
ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម ត្រូវបានគេសង្កេតឃើញថា មិនសូវមានភាពចុះសម្រុងនឹងគ្នានោះឡេីយ ជាពិសេសបញ្ហាដែលទាក់ទងទៅនឹងព្រំដែនគោក និងព្រំដែនទឹករបស់ប្រទេសទាំងពីរនេះ ដែលវាបានក្លាយទៅជាប្រធានបទជជែកយ៉ាងផុសផុលនៅលើបណ្តាញសង្គមនានាពិីសំណាក់អ្នកប្រើប្រាស់។
ក្នុងចំណោមនោះ មានរូបថតមួយបានបង្ហាញអំពីទិដ្ឋភាពទូកនេសាទដែលមានទង់ជាតិរបស់វៀតណាម និងកម្ពុជា ដោយភ្ជាប់ជាមួយអក្សរសរសេរជាភាសាអង់គ្លេសថា «Fishing freely in Cambodia’s water» ត្រូវបានចែករំលែកជាច្រើនដងនៅលើបណ្តាញហ្វេសប៊ុកកម្ពុជា។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ មានអ្នកប្រើហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញអំពីទិដ្ឋភាពទូកនេសាទជាច្រើនបានធ្វើចរាចរនៅលើផ្ទៃទឹក ដោយអមជាមួយនឹងទង់ជាតិរបស់ប្រទេសវៀតណាម និងប្រទេសកម្ពុជាផងដែរ។ រូបថតមួយសន្លឹកនេះ ក៏មានអក្សរជាភាសាអង់គ្លេសផងដែរថា «Fishing freely in Cambodia’s water» ឬប្រើជាភាសាខ្មែរថា «ការនេសាទដោយសេរីនៅក្នុងដែនទឹកនៃប្រទេសកម្ពុជា» ដោយពុំបានបញ្ជាក់អំពីទីតាំង និងព័ត៌មានលម្អិតជាក់លាក់អំពីទិដ្ឋភាពនៃរូបថតនោះទេ។
រូបថតនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុក បានបង្ហោះរូបថតមួយសន្លឹកនេះចូលទៅក្នុងក្រុម អមដំណើរលោកប្រធានសម រង្សុីចូលស្រុក ដែលមានសមាជិកក្នុងក្រុមប្រមាណជាងប្រាំបីម៉ឺនប្រាំមួយពាន់នាក់។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាល់លើរូបភាពនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងជួបប្រទះនូវប្រភព និងខ្លឹមសាររូបថតនៃច្បាប់ដើមមួយចំនួន។
រូបថតមួយសន្លឹកមានទម្រង់ដូចគ្នាទាំងស្រុង ត្រូវបានរកឃើញនៅលើគេហទំព័រមួយ Alamy ដែលផ្ដល់ព័ត៌មានបន្ថែមទៅលើប្រភពនៃរូបថតមួយនេះ។
រូបភាពផ្តាមចេញពីគេហទំព័រ Alamy ដែលជាគេហទំព័រសោតទស្សន៍ដ៏ធំមួយបានផ្តល់ព័ត៌មានបញ្ជាក់ជាភាសាអង់គ្លេសថា «More than 1,300 fishing boats leave the Shenjiamen harbor for the sea to resume fishing after a two-month fishing ban by the Ministry of Agriculture in Zhoushan city, east China’s Zhejiang province, 1 August 2010» ឬប្រើជាភាសាខ្មែរថា «ទូកនេសាទជាង ១៣០០គ្រឿង បានចាកចេញពីកំពង់ផែ Shenjiamen ដើម្បីចាប់ផ្តើមការនេសាទឡើងវិញ បន្ទាប់ពីមានការហាមឃាត់រយៈពេល ២ខែមកហើយ ដោយក្រសួងកសិកម្ម នៅក្នុងទីក្រុង Zhoushan ខេត្ត Zhejiang ប្រទេសចិន កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១០»។
Alamy Stock Photo Link | Archived Link
រូបថតនៃព្រឹត្តិការណ៍ចេញនេសាទរបស់ប្រទេសចិនមួយសន្លឹកនេះ ក៏ត្រូវបានផ្សព្វផ្សាយ និងបង្ហោះផងដែរនៅតាមបណ្តាសារព័ត៌មានអន្តរជាតិធំៗដូចជា The Australian, China Digital Times, និង The New York Times ជាដើម។
រូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មានរបស់ The Australian ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ សរសេររៀបរាប់ជាភាសាអង់គ្លេសថា «Boats in Shenjiamen harbour in Zhoushan, in east China’s Zhejiang province» ឬប្រើជាភាសាខ្មែរមានន័យថា «ទូកនៅកំពង់ផែ Shenjiamen ក្នុងទីក្រុង Zhoushan ខេត្ត Zhejiang ប្រទេសចិន»។
The Australian’s Report | Archived link
ដូចគ្នាផងដែរខាងក្រោមនេះគឺជា រូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មាន China Digital Times ដែលបានធ្វើសេចក្តីរាយការណ៍កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១០កន្លងមក ដោយរៀបរាប់ជាភាសាអង់គ្លេសថា «Fishing boats sail through the sea to resume fishing after a two-month annual ban imposed by the Chinese Ministry of Agriculture, at Shenjiamen fishing harbor in Zhoushan, Zhejiang province on Aug. 1, 2010» ឬប្រើជាភាសាខ្មែរថា «ទូកនេសាទបានបើកឆ្លងកាត់សមុទ្រជាថ្មី ដើម្បីនេសាទឡើងវិញបន្ទាប់ពីមានការហាមឃាត់ចំនួន ២ខែ ដោយក្រសួងកសិកម្មនៃប្រទេសចិន នៅកំពង់ផែ Shenjiamen ក្នុងទីក្រុង Zhoushan ខេត្ត Zhejiang កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១០»។
China Digital Times’s Report | Archived Link
រូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មាន The New York Times ចុះផ្សាយកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤នេះ ក៏បានបង្ហាញអំពីទិដ្ឋភាពទូកនេសាទរបស់ប្រទេសចិននេះផងដែរ ដោយបានរៀបរាប់ជាភាសាអង់គ្លេសថា «Hundreds of shrimp trawlers setting off from the Shenjiamen fishing port in eastern China in 2010» ឬប្រើសម្រួលជាភាសាខ្មែរមានន័យថា «ទិដ្ឋភាពទូកនេសាទរាប់រយគ្រឿងបានចាកចេញពីកំពង់ផែ Shenjiamen នៅភាគខាងកើតប្រទេសចិនក្នុងឆ្នាំ២០១០»។
The New York Times’s Report | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដោយភ្ជាប់ជាមួយនឹងអក្សរនឹងទង់ជាតិរបស់វៀតណាម និងកម្ពុជាខាងលើនេះ គឺធ្វើឡើងមិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនោះ មិនមែនជាទិដ្ឋភាពទូកនេសាទរបស់ប្រទេសវៀតណាមដែលចរាចរនៅក្នុងដែនសមុទ្ររបស់កម្ពុជានោះទេ។ ការពិត រូបថតនោះ គឺជាទិដ្ឋភាពទូកនេសាទជាច្រើនរយគ្រឿងរបស់ប្រទេសចិន ដែលបានចាកចេញពីកំពង់ផែ Shenjiamen ដើម្បីចាប់ផ្តើមការនេសាទឡើងវិញកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១០ នៅក្នុងទីក្រុង Zhoushan ខេត្ត Zhejiang ប្រទេសចិន។

Title:តើនេះគឺជាទិដ្ឋភាពទូកនេសាទរបស់វៀតណាមនៅក្នុងដែនទឹកកម្ពុជាមែនឬ?
Fact Check By: Kakada SimResult: False
