិភាព​រវាង​ជាតិសាសន៍​ ការ​បាត់បង់​ទំនុក​ចិត្ត​មក​លើ​ស្ថាប័ន​សាធារណៈ​ ការ​លួច​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់ប្រជាពលរដ្ឋ​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ជា​ដើម​។​

នៅ​ក្នុង​បរិបទ​ដែល​ព័ត៌មាន​ក្លែង​ក្លាយ​កំពុង​វាយ​លុក​បណ្ដាញ​សង្គម​ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គមនិយាយ​ភាសា​ខ្មែរ​ ​ត្រូវ​ប្រយ័ត្ន​ប្រយែង​​ឱ្យ​​មែន​ទែន​ មុន​ពេល​ដាក់​ចិត្ត​ជឿ​ ឬ​ចែក​រំលែក​បន្ត​។

ពោល​នៅ​ពេល​ឃើញ​ព័ត៌មាន​ដែល​គួរ​​​ឱ្យ​សង្ស័យ​ អ្នក​ប្រើ​ប្រាស់​​មិន​ត្រូវ​ឆាប់​ប្រតិកម្ម​ ជឿ​ ឬ​ចែក​រំលែក​ភ្លាម​ៗ​ទេ​ ដោយ​ត្រូវ​ពិនិត្យ​ពិច័យ​ស្វែង​រក​ប្រភព​​​ឱ្យ​​បាន​ច្បាស់​លាស់​សិន​ ព្រោះ​ព័ត៌មាន​មិន​ពិត​ ភាគ​ច្រើន​លើសលុ​ប​ត្រូវ​បាន​ប្រឌិត​ឡើង​ដើម្បី​ជា​ប្រយោជន៍​សេដ្ឋកិច្ច​ ឬ​ដើម្បី​កេង​ចំណេញ​នយោបាយ​តែ​ប៉ុណ្ណោះ​។

លោក​អ្នក​ក៏​អាច​ផ្ញើ​មក​យើង​នូវ​វីដេអូ​ រូប​ថត​ ឬ​សារ​ទាំង​ឡាយ​ណា​ ដែល​លោក​អ្នក​មាន​មន្ទិល​សង្ស័យ​ តាម​រយៈ​ប្រព័ន្ធ​លេខ​ទូរ​ស័ព្ទ​ ឬ​ ប្រព័ន្ធ​ WhatsApp (+855) 15 437 538 ផង​ដែរ​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok