
ប្រទេសមីយ៉ាន់ម៉ា ឬភូមា បានធ្លាក់ទៅក្នុងវិបត្តិនយោបាយ និងការតវ៉ាដ៏បង្ហូរឈាមអស់រយៈពេលជិត ៣ខែមកហើយចាប់តាំងពីពួកយោធាបានដណ្ដើមអំណាចតាមរយៈរដ្ឋប្រហារមួយកាលពីថ្ងៃទី០១ ខែកុម្ភៈ ពីរដ្ឋាភិបាលស៊ីវិលអ្នកស្រី អ៊ុងសាន ស៊ូជី។ វិបត្តិនយោបាយដ៏បង្ហូរឈាមនៅប្រទេសភូមានេះ បានក្លាយទៅជាប្រធានបទនៃការជជែក និងចែករំលែកយ៉ាងច្រើននៅក្នុងចំណោមអ្នកប្រើបណ្ដាញសង្គមនិយាយភាសាខ្មែរផងដែរ។
ខណៈដែលភូមាកំពុងស្ថិតនៅក្នុងវិបត្តិនយោបាយដ៏បង្ហូរឈាមនេះ អ្នកប្រើហ្វេសប៊ុកម្នាក់ បានអះអាងថា កងទ័ពឧទ្ទាមកាឈិន (Kachin) បានបើកប្រតិបត្តិការវាយប្រហារទៅលើកងទ័ពរដ្ឋាភិបាលយោធាភូមា ហើយបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររបស់កងទ័ពភូមាទៀតផង។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិតរបស់ Fact Crescendo Cambodia នឹងបង្ហាញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២០ ខែមេសាកន្លងមកនេះ ការអះអាងដោយអ្នកប្រើហ្វេសប៊ុកម្នាក់ បាននិយាយថា កងកម្លាំងរបស់ក្រុមឧទ្ទាមកាឈិននៅក្នុងប្រទេសភូមា បានបាញ់កម្ទេចយន្តហោះចម្បាំងមួយគ្រឿងរបស់កងទ័ពរដ្ឋាភិបាលយោធាភូមាដែលកំពុងដឹកនាំដោយឧត្ដមសេនីយ៍ មឹន អ៊ុងលាំង (Min Aung Hlaing)។ អ្នកប្រើហ្វេសប៊ុករូបនេះ បានបង្ហោះភ្ជាប់ជាមួយរូបថត ៣សន្លឹកផងដែរ ដែលបង្ហាញបុរសម្នាក់កាន់សព្វាវុធនៅនឹងដៃផង និងលីនៅលើស្មាផង និងឧទ្ធម្ភាគចក្រមួយកំពុងត្រូវភ្លើងឆាបឆេះ ហើយធ្លាក់ចុះ។
ការអះអាងនេះ ត្រូវបានចែករំលែករហូតទៅដល់រាប់រយដងពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ និងមានការបញ្ចេញមតិ ឬប្រតិកម្មផ្សេងៗពីអ្នកប្រើបណ្ដាញសង្គមផងដែរ។
ការអះអាងលើបណ្ដាញសង្គម និយាយថា «ព័ត៌មានក្ដៅ ថ្ងៃនេះទី២០ មេសា ២០២១ កងទ័ពកាឈិន បាញ់យន្តហោះចម្បាំងកងទ័ព មីង អ៊ុងឡាំង ឆេះពេញមេឃ នេះជាបាបកម្មរបបយោធាផ្ដាច់ការធ្វើរដ្ឋប្រហារ មីង អ៊ុងឡាំង នៅភូមា របបផ្ដាច់ការមួយនេះនឹងប្រឈមទទួលការបរាជ័យនៅពេលខាងមុខឆាប់ៗដល់នេះជាក់ជាមិនខានឡើយ»។
ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតជុំវិញការអះអាងនេះតាមរយៈការដំណើរការកម្មវិធីផ្ទៀងផ្ទាត់រូបថតតាមប្រព័ន្ធអ៊ីនធឹណិត ដែលនាំឱ្យយើងជួបប្រទះរូបថត និងវីដេអូដូចទៅនឹងរូបថតដែលត្រូវបានអះអាងខាងលើនេះ។
សេចក្ដីរាយការណ៍មួយរបស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ាក់ Kurdistan24 បានឱ្យដឹងថា ហេតុការណ៍នៃការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រនេះ បានកើតឡើងនៅប្រទេសស៊ីរី កាលពីខែកុម្ភៈ ឆ្នាំ២០២០កន្លងមក។
សារព័ត៌មាននេះ រាយការណ៍ថា ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់រដ្ឋាភិបាលក្រុងដាម៉ាស ត្រូវបានដោយក្រុមឧទ្ទាមប្រដាប់អាវុធ បាញ់ទម្លាក់នៅជិតទីក្រុងអាឡិបប៉ូ (Aleppo) ដែលមានចម្ងាយប្រហែល ៣៦០គីឡូម៉ែត្រភាគខាងជើងរដ្ឋធានីដាម៉ាស។
ហេតុការណ៍បាញ់ទម្លាក់ឧទ្ធម្ភាគចក្រនេះ ក៏ត្រូវបានរាយការណ៍ដោយសារព័ត៌មានអន្តរជាតិដទៃទៀតដែរ ដូចជាសារព័ត៌មាន Telegraph របស់ប្រទេសអង់គ្លេស និងទូរទស្សន៍ RT របស់ប្រទេសរុស្ស៊ី ដែលបញ្ជាក់ថា វាបានកើតឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតដែលត្រូវបានអះអាងដូចរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតនៃការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រនោះ បានកើតឡើងនៅក្នុងប្រទេសស៊ីរីកាលពីខែកុម្ភៈឆ្នាំមុន ហើយឧទ្ធម្ភាគចក្រនោះ គឺជារបស់កងទ័ពរដ្ឋាភិបាលក្រុងដាម៉ាស ដែលត្រូវបានបាញ់ទម្លាក់ដោយពួកឧទ្ទាមប្រដាប់អាវុធនៅទីក្រុងអាឡិបប៉ូ។

Title:Fact-Check: ឧទ្ធម្ភាគចក្រមួយគ្រឿងត្រូវបានបាញ់ធ្លាក់នៅស៊ីរី មិនមែននៅភូមាដូចការអះអាងទេ
Fact Check By: Jay UdomResult: False