
ខណៈដែលវីរុសកូវីដ-១៩បន្តរាតត្បាតកម្ពុជានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មិនបានបង្ហាញវត្តមានជាសាធារណៈដូចមុននោះឡើយនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ បញ្ហានេះ នាំឱ្យមានការអះអាងលើបណ្ដាញសង្គមថា លោក ហ៊ុន សែន មានបញ្ហាសុខភាព ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ដើម្បីវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ការអះអាងបែបនេះ ត្រូវបានចែករំលែកជាច្រើនដងនៅលើបណ្ដាញសង្គម ព្រមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា Fact Crescendo Cambodia រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកនេះ ទំព័រហ្វេសប៊ុក News Assembly បានអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយត្រៀមចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ទំព័រហ្វេសប៊ុកដដែលនេះ ក៏បានបង្ហោះមកជាមួយនូវរូបថតមួយសន្លឹករបស់លោក ហ៊ុន សែន ស្ថិតក្នុងសម្លៀកបំពាក់សម្រាកព្យាបាលខ្លួននៅមន្ទីរពេទ្យផងដែរ។
ការអះអាងនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដងនៅលើបណ្ដាញសង្គមពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក ហើយក៏មានការបញ្ចេញមតិចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុក News Assembly ដែលអះអាងថា «ថ្ងៃអាទិត្យទី០៥ ខែកញ្ញា ឆ្នាំ២០២១ ត្រៀមៗៗ…ថ្ងៃនេះទទួលបានព័ត៌មានមកថា លោក ហ ស កំពុងតែឈឺធ្ងន់ ត្រៀមចូលបន្ទប់សង្គ្រោះបន្ទាន់ ដើម្បីធ្វើការវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ខណៈគ្រូពេទ្យជំនាញសិង្ហបុរីឈប់ទទួលព្យាបាល»។
ការអះអាងដូចគ្នាទាំងស្រុង ក៏ត្រូវបានទំព័រហ្វេសប៊ុកមួយទៀតឈ្មោះ News Fast បង្ហោះផងដែរ ត្រឹមតែ ១នាទីប៉ុណ្ណោះ បន្ទាប់ពីទំព័រហ្វេសប៊ុក News Assembly បានបង្ហោះរួចមក។ គេអាចរកអានខ្លឹមសារទាំងស្រុងនៃសារនោះបានតាមរយៈតំណភ្ជាប់នៅទីនេះ ឬតំណភ្ជាប់ដែលត្រូវបានរក្សាទុកបន្តនៅទីនេះ។
ខ្លឹមសារទាំងស្រុងនៃការអះអាងបែបនេះ ត្រូវបានទំព័រហ្វេសប៊ុកមួយទៀតឈ្មោះ SNP News បង្ហោះលើបណ្ដាញសង្គមរបស់ខ្លួនផងដែរនៅរសៀលថ្ងៃអាទិត្យដដែលនោះ ហើយត្រូវបានចែករំលែកបន្តគ្នាជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក។
ខ្លឹមសារទាំងស្រុងនៃការអះអាងនោះ អាចរកអានបាននៅក្នុងតំណភ្ជាប់មាននៅទីនេះ ឬតំណភ្ជាប់ដែលត្រូវបានរក្សាបន្តមាននៅទីនេះ។
ការអះអាងបែបនេះ ក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ សុខឿន ប៉ាង បង្ហោះលើគណនីរបស់ខ្លួនផងដែរនៅរសៀលថ្ងៃដដែលនោះ ហើយត្រូវបានចែករំលែកជាច្រើនដងថែមទៀតពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀត។
ខ្លឹមសារដើមនៃការអះអាងនោះ អាចរកអានបាននៅក្នុងតំណភ្ជាប់មាននៅទីនេះ ឬតំណភ្ជាប់ដែលត្រូវបានរក្សាទុកបន្តមាននៅទីនេះផងដែរ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការដំណើរកម្មវិធីស្វែងរករូបថតរបស់ Google ការសម្ភាសជាមួយមន្ត្រីរដ្ឋាភិបាល និងការបង្ហាញវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយផ្ទាល់។
តាមរយៈកម្មវិធី Google Reverser Image យើងបានរូបថតមួយសន្លឹកនេះ ចុះផ្សាយជាមួយរូបថតដទៃទៀតនៅក្នុងវេបសាយមួយឈ្មោះថា Khmer Breaking កាលពីពាក់កណ្ដាលខែមីនា ឆ្នាំ២០១៨កន្លងមក។
Khmer Breaking | Archived Link
រូបថតមួយសន្លឹកនេះ ត្រូវបានកាត់មួយផ្នែកចេញ ដែលបង្ហាញឱ្យឃើញតែរូបលោក ហ៊ុន សែន ត្រឹមតែមួយផ្នែក និងស្ថិតនៅក្នុងសម្លៀកបំពាក់សម្រាកនៅក្នុងមន្ទីរពេទ្យ។ ខាងក្រោមនេះ គឺជាការប្រៀបធៀបគ្នារវាងរូបថតដើម និងរូបថតដែលត្រូវបានកាត់ចេញមួយផ្នែក។
ទោះជាយ៉ាងណា គេហទំព័រខាងលើនេះ មិនបានផ្ដល់ព័ត៌មានជាក់លាក់នៃរូបថតទាំងនេះនោះទេ ខណៈដែលសំណេររបស់ខ្លួននិយាយរៀបរាប់ទាក់ទងនឹងសុខភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដោយ។
ថ្វីបើមិនបានផ្ដល់ព័ត៌មានលម្អិតក្ដី ប៉ុន្តែ យើងបានរកឃើញរូបថតទាំងនេះ ត្រូវបានចុះផ្សាយដោយសារព័ត៌មានគួរឱ្យទុកចិត្តមួយចំនួន ដែលបង្ហាញផ្ដល់ព័ត៌មានជាក់លាក់។
សារព័ត៌មានថ្មីៗ បានចុះផ្សាយរូបថតចំនួនបីសន្លឹកនៅក្នុងអត្ថបទមួយរបស់ខ្លួនកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ដោយរៀបរាប់ថា រូបថតទាំងបីសន្លឹកនេះ ស្ថិតនៅក្នុងចំណោមរូបថតសរុប ១១សន្លឹក ដែលផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃនោះ។
បើតាមសារព័ត៌មានថ្មីៗ រូបថតទាំងនេះ បង្ហាញលោក ហ៊ុន សែន បានទៅត្រួតពិនិត្យសុខភាពរបស់លោកកាលពី ៥ឆ្នាំមុន នៅមន្ទីរពេទ្យមួយស្ថិតក្នុងប្រទេសសិង្ហបុរី ដែលការត្រួតពិនិត្យសុខភាពនេះ ត្រូវបានធ្វើឡើងតាមការណាត់ជួបជាទៀងទាត់។
ការត្រួតពិនិត្យសុខភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯមន្ទីរពេទ្យសិង្ហបុរីនាពេលនោះ ក៏ត្រូវបានសារព័ត៌មាននគរធំចុះផ្សាយផងដែរនៅក្នុងអត្ថបទមួយមានចំណងជើងថា «សម្ដេច ហ៊ុន សែន ចូលពេទ្យសិង្ហបុរី» កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។
បច្ចុប្បន្នភាពសុខភាពលោក ហ៊ុន សែន
អ្នកប្រើប្រាស់បណ្ដាញសង្គមដូចដែលបានរៀបរាប់ខាងលើរួចមកហើយនោះ បានអះអាងថា លោក ហ៊ុន សែន «កំពុងឈឺធ្ងន់» និងត្រៀមសង្គ្រោះបន្ទាន់ និងវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ប៉ុន្តែ ៤ថ្ងៃក្រោយមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញវត្តមានរបស់លោកនៅក្នុងកិច្ចប្រជុំជាមួយមេដឹកនាំនៃបណ្ដាប្រទេសស្ថិតក្នុងមហាអនុតំបន់ទន្លេមេគង្គ (7th GSM Summit)លើកទី៧ ដែលវេទិកានេះត្រូវបានធ្វើឡើងពីចម្ងាយតាមប្រព័ន្ធអនឡាញនៅក្នុងបរិបទវិបត្តិសុខភាពសកល។
ក្នុងនាមជាប្រធានវេទិកាមហាអនុតំបន់មួយនេះ លោក ហ៊ុន សែន បានថ្លែងសារទៅកាន់មេដឹកនាំនៃបណ្ដាប្រទេសចំនួន ៥ផ្សេងទៀត ដែលពិធីនេះត្រូវបានចាក់ផ្សាយផ្ទាល់ដោយទូរទស្សន៍ជាតិ និងផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកផងដែរនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។
Samdech Hun Sen, Cambodian Prime Minister| Archived Link
ពាក្យចរចាមអារ៉ាម ឬការអះអាងផ្សេងៗទាក់ទងនឹងសុខភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបង្កើតឡើងជារឿយៗរួចមកហើយនៅលើបណ្ដាញសង្គម ហើយ Fact Crescendo Cambodia ក៏បានផ្ទៀងផ្ទាត់ជាបន្តបន្ទាប់រួចមកហើយផងដែរ។
កាលពីចុងខែមិថុនាកន្លងមកនេះ Fact Crescendo Cambodia បានផ្ទៀងផ្ទាត់លើការអះអាងមួយដែលនិយាយថា លោក ហ៊ុន សែន បានទទួលមរណភាព ប៉ុន្តែ យើងរកឃើញថា ការអះអាងនេះមិនពិតទេ។ សូមអានអត្ថបទផ្ទៀងផ្ទាត់របស់យើងនៅទីនេះ។
នៅដើមខែមិថុនានោះដែរ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ក៏បានអះអាងអំពីមរណភាពរបស់លោក ហ៊ុន សែន និងភរិយារបស់លោកផងដែរ ហើយ Fact Crescendo Cambodia ក៏បានរកឃើញថា ការអះអាងនេះមិនពិតផងដែរ។ សូមអានអត្ថបទផ្ទៀងផ្ទាត់របស់យើងនៅទីនេះ។
កាលពីខែមីនាដើមឆ្នាំនេះ Fact Crescendo Cambodia ក៏បានផ្ទៀងផ្ទាត់ទៅលើការអះអាងមួយទៀតដែលនិយាយថា លោក ហ៊ុន សែន បានឆ្លងមេរោគកូវីដ-១៩ ហើយយើងរកឃើញថា ការអះអាងនេះ មិនពិតនោះឡើយ។ សូមអានអត្ថបទផ្ទៀងផ្ទាត់របស់យើងនៅទីនេះ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីវះកាត់សង្គ្រោះបន្ទាន់នៅឡើយ។ លោក ហ៊ុន សែន បានបង្ហាញវត្តមាននៅក្នុងវេទិកាមេដឹកនាំបណ្ដាប្រទេសនៃមហាអនុតំបន់មេគង្គនៅថ្ងៃទី០៩ ខែកញ្ញា ដែលបង្ហាញលោកមានសុខភាពធម្មតា។

Title:តើលោក ហ៊ុន សែន ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដូចការអះអាងឬទេ?
Fact Check By: Jay UdomResult: False
