
មេដឹកនាំខ្មែរក្រហម ប៉ុល ពត ក៏បានស្លាប់បាត់បង់ជីវិតអស់រយៈពេលជាង ២០ឆ្នាំមកហើយដែរ ប៉ុន្តែ រូបថតរបស់មេដឹកនាំរូបនេះ ត្រូវបានបង្ហោះ និងចែកចាយនៅលើបណ្ដាញសង្គម ក្នុងនោះមានទាំងរូបថតមួយចំនួនគ្មានប្រភព និងព័ត៌មានច្បាស់លាស់ផងដែរ។ ក្នុងចំណោមនោះ អ្នកប្រើប្រាស់បណ្ដាញសង្គម បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញ ប៉ុល ពត មានមុខវ័យក្មេង។ រូបថតនេះ ត្រូវបានចែករំលែកតៗគ្នានៅលើបណ្ដាញសង្គមហ្វេសប៊ុករហូតដល់ទៅរាប់រយដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា បន្ទាប់ពីការត្រួតពិនិត្យហើយ យើងរកឃើញថា រូបថតនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០កន្លងមក អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក ដែលបង្ហាញមុខមេដឹកនាំខ្មែរក្រហម ប៉ុល ពត ស្ថិតក្នុងសភាពវ័យក្មេង។ រូបថតមួយសន្លឹកនេះ ត្រូវបានចែកចាយរហូតទៅជាង ២០០ដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ព្រមទាំងមានការបញ្ចេញមតិ និងប្រតិកម្មជាច្រើនផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកនោះ ដែលសរសេររៀបរាប់ «ពេលយួនឈ្លានពានខ្មែរ ហ៊ុន សែន សម្លាប់ខ្មែរកាន់តែច្រលន ពេលខ្មែរបាត់បង់ទឹកដី បាត់បង់ព្រៃឈើ និងបាត់បង់អ្វីៗសព្វបែបយ៉ាងដូចនេះ ទើបយើងអាឡោះអាល័យ សោកស្ដាយលោកតា ប៉ុល ពត បើគាត់នៅវិញ យួន និងប្រទេសជិតខាង មិនហ៊ានក្អកឡើយ ហើយខ្មែរមិនវេទនាយ៉ាងនេះទេ»។
រូបថតភ្ជាប់ជាមួយនឹងសំណេរបែបនេះ ក៏ត្រូវបានចែករំលែកទៅកាន់ក្រុមបណ្ដាញសង្គមមួយឈ្មោះថា RFA Khmer វិទ្យុអាស៊ីសេរី ដែលមានគណនីហ្វេសប៊ុករាប់សែននាក់ជាសមាជិកផងដែរ និងនាំឱ្យមានការចែករំលែកបន្តជាច្រើនទៀត។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថតមួយសន្លឹកនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ Google ដែលនាំឱ្យយើងបានជួបរូបថតច្បាប់ដើម។
រូបថតច្បាប់ដើម ត្រូវបានរកឃើញនៅលើគេហទំព័រមួយឈ្មោះថា famousbio ដែលជាគេហទំព័របង្ហាញប្រវត្តិរូបមេដឹកនាំល្បីៗនៅជុំវិញពិភពលោក ក្នុងនោះមានទាំងមេដឹកនាំខ្មែរក្រហម លោក ប៉ុល ពត ផងដែរ។ ប៉ុន្តែ គេហទំព័រមួយនេះ ពុំបានផ្ដល់ព័ត៌មានលម្អិតអំពីរូបថតមួយសន្លឹកនេះទេ។
រូបថតនៅលើគេហទំព័រនេះ បង្ហាញមេដឹកនាំខ្មែរក្រហម ស្ថិតក្នុងវ័យកណ្ដាលទៅហើយ មិនមែនស្ថិតក្នុងវ័យក្មេងដូចដែលរូបថតត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមនោះឡើយ។ គេអាចចូលទៅមើលរូបថតនេះបានតាមរយៈតំណភ្ជាប់នៅទីនេះ ឬតំណភ្ជាប់ដែលត្រូវបានរក្សាទុកនៅខាងក្រោមនេះ។
ខាងក្រោមនេះ គឺជាការប្រៀបធៀបគ្នារវាងរូបថតដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងរូបថតដែលត្រូវបានបង្ហោះដោយគេហទំព័រ FamousBio។
រូបថតមួយសន្លឹកនេះ ក៏ត្រូវបានរកឃើញចុះផ្សាយនៅក្នុងគេហទំព័រសារព័ត៌មាន Daily Mail របស់អង់គ្លេសផងដែរ ដោយរៀបរាប់ថា រូបថតនេះ ត្រូវបានថតនៅក្នុងឆ្នាំ១៩៧៩ ហើយជារូបថត ប៉ុល ពត មេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម។ រូបថតនេះ ត្រូវបានរក្សាសិទ្ធិដោយទីភ្នាក់ងារព័ត៌មានអាមេរិក AP។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រសារព័ត៌មាន Daily Mail នៅក្នុងអត្ថបទមួយមានចំណងជើងជាភាសាអង់គ្លេសថា «Khmer Rouge jailer who oversaw the torture and killing of 16,000 Cambodians dies aged 77.» ឬដែលអាចប្រែសម្រួលជាភាសាខ្មែរថា «មេគុកខ្មែរក្រហមដែលមើលការខុសត្រូវលើទារុណកម្ម និងការសម្លាប់ពលរដ្ឋកម្ពុជា ១,៦០០០នាក់ ស្លាប់នៅអាយុ ៧៧ឆ្នាំ»។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតមួយសន្លឹកដែលត្រូវបានអះអាងដូចរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ ត្រូវបានកាត់តមុននឹងបង្ហោះលើបណ្ដាញសង្គម។ ច្បាប់ដើមនៃរូបថតនេះ បង្ហាញអតីតមេដឹកនាំខ្មែរក្រហម ប៉ុល ពត ស្ថិតក្នុងវ័យកណ្ដាល មិនមែនវ័យក្មេងនោះឡើយ។

Title:រូបថតមេដឹកនាំខ្មែរក្រហម ប៉ុល ពិត មើលទៅវ័យក្មេង ក្រោយកែកុនរួចហើយ
Fact Check By: Jay UdomResult: Altered
