
រហូតមកទល់ពេលនេះ មានមនុស្សជាច្រើននាក់ ដែលបានរស់នៅលើផែនដីលើសពី១០០ឆ្នាំ ដោយក្នុងចំណោមនោះ វីដេអូឃ្លីបមួយ បង្ហាញអំពីទិដ្ឋភាពព្រះសង្ឃចំណាស់មួយព្រះអង្គ រួមជាមួយនឹងក្មេងស្រីតូចម្នាក់ ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកមួយ និងបានអះអាងដោយភ្ចាប់ជាមួយនឹងសំណេរថា ព្រះសង្ឃអង្គនេះ មានព្រះជន្ម ៣៩៩ព្រះវស្សាហើយ។ ការបង្ហោះមួយនេះ ធ្វើឲ្យមានការចែកចាយ និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់យ៉ាងផុសផុល។
ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា វីដេអូឃ្លីប និងការអះអាងដោយទំព័រហ្វេសប៊ុកបានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ ទំព័រហ្វេសប៊ុកមួយ មានឈ្មោះថា ហ៊ុល រស្មី សម្រស់ធម្មជាតិ បានបង្ហោះនូវវីដេអូឃ្លីបមួយ បង្ហាញអំពីទិដ្ឋភាពព្រះសង្ឃចំណាស់មួយព្រះអង្គ សូត្រប្រោះព្រំទៅ កាន់ក្មេងស្រីតូចម្នាក់។ ទំព័រហ្វេសប៊ុកដដែលនេះ បានអះអាងបន្តថា ព្រះសង្ឃមួយអង្គនេះ គឺមានព្រះជន្មប្រមាណ៣៩៩ព្រះវស្សាហើយ។ ការអះអាងមួយនេះ ត្រូវបានចែកចាយ និងប្រតិកម្មចម្រុះតៗគ្នាជាច្រើនពាន់ដង ពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់ថា «លោកតាមានព្រះជន្មាយុ399ឆ្នាំ ខំមិន និងស៊ែរមួយសូមឱ្យបងប្អូនជួបតែសេចក្តី»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើរូបថតនេះតាមរយៈ ការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងប្រទះនូវប្រភពមួយចំនួន។
តាមរយៈគេហទំព័រសារព័ត៌មាន Daily Motion ចុះផ្សាយកាលពី២០ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ បានបង្ហាញនូវវីដេអូឃ្លីបមួយ ដោយមានភិនភាគដូចគ្នាទាំងស្រុងទៅនឹងវីដេអូដែលគេបានអះអាងខាងលើ។
គេហទំព័រដដែលនេះ បានបញ្ជាក់ជាភាសាថៃថា «หลวงตา อายุ 109 ปี กำลังให้พรเหลนน้อย พร้อมเขียนแคปชั่นระบุ “เมื่อเหลนน้อยมาเรียกหา หลวงตาสัมผัสได้ถึงความรักและห่วงใย เรียกมาเคาะหัวให้พรเหลนเลย สาธุๆ” หลังคลิปถูกโพสต์และแชร์ในโลกออนไลน์ ชาวเน็ตเข้ามากราบสาธุกันเป็นจำนวนมาก และยอดวิวคนดูก็พุ่งสูงถึง 45 ล้าน ภายในหนึ่งวัน»។
ឃ្លានេះអាចប្រែសម្រួលជាភាសាខ្មែរតាមរយៈកម្មវិធី Google Translate មានន័យថា «លោកតា អាយុ១០៩ឆ្នាំ កំពុងឲ្យពរប្រោះព្រំទៅកាន់ចៅរបស់លោក ដោយមានការគោរព និងការលើកសរសើរជាច្រើន ពីសំណាក់អ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិត ដោយមានអ្នកចូលរួមមើលវីដេអូឃ្លីបរហូតទៅដល់៤៥លានដង ត្រឹមតែរយៈពេលមួយថ្ងៃ»។
Daily Motion News Report | Archived Link
ករណីអះអាងមួយនេះ ក៏ត្រូវបានផ្ទៀងផ្ទាត់ការពិតផងដែរ ដោយគេហទំព័រសារព័ត៌មាន Snopes កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។ គេហទំព័រដដែលមួយនេះ ពុំបានបញ្ជាក់ថា ព្រះសង្ឃមួយនេះ មានព្រះជន្ម៣៩៩ព្រះវស្សា ដូចអ្វីដែលទំព័រហ្វេសប៊ុកខាងលើបានអះអាងនោះឡើយ។
គេហទំព័រខាងលើ ក៏បានបញ្ជាក់ជាភាសាអង់គ្លេសផងដែរថា «The video shows a 109-year-old man whose name appears to be Luang Pho Yai» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «វីដេអូឃ្លីបបង្ហាញអំពី ទិដ្ឋភាពព្រះសង្ឃដែលមានព្រះជន្ម១០៩ព្រះវស្សា ត្រូវបានគេស្គាល់ព្រះនាមថា លោកតា ផូ យ៉ៃ»។
Snopes News Report | Archived Link
វីដេអូឃ្លីបរបស់លោកតា ផូ យ៉ៃ ត្រូវបានរកឃើញជាច្រើន នៅលើគេហទំព័រកម្សាន្ត TikTok ផងដែរ ដោយត្រូវបានបង្ហោះឡើងដោយគណនីអ្នកប្រើប្រាស់ដែលមានឈ្មោះថា auyary13។ ខាងក្រោមនេះ គឺជារូបភាពផ្តាមដែលបង្ហាញនូវទិដ្ឋភាពវីដេអូឃ្លីបខ្លីៗរបស់លោកតា ផូ យ៉ៃ។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា វីដេអូឃ្លីប និងការអះអាងដោយទំព័រហ្វេសប៊ុកខាងលើនោះ គឺមិនត្រឹមត្រូវទេ។ ការពិតវីដេអូឃ្លីបបង្ហាញអំពីទិដ្ឋភាពលោកសង្ឃចំណាស់ប្រោះព្រំ ទៅកាន់ចៅស្រីនោះ ពុំមានព្រះជន្ម៣៩៩ព្រះវស្សា ដូចទំព័រហ្វេសប៊ុកបានអះអាងនោះឡើយ។ ព្រះសង្ឃជនជាតិថៃមួយអង្គនេះ ត្រូវបានគេស្គាល់ព្រះនាមថាជា លោកតា ផូ យ៉ៃ (Pho Yai) ដោយបច្ចុប្បន្ននេះ ព្រះអង្គមានព្រះជន្ម១០៩ព្រះវស្សាហើយ។

Title:តើព្រះសង្ឃមួយអង្គនេះពិតជាមានព្រះជន្ម ៣៩៩ព្រះវស្សាមែនដែរឬទេ?
Fact Check By: Kakada SimResult: False
