បង​ប្រុស និង​ប្អូន​ស្រី​លោក ហ៊ុន សែន នៅ​រស់​រាន​មាន​ជីវិត​ដូចធម្មតា​ខុស​ពី​ការ​អះ​អាង

False Political

សមាជិក​ក្រុម​គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ តែង​តែ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​រិះគន់​ និង​បញ្ចេញ​មតិ​មិន​សម​រម្យ​ជា​រឿយ​ៗ​។​ ក្នុង​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​​ សាន​ និង​លោក​ស្រី​ ហ៊ុន​ ស៊ីណាត​ ដែល​ត្រូវ​ជា​បង​ប្អូន​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បាន​អះ​អាង​ថា​លោក​ទាំង​ពីរ​បាន​ទទួល​មរណភាព​ហើយ​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​រង្វង់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​ សាន​ និង​លោក​ស្រី​ ហ៊ុន​ ស៊ីណាត​ ដែល​ត្រូវ​ជា​បង​ប្អូន​បង្កើត​របស់​លោក​ ហ៊ុន​ សែន​ ជាមួយ​នឹង​ការ​អះ​អាង​ថា​ លោក​បាន​ទទួល​មរណភាព​ហើយ​។​ ដំណឹង​មរណភាព​នេះ​ បាន​បង្កើត​ឲ្យ​មាន​ការ​ចែក​រំលែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ ដោយ​មាន​ការ​ប្រតិកម្ម​ចម្រុះ​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ ដោយ​បាន​រៀប​រាប់​ថា​ «ហ៊ុន​ណេង​ ទទួល​មរណភាព​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ០៥​កើត​ ខែ​ពិសាខ​ ឆ្នាំ​ខាល​ ចត្វាស័ក​. ព.ស​២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​០៥​ ខែ​ឧសភា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ៦:២៥នាទី​ល្ងាច​ ក្នុង​ជន្មាយុ​ ៧២​ឆ្នាំ​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ព័ត៌មាន​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ព័ត៌មាន​ថ្មី​ចុង​ក្រោយ​ និង​ការ​បំភ្លឺ​បក​ស្រាយ​របស់​ក្រុម​គ្រួសារ​ដោយ​ផ្ទាល់​។​

ដំណឹង​មរណភាព​របស់​ក្រុម​គ្រួសារ​មេ​ដឹក​នាំ​ប្រទេស​ គួរ​តែ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ដោយ​ស្ថាប័ន​រដ្ឋាភិបាល​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​ និង​ឯក​ជន​ និង​តាម​មធ្យោបាយ​នៃ​ការ​ផ្សព្វ​ផ្សាយ​សំខាន់​ៗ​ដទៃ​ទៀត​។​

តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ស្រី​ ហ៊ុន​ ស៊ីណាត​ បង្ហោះ​កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​ឧសភា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​ បាន​បង្ហាញ​ទិដ្ឋ​ភាព​នៃ​ការ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្រុស​របស់​លោក​ស្រី​ គឺ​លោក​ ហ៊ុន​​ សាន​ ដែល​បាន​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ ក្នុង​រាជ​ធានី​បាង​កក​ ប្រទេស​ថៃ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ថា​ «ថ្ងៃ​នេះ​បង​ប្រុស​កាន់​តែ​ស្រស់​ស្រាយ​ហើយ​ 🙏 សូម​ជូន​ពរ​ដល់​បង​ប្រុស​ឆាប់​ជា​សៈស្បើយ​​»។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ថត​បង្ហាញ​ទិដ្ឋភាព​របស់​លោក​ស្រី​ ហ៊ុន​ ស៊ីណាត​ បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​លោក​ ហ៊ុន​ សាន​ នៅ​ឯ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​។​

Facebook Post | Archived Link

ដូច​គ្នា​នេះ​ លោក​ស្រី​ ហ៊ុន​ ស៊ីណាត​ ក៏​បាន​បង្ហាញ​វត្តមាន​ចូលរួម​ជា​សាធារណៈ​ក្នុង​ពិធី​សម្ភោធ​ក្រុមហ៊ុន​ ម៉ាដាម​ស្អាត​ និង​កាត់​ខ្សែបូរ​ដើម្បី​ដំណើរ​ជា​ផ្លូវ​ការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​ឧសភា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មីៗ​នេះ​ផង​ដែរ​។​

Facebook Post | Archived Link

ក្រុម​ការ​ងារ​របស់​ Fact Crescendo Cambodia ក៏​បាន​ស្វែង​រក​​ការ​បំភ្លឺ​បន្ថែម​ជាមួយ​នឹង​លោក​ស្រី​ ហ៊ុន​ ស៊ីណាត​ ផ្ទាល់​។​ លោក​ស្រី​បាន​ច្រាន​ចោល​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម ដោយ​បាន​និយាយ​ថា ស្ថានភាព​សុខភាព​របស់​លោក​ ហ៊ុន​ សាន​ បាន​ធូរ​ស្រាល​ច្រើន​ និង​បាន​ត្រឡប់​មក​កាន់​គេហ​ដ្ឋាន​វិញ​ហើយ​កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​ឧសភា​ ឆ្នាំ​២០២២​នេះ​។​ លោក​ស្រី​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ សុខភាព​របស់​លោក​ស្រី​ គឺ​ល្អ​ ពុំ​មាន​បញ្ហា​អ្វី​នោះ​ឡើយ​។​

ដោយ​ឡែក​លោក​ ហ៊ុន​ ណេង​ ដែល​ជា​មន្ត្រី​ជើង​ចាស់​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បងប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​០៥​ ខែ​ឧសភា ឆ្នាំ​២០២២​កន្លង​ទៅ​ ក្នុង​ជន្មាយុ​ ៧៣​ឆ្នាំ​។ លោក​ជា​កូន​ទី​២​ ក្នុង​ចំណោម​បង​ប្អូន​ ៦​នាក់​ ដោយ​មាន​លោក​ ហ៊ុន​ សាន​ ជា​បង​ប្រុស​ច្បង​, លោក​ ហ៊ុន​ សែន​, លោក​ស្រី​ ហ៊ុន សេងនី​, លោកស្រី ហ៊ុន ស៊ីណាត និងលោកស្រី ហ៊ុន ប៊ុនធឿន។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​រូប​ថត​ និង​ការ​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ បង​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​​លោក​ ហ៊ុន​ សាន​ គឺ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ​ទេ​ ដោយ​ស្ថាន​ភាព​ជំងឺ​របស់​លោក​ក៏​បាន​ធូរ​ស្រាល​ច្រើន​ និង​បាន​ត្រឡប់​មក​ពី​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ នា​ទីក្រុង​បាង​កក​ ទៅ​កាន់​គេហ​ដ្ឋាន​វិញ​ហើយ​។​ ចំណែក​លោក​ស្រី​ ហ៊ុន​ ស៊ីណាត​ មាន​សុខភាព​ល្អ​ធម្មតា​ ហើយ​មិន​បាន​ទទួល​មរណភាព​ ដូច​ដែល​បាន​អះ​អាង​នោះ​ឡើយ​។​

Avatar

Title:បង​ប្រុស និង​ប្អូន​ស្រី​លោក ហ៊ុន សែន នៅ​រស់​រាន​មាន​ជីវិត​ដូចធម្មតា​ខុស​ពី​ការ​អះ​អាង

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *