តើ​ស្ត្រី​ស្ថិត​ក្នុង​ឯក​សណ្ឋាន​យោធា​នេះជា​ភរិយា​អនុ​ប្រធានាធិបតី​អ៊ុយក្រែន​មែន​ទេ?

False International

បន្ទាប់​ពី​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​ចូល​ប្រទេសអ៊ុយក្រែន​មក វីដេអូ និង​រូបថត​ជាច្រើន ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម និងត្រូវ​បាន​អះ​អាង​ផ្សេងៗ​គ្នា។ ក្នុង​ចំណោម​នោះ មាន​រូបថត​ជាច្រើន​សន្លឹក​ដែល​បង្ហាញ​ស្ត្រី​វ័យ​កណ្ដាល​ម្នាក់​ស្ថិត​ក្នុង​ឯក​សណ្ឋាន​យោធា ត្រូវ​បាន​អះ​អាង​ថា​ជា​ភរិយា​របស់​អនុ​ប្រធានាធិបតី​អ៊ុយក្រែន ដែល​បាន​ស្ម័គ្រ​ចិត្ត​ចូលរួម​ប្រយុទ្ធ​នៅ​ជួរ​មុខ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​រុស្ស៊ី ហើយ​បាន​ពលី​ជីវិត។ រូបថត​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​រយៈ​ពេល​បី​សប្ដាហ៍​មក​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​មក​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​មួយ បាន​បង្ហោះ​រូបថត ៧​សន្លឹក​ដែល​បង្ហាញ​ក្រុម​ស្ត្រី​ស្ថិត​ក្នុង​ឯក​សណ្ឋាន​កង​ទ័ព​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា ភរិយា​អនុ​ប្រធានាធិបតី​អ៊ុយក្រែន និង​យុវតី​ជាច្រើន​នាក់​ទៀត បាន​ស្ម័គ្រ​ចិត្ត​ចូលរួម​ជាមួយ​កង​ទ័ព​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​ជាតិ​របស់​ពួកគេ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការអះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​កន្លង​មក​នេះ ដែល​រៀបរាប់​ថា «ភរិយា​របស់​អនុ​ប្រធានាធិបតី​អ៊ុយក្រែន និង​យុវតី​ជាច្រើន​នាក់​ស្ម័គ្រ​ចិត្ត​បូជា​ជីវិត​ការពារ​ជាតិ​មាតុ​ភូមិ​របស់​ខ្លួន។ សូម​ឱ្យ​ប្រទេស​របស់​អ្នក​មាន​សន្តិភាព​ឆាប់ៗ​ដើមបី​កុំ​ឱ្យ​បាត់​បង់​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​បន្ត​ទៀត»។

FACEBOOK POST | ARCHIVED LINK

រូបថត និង​ការ​អះ​អាង​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​ដោយ​ទំព័រ​បណ្ដាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ​កាល​ពី​សប្ដាហ៍​មុន ហើយ​ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​មួយ​របស់​ទំព័រ​ហ្វេសប៊ុក​មួយ ដែល​បាន​បង្ហោះ​រូបថត និង​ការ​អះ​អាង​នេះ កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មីនា​កន្លង​មក​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបថត​របស់​ស្ត្រី​ស្ថិត​ក្នុង​វ័យ​កណ្ដាល​ម្នាក់ ដែល​ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​ភរិយា​របស់​អនុ​ប្រធានាធិបតី​អ៊ុយក្រែន ហើយ​ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

FACEBOOK POST | ARCHIVED LINK

FACEBOOK POST | ARCHIVED LINK

FACEBOOK POST | ARCHIVED LINK

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​ការ​ដំណើរការ​ស្វែង​រក​រូបថត​ Google Reverse Image Search ដែល​នាំ​ឱ្យ​​​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​ស្ត្រី​ដែល​ត្រូវ​បាន​អះ​អាង​ថា​ជា​ភរិយា​របស់​អនុ​ប្រធានាធិបតី​អ៊ុយក្រែន​នោះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​ព្រោង​ព្រាត​ដោយ​សារព័ត៌មាន​នានា​ បន្ទាប់​ពី​ស្ត្រី​រូប​នេះ បាន​ពលី​ជីវិត​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​ត​ទល់​នឹង​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​រុស្ស៊ី។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Tribune de Genève កាល​ថ្ងៃ​ទី​០៧ ខែ​មីនា បាន​ឱ្យ​ដឹង​ថា ស្ត្រី​រូប​នេះ​មាន​ឈ្មោះ​ថា Iryna Tsvila គឺ​ជា​កវី​​ និង​សាស្ត្រាចារ្យ​អក្សរ​សាស្ត្រ ដែល​បាន​ពលី​ជីវិត​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ អំឡុង​ពេល​ស្ត្រី​រូបថត​នេះ​ការពារ​ទីក្រុង​គៀវ​ប្រឆាំង​នឹង​កង​ទ័ព​រុស្ស៊ី។

Tribune de Genève | ARCHIVED LINK

ចំណែក​ឯ​សារព័ត៌មាន ELLE របស់​បារាំង​ក៏​បាន​ចុះ​ផ្សាយ​អំពី​មរណភាព​របស់​ស្ត្រី​រូប​នេះ​ផង​ដែរ ដោយ​និយាយ​ថា កវី Iryna Tsvila បាន​បាត់​បង់​ជីវិត​នៅ​ខាង​ជើង​ទីក្រុង​គៀវ ខណៈ​ដែល​កងអង្គភាព​យោធា​របស់​នាង ព្យាយាម​វាយ​បក​ទៅ​លើ​ការ​វាយ​ប្រហារ​ពី​កង​រថក្រោះ​រុស្ស៊ី។ សារព័ត៌មាន​បន្ថែម​ថា ស្វាមី​របស់​នាង ក៏​បាន​ពលីជីវិត​ជាមួយ​គាត់​ផង​ដែរ ដែល​បណ្ដាល​ឱ្យ​កូន​ទាំង ៥​នាក់​របស់​ពួកគេ​ ក្លាយ​ជា​ក្មេង​កំព្រា​ឪពុក​ម្ដាយ។

តើ​អ្នកស្រី Iryna Tsvila ជា​នរណា?

សារព័ត៌មាន Daily Mail របស់​អង់គ្លេស បាន​ឱ្យ​ដឹង​ថា អ្នកស្រី Iryna Tsvila អាយុ ៥២​ឆ្នាំ មាន​អាជីព​ជា​គ្រូ​បង្រៀន​អក្សរសាស្ត្រ​ ជា​សកម្មជន​សាធារណៈ និង​ជា​អ្នក​ថត​រូប​ផង​ដែរ​នៅ​មុន​ឆ្នាំ​២០១៤។

នៅ​ពេល​សង្គ្រាម​​នៅ​តំបន់ Donbas បាន​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​២០១៤​ រវាង​ទាហាន​រដ្ឋាភិបាល​អ៊ុយក្រែន និង​ក្រុម​ផ្ដាច់​ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី​ អ្នកស្រី Iryna Tsvila បាន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​កង​ទ័ព រហូត​ពលីជីវិត​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​កន្លង​នេះ នៅ​ក្នុង​សមរភូមិ​ប្រឆាំង​នឹង​កង​ទ័ព​រុស្ស៊ី​នៅ​ទីក្រុង​គៀវ។

តើ​អ៊ុយក្រែន​មាន​អនុ​ប្រធានាធិបតី​ឬទេ?

បើ​យោង​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​អ៊ុយក្រែន ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​មួយ​នេះ គ្មាន​តំណែង​អនុ​ប្រធានាធិបតី​នោះ​ឡើយ។ ផ្ទុយទៅ​វិញ អំណាច​ប្រតិបត្តិ​របស់​ប្រទេស​មួយ​នេះ ត្រូវ​បាន​បែង​ចែក​រវាង​​ដោយ​ប្រធានាធិបតី និង​នាយករដ្ឋ​មន្ត្រី។

Fact Crescendo Cambodia ក៏​បាន​​រៀបរាប់​រួច​ហើយ​នៅ​ក្នុង​អត្ថបទ​មួយ​របស់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន ដែល​បញ្ជាក់​ថា ប្រទេស​អ៊ុយក្រែន​មាន​តែ​ប្រធានាធិបតី​ ប៉ុន្តែ មិន​មាន​តំណែង​អនុ​ប្រធានាធិបតី​នោះ​ឡើយ។

សូម​អាន​បន្ថែម​អត្ថបទ៖ រូបថត​ចាស់​ត្រូវ​បាន​អះ​អាង​ថា​ជា​ភរិយា​មេដឹកនាំ​អ៊ុយក្រែន​ចូល​រួម​ប្រយុទ្ធ​ក្នុង​សមរភូមិ​ប្រឆាំង​រុស្ស៊ី

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ថា ស្ត្រី​វ័យ​កណ្ដាល​ម្នាក់​ដែល​​ស្ថិត​ក្នុង​ឯក​សណ្ឋាន​យោធា ជា​ភរិយា​អនុ​ប្រធានាធិបតី​អ៊ុយក្រែន​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ស្ត្រី​នៅ​ក្នុង​រូបថត​នេះ គឺ​ជា​កវី និង​ជា​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​អ៊ុយក្រែន​ឈ្មោះ Iryna Tsvila អាយុ ៥២​ឆ្នាំ ដែល​បាន​ពលី​ជីវិត​នៅ​ក្នុង​សមរភូមិ​ខាង​ជើង​ទីក្រុង​គៀវ ប្រឆាំង​ការ​ឈ្លាន​ពាន​ពី​កង​ទ័ព​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​កន្លង​មក​នេះ។

Avatar

Title:តើ​ស្ត្រី​ស្ថិត​ក្នុង​ឯក​សណ្ឋាន​យោធា​នេះជា​ភរិយា​អនុ​ប្រធានាធិបតី​អ៊ុយក្រែន​មែន​ទេ?

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *